លោក​ហ៊ុន សែន ស្នើ​ចិន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ​បច្ចេកវិទ្យា​

19-06-2019 3:38 pm 231

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្នើ​ដល់​ភាគី​ចិន ជួយ​ដល់​កម្ពុជា លើ​ការបណ្តុះបណ្តាល ធនធានមនុស្ស ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​។ ការស្នើ​នេះ ធ្វើឡើង​នៅក្នុង​កិច្ច​ជំនួប​ជាមួយ លោក វ៉ាន កាង អនុប្រធាន​សភា​ប្រឹក្សា​ប្រជាជន​ចិន និង​ជា​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន នៅ​វិមាន​សន្តិភាព នា​ថ្ងៃ​ទី​១៩ ខែ​មិថុនា​នេះ​។

​លោក អ៊ាង សុផល្លែត ជំនួយការ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្នុងជំនួប​នោះ​លោក វ៉ាន់ កាង មានប្រសាសន៍ថា នេះ​ជា​លើក​ទី​១​ហើយ ដែល​លោក​បាន​មក​កាន់​កម្ពុជា ហើយ​បាន​ឃើញ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា​។ ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក មក​កាន់​កម្ពុជា​នៅពេលនេះ គឺមាន​ទិសដៅ​ពីរ​, ទី​១ គឺ​ដើម្បី​សំដែង​ការគោរព ជូន​ចំពោះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទី​២៖ គឺ​ដើម្បី​ពង្រឹង​នូវ កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ ជាពិសេស​លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។ ក្នុងឱកាស​នោះ លោក វ៉ាន កាង បាន​គោរព​ស្នើសុំ​ទស្សន​របស់​លោក​ហ៊ុន សែន លើ​កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ​។​

​ជា​ការឆ្លើយតប លោក ហ៊ុន សែន បាន​មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការ លើ​វិស័យ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា គឺ​ចាំបាច់​ត្រូវការ​ធនធាន​មនុស្ស​កា​រ​ស្រាវជ្រាវ និង​ជំរុញ​ការអភិវឌ្ឍ​, ក្នុង​យុគសម័យ​ឌីជីថល ឬក៏​ក្នុង​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​នេះ គឺ​ចាំបាច់​ណាស់​ត្រូវ​មានការ​សិក្សា ការស្រាវជ្រាវ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត​មាន​វិទ្យា និង​វិទ្យាសាស្ត្រ​ដទៃទៀត​។​

​ក្នុងឱកាស​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​ស្នើសុំ​ឲ្យ​ភាគី​ចិន ជួយ​សហការ​ជាមួយ​កម្ពុជា លើ​បណ្ដុះបណ្ដាល​ធនធានមនុស្ស វិស័យ​ស្រាវជ្រាវ ក៏ដូចជា​វិស័យ​ដទៃទៀត ពាក់ព័ន្ធ​ទៅនឹង​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​នេះ​។ លោក​ហ៊ុន សែន ក៏​បាន​ស្នើសុំ​ឲ្យ​លោក វ៉ាន់ កាង ធ្វើ​ការសហការ​ជាមួយនឹង​រាជបណ្ឌិត្យសភា​កម្ពុជា​, ក្រសួង​អប់រំ ក៏ដូចជា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ផង​ដែរ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនចិន

ព័ត៌មានផ្សេងទៀត