​កម្ពុជា​ស្នើ​សុំ​ឲ្យ​ភាគី​អាល្លឺម៉ង់​​បន្ត​ជួយ​ដល់​កម្ពុជា​​លើ​វិស័យ​ដោះមីន​​

19-06-2019 2:59 pm 987
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើសុំ​ឲ្យ​ភាគី​អាល្លឺម៉ង់ បន្ត​ជួយ​ដល់​កម្ពុជា​ទៀត ជាពិសេស​លើ​វិស័យ​ដោះមីន និង​មជ្ឈមណ្ឌល​មីន​អាស៊ាន​នៅ​កម្ពុជា ខណៈ​រដ្ឋាភិបាល​កម្ពុជា ប្ដេជ្ញា​បោសសម្អាត​មីនឲ្យ​អស់ពី​ប្រទេស​នៅត្រឹម​ឆ្នាំ​២០២៥ ដែល​ត្រូវការ​ថវិកា​ត្រូវការ​ថវិកា​ប្រមាណ ៤០៦​លាន​ដុល្លារ​អាមេរិក​។

​លោក អុីង​ហ្គោ ខា​ស្ទិន (Ingo Karsten) ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ ក្នុងឱកាស​ជួប​សំដែង​ការគួរសម និង​ជម្រាបលា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​បាន​លើកឡើងថា បេសកកម្ម​របស់លោក​នៅ​កម្ពុជា ចំពេល​ដែល​គួរ​ជាទី​ចាប់អារម្មណ៍​បំផុត ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ដែល​សេដ្ឋកិច្ច​សង្គមកិច្ច និង​នយោបាយ​របស់​កម្ពុជា​មាន​កម្លាំង មាន​សន្ទុះ និង​ការអភិវឌ្ឍន៍​យ៉ាងខ្លាំង ហើយ​លោក​បាន​សំដែង​នូវ​ការរីករាយ ដែល​បានឃើញ​ធ្វើជា​សាក្សី នៃ​ការអភិវឌ្ឍ​នេះ​។ លោក​ក៏បាន​សំដែង​នូវ​ការរីករាយ ដែល​បាន​ចូលរួមចំណែក​ធ្វើការ​ជាមួយ​កម្ពុជា ជា​ដៃគូ​ដ៏​ល្អ ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ការអភិវឌ្ឍរ​បស់​កម្ពុជា ជាពិសេស​ជាមួយនឹង​ការរីករាយ​អបអរសាទរ ពី​អ្នកវិនិយោគ​មកពី​ប្រទេស​អាល្លឺម៉ង់ ពាក់ព័ន្ធ​នឹង​ទីផ្សារ​របស់​កម្ពុជា​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក អ៊ាង សុផល្លែត ជំនួយកា​រលោក ហ៊ុន សែន​។​

​ជា​ការឆ្លើយតប​លោក ហ៊ុន សែន បាន​មានប្រសាសន៍ថា អ្វីដែល​លោក អុីង​ហ្គោ បាន​មានប្រសាសន៍​នោះ​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ហើយក៏​ជា​សមិទ្ធផល ជា​លទ្ធផល​ដែល​កម្ពុជា​ទទួលបាន តាមរយៈ​យុទ្ធសាស្ត្រ​របស់​កម្ពុជា គឺមាន​ពីរ​។ ការកែប្រែ​តំបន់​សង្គ្រាម ឲ្យទៅជា​តំបន់​អភិវឌ្ឍន៍​ទីផ្សា​រ កែប្រែ​ព្រំដែន ឲ្យទៅជា​ព្រំដែន​មាន​សុខសន្តិភា​ព មិត្តភាព អភិវឌ្ឍន៍​និង​កិច្ចសហប្រតិបត្តិការ ហើយ​ការកែប្រែ​ព្រំដែន​ឲ្យក្លាយ​ទៅជា​តំបន់​ទីផ្សារ​ពាណិជ្ជកម្ម​។ លោក ហ៊ុន សែន បាន​សំដែង​នូវ​អំណរគុណ​ជូន​ចំពោះ​លោក អុីង​ហ្គោ និង​រដ្ឋាភិបាល​ក៏ដូចជា​ប្រជាជន​អាល្លឺម៉ង់ ដែល​បាន​ជួយ​កម្ពុជា​ទាំង​វិស័យ​ដោះមីន ទាំង​ការ​អភិវឌ្ឍន៍ជនបទ ទាំង​វិស័យ​វប្បធម៌ និង​វិស័យ​ផ្សេងៗ​ទៀត​ជាច្រើន​ទាំងនោះ គឺជា​សន្តាន​ចិត្ត គឺជា​មិត្ត គឺជា​ដៃគូ​ដ៏​ល្អ​របស់​កម្ពុជា​។ ជាមួយគ្នា​នោះ​លោក ក៏បាន​ស្នើសុំ​ឲ្យ​ភាគី​អាល្លឺម៉ង់ បន្ត​ជួយ​ដល់​កម្ពុជា​ទៀត ជាពិសេស​លើ​វិស័យ​ដោះមីន និង​មជ្ឈមណ្ឌល​មីន​អាស៊ាន​នៅ​កម្ពុជា​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្ដេជ្ញា​បោសសម្អាត​មីនឲ្យ​អស់ពី​ប្រទេស​នៅត្រឹម​ឆ្នាំ​២០២៥​ខាងមុខ ដែល​ត្រូវការ​ថវិកា​ប្រមាណ ៤០៦​លាន​ដុល្លារ​អាមេរិក​។ យោងតាម​របាយការណ៍​អាជ្ញាធរ​មីន​បង្ហាញថា កាលពី​ទសវត្សរ៍​៩០ ប្រជាជន​កម្ពុជា រងគ្រោះ​ដោយសារ​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជាង ៤​ពាន់​នាក់​ក្នុង​មួយឆ្នាំៗ​។ បច្ចុប្បន្ន​ដោយសារ​មាន​ការគាំទ្រ​ពី​អង្គការ​ជាតិ អន្តរជាតិ និង​ពី​បណ្តា​ប្រទេស​ជា​មិត្ត បញ្ហា​គ្រោះថ្នាក់ ដោយសារ​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ គឺមាន​ន​ថយចុះ​មក​ត្រឹមតែ​ប្រមាណ ៥០​នាក់​ប៉ុណ្ណោះ​។​

​លោក លី ធុជ ធ្លាប់បាន​លើកឡើងថា បញ្ហា​គ្រាប់មីន​និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ បាន​បង្ក​ឱ្យ​បាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​បន្សល់ទុក​ជនពិការ ស្ត្រី​មេ​មា​យ និង​កុមារកំព្រា​ជា​បន្តបន្ទាប់ ដោយ​លោក​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បង្កើន​ការប្រុងប្រយ័ត្ន​ពី​បញ្ហា​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នេះ ដោយ​មិនត្រូវ​ចូល ឬ​ឆ្លងកាត់​កន្លែង​ណា​ដែលមាន​ការដាក់​សញ្ញា​ក្បាល​ខ្មោច​ហាមឃាត់​បញ្ជាក់ថា​មាន​មីន និង សូមកុំ​ចូល​ឱ្យសោះ ហើយ​បញ្ហា​មួយទៀត​ក៏ត្រូវ​ចៀសវាង​ដាច់ខាត​មិនត្រូវ​យក​មីន ឬ​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ទៅ​វាយដំ កែច្នៃ​ធ្វើជា​របស់​ប្រើប្រាស់​នោះទេ ព្រោះ​វា​ងាយ​រងគ្រោះ​ដល់​អាយុជីវិត​ជាទីបំផុត​៕

 

ព័ត៌មានផ្សេងទៀត