មេ​Huawei​ថា​​អាមេរិក​​មិនអាច​​សម្លាប់​​Huawei​​បានឡើយ​

19-06-2019 11:09 am 1092
  ស្តាប់
ឡូហ្គោសម្គាល់​ក្រុមហ៊ុន​Huawei
ស្តាប់ជាសំឡេង

​ដូចដែល​បានដឹងហើយថា​បច្ចុប្បន្ន​ក្រុមហ៊ុន​Huawei កំពុង​ប្រឈម​បញ្ហា​យ៉ាង​ធំ​ក្រោយពី​អាមេរិក​ប្រកាស​ចាត់វិធានការ​ប្រឆាំង​ក្រុមហ៊ុន​នេះ​។ ប៉ុន្ដែ​យ៉ាងណាមិញ​Huawei​មិន​ចុះចាញ់​ឡើយ ហើយ​ប្រកាស​នឹង​តស៊ូ​រស់​ដល់​ទីបញ្ចប់​។ ជា​ស្ថាបនិក​និង​នាយក​ប្រតិ​ប​ត្ដិ​ក្រុមហ៊ុន​Huawei លោក​យិន ចេង​ហ្វៃ​(Ren Zhengfei) បាន​និយាយ​ទៅកាន់​មន្ដ្រី​ក្រុមហ៊ុន​របស់លោក​ក្នុង​កិច្ចប្រជុំ​ថ្មីៗ​នេះ​ថា Huawei​ដែលជា​មេដឹកនាំ​បច្ចេកវិទ្យា​5G​ក្នុង​លោក នឹង​មិនត្រូវ​រដ្ឋាភិបាល​អាមេរិក​វាយ​ឲ្យស្លាប់​ឡើយ​។ 

​ក្រៅពី​និយាយ​ពាក់ព័ន្ធ​នឹង​ទណ្ឌកម្ម​របស់​អាមេរិក លោក​យិន​បានបញ្ជាក់​ផងដែរ​ពី​សន្ទុះ​នៃ​ការលក់​ចេញ​ផលិតផល​របស់​Huawei ក្នុង​រយៈពេល​ពីរ​ឆ្នាំ​គឺ​ឆ្នាំ​២០១៩​និង​ឆ្នាំ​២០២០​។ ក្នុង​រយៈពេល​ពីរ​ឆ្នាំនេះ​ការលក់​ចេញ​អាច​បាន​ប្រហែល​១០០​ពាន់​លាន​ដុល្លារ​អាមេរិក ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨​បាន​ចំនួន​១៣០​ពាន់​លាន​ដុល្លារ​អាមេរិក ដូច្នេះ​បានន័យថា​ធ្លាក់ចុះ​ប្រមាណ​៣០​ពាន់​លាន​ដុល្លារ​អាមេរិក​។ តែ​យ៉ាងណាមិញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ខាងមុខនេះ ក៏​នឹង​ឃើញ​មាន​ការផ្លាស់ប្ដូរ​មួយចំនួន ហើយក៏​ត្រូវការ​ពេលវេលា​ដើម្បី​តាមដាន​ថា​ក្រុមហ៊ុន​នឹង​ដំណើរការ​យ៉ាងដូចម្ដេច​។​

​ស្ថិតក្រោម​ការ​រឹតបន្ដឹង​របស់​រដ្ឋាភិបាល​អាមេរិក ក្រោយ​បញ្ចូល​ក្រុមហ៊ុន​Huawei​ក្នុង​បញ្ជីខ្មៅ ក្រុមហ៊ុន​ផ្គត់ផ្គង់​បន្ទះ​ឈីប​និង​ផ្គត់ផ្គង់​កម្មវិធី​ធំៗ​មួយចំនួន​របស់​អាមេរិក បាន​ផ្អាក​ការផ្គត់ផ្គង់​ទៅឲ្យ​ក្រុមហ៊ុន Huawei ក្នុងនោះ​មានដូចជា​ក្រុមហ៊ុន​Google​ជាដើម​។ អ្នកវិភាគ​និយាយថា​ការផ្អាក​ផ្គត់ផ្គង់​ទៅឲ្យ​ក្រុមហ៊ុន​Huawei នឹង​ធ្វើឲ្យ​ក្រុមហ៊ុននេះ​រងគ្រោះ​ធ្ងន់ធ្ងរ​។ ចំណែក​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​ផ្សេងទៀត​ដូចជា​Intel និង Qualcomm កំពុង​បញ្ចុះបញ្ចូល​អ្នកបង្កើត​គោលនយោបាយ​អាមេរិក ឲ្យ​បន្ធូរបន្ថយ​ការហាមឃាត់​ការលក់​គ្រឿងបន្លាស់​និង​កម្មវិធី​ទៅឲ្យ​Huawei​។​

​ឆ្លើយតប​នឹង​សម្ពាធ​នេះ នាយក​ក្រុមហ៊ុន​Huawei​បាន​ប្ដេជ្ញា​នឹង​ព្យាយាម​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​អាច​បន្ដដំណើរ​ទៅមុខ​។ ទោះបី​ពេលនេះ​រីកចម្រើន​យឺតយ៉ាវ​បន្ដិច ប៉ុន្ដែ​ក្រោយ​ដោះស្រាយបាន​ហើយ សន្ទុះ​នៃ​ការរីកចម្រើន​នឹង​កើនឡើង​វិញ​។ ក្រុមហ៊ុន​ក៏​បានប្រកាស​ពី​ការបង្កើត​បន្ទះ​ឈី​បដោយ​ខ្លួនឯង រួមទាំង​កម្មវិធី​ផ្ទាល់ខ្លួន​មួយចំនួនទៀត ចៀសវាង​ពឹងពាក់​លើ​ក្រុមហ៊ុន​របស់​អាមេរិក​។ លោក​យិន​សង្កត់ធ្ងន់ថា​ក្រុមហ៊ុន​របស់លោក​មិន​រង់ចាំ​ឲ្យ​អាមេរិកដក​ទណ្ឌកម្ម​ទេ តែ​ជំនួស​វិញ​ក្រុមហ៊ុន​នឹង​ប្រឹងប្រែង​ធ្វើការ​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ស្នូល​ដើម្បី​អាច​ផ្គត់ផ្គង់​សម្រាប់​ប្រើប្រាស់​ខ្លួនឯង​៕

ព័ត៌មានផ្សេងទៀត