​កម្ពុជា​រំពឹងថា​​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៣៤​​នឹង​ឆ្លុះបញ្ចាំង​​ពី​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​​

19-06-2019 10:45 am 631
  ស្តាប់
ស្តាប់ជាសំឡេង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នៅ​ប្រទេស​ថៃ ចុង​សប្ដាហ៍​នេះ​។ កម្ពុជា​មាន​ការរំពឹង​ទុក​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នឹង​ឆ្លុះបញ្ចាំង​ពី​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការជំរុញ​ដំណើរការ​កសាង​សហគមន៍ និង​លើកកម្ពស់​ភាពជា​ដៃគូ​របស់​អាស៊ាន សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត​។

​ក្រសួងការបរទេស​កម្ពុជា តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹក​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ តប​ការអញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ច័ន្ទ​អូ​ឆា​។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា បាន​បញ្ជាក់ថា ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​នេះ «​គឺ​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​» នឹង​ផ្ដោត​ការយកចិត្តទុកដាក់​ដល់​ការលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ និង​ពង្រឹង​កុងស៊ុស ក្នុងចំណោម​សមាជិក​អាស៊ាន ដើម្បី​ដោះស្រាយ​ការ​ប្រឈម​សកល​ថ្មីៗ​។ កិច្ចប្រជុំ​នេះ​ក៏​នឹង​រិះរក​មធ្យោបាយ​នានា​ក្នុង​ការធ្វើឱ្យ​អាស៊ាន​ឈាន​ទៅកាន់​កម្រិត​ខ្ពស់​ថែមទៀត​ប្រកបដោយ​ចីរភាព និង​មាន​ការតភ្ជាប់​ដោយ​រលូន​។​

​ជាមួយគ្នា​នោះ​ក្រសួងការបរទេស​កម្ពុ​ជា ក៏​បានឱ្យដឹងថា ស្របពេល​ជាមួយ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤​នេះ លោក ហ៊ុន សែន នឹងចូលរួម​កិច្ចប្រជុំ និង​កម្មវិធី​មួយចំនួន​ដូចជា​៖ កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ជាមួយ​តំណាង​អន្តរ​សភា​អាស៊ាន​។ កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ជាមួយ​ក្រុមប្រឹក្សា​ផ្ដល់យោបល់​ធុរកិច្ច​អាស៊ាន និង កិច្ចប្រជុំ​កំពូល​រវាង​ប្រមុខរដ្ឋ​/​រដ្ឋាភិបាល​អាស៊ាន ជាមួយ​តំណាង​យុវជន​អាស៊ាន​ផងដែរ​។​

​យ៉ាងណាក៏ដោយ​ក្រសួងការបរទេស​កម្ពុ​ជា មាន​ការរំពឹងទុក​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៤ នឹង​ឆ្លុះបញ្ចាំង​ពី​កិច្ចប្រឹងប្រែង​របស់​អាស៊ាន​ក្នុង​ការជំរុញ​ដំណើរការ​កសាង​សហគមន៍ និង​លើកកម្ពស់​ភាពជា​ដៃគូ​របស់​អាស៊ាន សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព នៅក្នុង​ចំណោម​បញ្ហា​ផ្សេងៗ​ទៀត ដើម្បី​សម្រេច​ឱ្យបាន​នូវ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​យូរអង្វែង​ក្នុង​តំបន់ ដើម្បី​ជា​ផលប្រយោជន៍​ដល់​ប្រជាជន​អាស៊ាន​៕

ព័ត៌មានផ្សេងទៀត