លោក​ហោ ណាំហុង​ និង​លោក​សម រង្ស៊ី ​អះអាង​រៀងខ្លួន​​ពី​ការឈ្នះក្តី ​នៅ​តុលាការ​បារាំង​​

18-06-2019 4:58 pm 690

​ក្រោយពី​ការ​ចំអក​ដល់​លោក​ហ៊ុន សែន ថា​មិន​ហ៊ាន​ប្តឹង​លោក​ទៅ​តុលាការ​បារាំង ករណី​ដែល​លោក​សម រង្ស៊ី ចោទថា លោក​ហ៊ុន សែន ជា​អ្នកបញ្ជា​ឲ្យដាក់គ្រាប់បែក​បំផ្ទុះ ឲ្យ​លោក​ហុក ឡងឌី ស្លាប់​កាលពី​ឆ្នាំ​២០០៨ លោក​សម រង្ស៊ី ហៅ​លោក​ហ៊ុន សែន ថា​កំសាក មិន​ដូច​លោក​ហោ ណា​ហុង​ទេ ដែល​ហ៊ាន​ប្តឹង​លោក នៅ​តុលាការ​បារាំង​។​

​ប៉ុន្តែ លោក​សម រង្ស៊ី និយាយថា លោក​ហោ ណាំហុង បាន​ចាញ់ក្តី លោក​២​ដង ផ្ទួនៗ​គ្នា គឺ ម្តង​នៅ​ឆ្នាំ​២០១១ ហើយ​ម្តងទៀត​នៅ​ឆ្នាំ ២០១៦​។ លោក​ថា បណ្តឹង​ជាមួយ​លោក​ហោ ណាំហុង គឺ​គ្រាន់តែ​ជា​រឿង​បរិហាកេរ្តិ៍  តែ​សម្រាប់​រឿងក្តី​ជាមួយ​លោក​ហ៊ុន សែន គឺជា​រឿង​ឧក្រិដ្ឋកម្ម សម្លាប់​មនុស្ស​។​

​ចំណុច​សំខាន់ ដែល​លោក​សម រង្ស៊ី អះអាងថា លោក​ហោ ណាំហុង​ ចាញ់ក្តី​ខ្លួន​យ៉ាង​ដូច្នេះ ធ្វើឲ្យ​លោក​ហោ ណាំហុង កើត​ទុក​មិន​សុខចិត្ត ចេញមក​ឆ្លើយតប​នឹង​លោក​សម រង្ស៊ី វិញ ផងដែរ​។ លោក​ហោ ណាំហុង បានបង្ហាញ​នូវ​សាលក្រម និង​សាលដីកា របស់​សាលាដំបូង​បារាំង នៅ​ឆ្នាំ​២០០៩ ​សាលដីកា​របស់​សាលាឧទ្ធរណ៍ នៅ​ឆ្នាំ​២០១០ និង​សាលដីកា​តុលាការ​កំពូល​បារាំង នៅ​ឆ្នាំ​២០១១ អំពី​ការ​កាត់​ឲ្យ​លោក​សម រង្ស៊ី បរិហាកេរ្តិ៍ លោក​ហោ ​ណាំហុង ពិតមែន​។ តែ​លោក​ថា តុលាការ​កំពូល​បារាំង បាន​កាត់​ថា លោក​សម រង្ស៊ី បាន​បរិហាកេរ្តិ៍ លោក​ហោ ណាំហុង ក៏ប៉ុន្ដែ តុលាការ​នេះ បាន​អភ័យទោស​ឲ្យ​លោក​សម រង្ស៊ី ដោយ​«​សុទ្ធ​ចិត្ត​»​។ 

​លោកហោ នាំហុង ​និយាយថា លោក​សម រង្ស៊ី ជា​មនុស្ស​ក្រឡិចក្រឡុច​ភូតកុហក ដែល​ហ៊ាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុក​របស់ខ្លួន ថា​លោក​ហ៊ាន​ប្ដឹង លោក​សម រង្ស៊ី នៅ​ប្រទេស​បារាំង តែ​បាន​ចាញ់​។ លោក​ហៅ​លោក​សមរង្ស៊ី ថា ជា​ជន​ពុំមាន​សីលធម៌​។ 

​ដើម្បី​កុំឲ្យ​មានមន្ទឹល លោក​ហោ ណាំហុង ប្រកាស​នៅលើ​បណ្តាញ​សង្គម​Facebook ផ្លូវការ​របស់ខ្លួន នូវ​សាលក្រម និង​សាលដីកា​ទាំងអស់​របស់​តុលាការ​បារាំង ទាំង​ជា​ភាសា​ខ្មែរ ភាសា​បារាំង និង​ភាសា​អង់គ្លេស​។ លោក​អះអាងថា ដូច្នេះ ទាំង​តុលាការ​ខ្មែរ និង តុលាការ​បារាំង សុទ្ធតែ​កាត់​ឲ្យ​លោក​ឈ្នះ ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ដូចគ្នា​។​

​ជា​ការកត់សម្គាល់ ទាំង​លោក​ហោ ណាំហុង ទាំង​លោក​សម រង្ស៊ី សុទ្ធតែ​អះអាង​ពី​ការឈ្នះក្តី​រៀងៗ​ខ្លួន​ក្នុង​តុលាការ​ប្រទេស​បារាំង​។​ការអះអាង​ពី​ការឈ្នះក្តី​រៀងៗ​ខ្លួន របស់​គូទំនាស់​ទាំងពីរ ហាក់​នៅតែ​ជា​មន្ទិល​សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅឡើយ​។​ប៉ុន្តែ​យ៉ាងណា​សម្រាប់​តុលាការ​កម្ពុជា បាន​កាត់ក្តី​ឲ្យ​លោក​ហោ ណាំហុង​ឈ្នះ និង​បាន​ផ្ដន្ទាទោស លោក​សម រង្ស៊ី ឲ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ ប៉ុន្តែ លោក​សម រង្ស៊ី មិនបាន​ជាប់ពន្ធនាគា​រ​នោះទេ ដោយ​លោក​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​។​តែ​លោក​សម រង្ស៊ី​ថា ចំណាត់ការ​តុលាការ​កម្ពុជា​ស្ថិតក្រោម​បញ្ជា​គណបក្សកាន់អំណាច ហើយ​យក​រឿងនេះ មក​ផ្តន្ទាទោស​លើ​រូបលោក​ដោយ​អយុត្តិធម៌​៕

ព័ត៌មានផ្សេងទៀត