អេ​ហ្ស៊ី​បរង​សម្ពាធ ក្រោយ​អតីត​ប្រធានាធិបតី​ស្លាប់ បន្ទាប់ពី​ដួលសន្លប់​ក្នុង​បន្ទប់​សវនាការ​

18-06-2019 2:53 pm 294
លោកMohammed Morsiក្នុងបន្ទប់ឃុំឃាំង

​ករណី​ស្លាប់​របស់លោក Mohammed Morsi អតីត​ប្រធានាធិបតី នៃ​ប្រទេស​អេ​ហ្ស៊ី​ប មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ដែល​រួមមាន​ការបញ្ជូន​លោក Morsi ទៅ​ដាក់​នៅក្នុង​បន្ទប់​ឃុំឃាំង​ដាច់ដោយឡែក​តែឯង​ឯកា​, ការថែទាំ​សុខភាព​មិនបាន​គ្រប់គ្រាន់ និង​ការមិន​អនុញ្ញាតឲ្យ​សមាជិកគ្រួសា​រ ទៅសួរសុខទុក្ខ​គាត់​បាន​ញឹកញាប់​ជាដើម​។ នេះ​ជា​ការលើកឡើង​របស់លោក​ស្រី Sarah Leah Whitson នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស នៅ​មជ្ឈឹម​បូ​ព៌ានិង​អាហ្វ្រិ​កខាងជើង​។​

​ក្រុម​សិទ្ធិមនុស្ស​និយាយថា សមាជិកគ្រួសារ​របស់​លោក Morsi  ត្រូវបាន​អនុញ្ញាតឲ្យ​ចូល​មើល​គាត់​បានតែ​៣​ដង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ជិត ៦ ឆ្នាំ ដែល​គាត់​ស្ថិតនៅក្នុង​បន្ទប់​ឃុំឃាំង​តែម្នាក់ឯង​។ បន្ថែម​លើ​នេះ គេ​បាន​បដិសេធ មិន​អនុញ្ញាតឲ្យ​មេធាវីឬ​វេជ្ជបណ្ឌិត​ចូលទៅ​ជួបគា​ត់​ឡើយ​។​

​អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស បាន​អំពាវនាវ​ឲ្យ​អង្គការសហប្រជាជាតិ ចាប់ផ្តើម​បើក​ការស៊ើបអង្កេត​។ ស៊ើបអង្កេត​ទៅលើ​អ្វីដែល​បាន​ពណ៌នា​ថា ជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ ទៅលើ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប រួមបញ្ចូល​ទាំង​ការប្រព្រឹត្ត​អំពើពុករលួយ ដែល​រីក​រាលដាល​នៅក្នុង​ពន្ធនាគារ​។ រីឯ​អង្គការ​លើកលែងទោស​អន្តរជាតិ បាន​អំពាវនាវ​ឲ្យមាន​ការស៊ើបអង្កេត ដោយ​មិន​លំអៀង​, ហ្មត់ចត់ និង​ប្រកបដោយ​តម្លាភាព នៅ​ក្នុងករណី​ស្លាប់​របស់លោក Mohammed Morsi អតីត​ប្រធានាធិបតី នៃ​ប្រទេស​អេ​ហ្ស៊ី​ប​រូបនេះ​។ 

​គួរ​ជម្រាបជូន​ថា លោក Mohammed Morsi បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​វ័យ​៦៧​ឆ្នាំ បន្ទាប់ពី​ដួលសន្លប់​នៅក្នុង​បន្ទប់​សវនាការ នា​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ អាជ្ញាធរ​និយាយថា គាត់​បាន​ស្លាប់​ដោយសារតែ​ជំងឺ​គាំងបេះដូង​។ លោក Morsi  បាន​បង្ហាញខ្លួន​នៅក្នុង​បន្ទប់​សវនាការ នៃ​ទីក្រុង​គែ​រ ដើម្បី​ទទួល​នូវ​ការសាកសួរ ពាក់ព័ន្ធ​នឹង​បទ​ចារកម្ម ដែល​បាន​ចោទប្រកាន់​លើ​រូបលោក​។ ប៉ុន្មាន​នាទី​ក្រោយ​និយាយ​ទៅកាន់​តុលាការ គាត់​បាន​សន្លប់ ហើយ​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​ដែរ តែ​មិនអាច​សង្គ្រោះ​ជីវិត​គាត់​បានឡើយ​។​

​លោក Mohammed Morsi ជា​ប្រធានាធិបតី​ដែល​ជាប់ឆ្នោត តាមបែប​ប្រជាធិបតេយ្យ​លើកដំបូង​របស់អេ​ហ្ស៊ី​ប​កាលពី​ឆ្នាំ​២០១២​។ ក្រោយ​កាន់តំណែង​បាន​ប្រហែល​១​ឆ្នាំ លោក Morsi ត្រូវបាន​គេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​តំណែង ដោយ​ប្រមុខ​មេទ័ព​លោក​Abdel Fattah al-Sisi ដែលជា​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​នា​ពេលបច្ចុប្បន្ន​។ ក្រោយ​អស់អំណាច​លោក Morsi ត្រូវគេ​ចាប់ឃុំខ្លួន និង​រង​នូវ​វិធានការ​ផ្លូវច្បាប់ ដោយ​ព្រះរាជអាជ្ញាអេ​ហ្ស៊ី​ប បាន​ចោទប្រកាន់​លើ​រូបលោក ថា​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ រហូត​ឈានដល់​ការកាត់ទោស​ប្រហារជីវិត​លោក​ទៀតផង​។ ប៉ុន្តែ​ក្រោយមក ទោស​ប្រហារជីវិត​នេះ ត្រូវបាន​លប់ចោល​វិញ​នៅ​ឆ្នាំ​២០១៦ ហើយ​បាន​បើកសវនាការ​កាត់ក្តី​គាត់​ម្តងទៀត​។ នៅ​ទីបំផុត លោក Morsi បាន​ស្លាប់បាត់​បង់ជីវិត នៅ​អំឡុងពេល​ឡើង​សវនាការ​កាត់ក្តី នាថ្ងៃទី១៧​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​៕ 


 ពាក្យគន្លឹះ  អេហ្ស៊ីបលោកMohammedMorsi

ព័ត៌មានផ្សេងទៀត