ក្រសួង​​ការងារ​៖​​​២០​២០​​ជា​ឆ្នាំ​​គ្មាន​​ពលកម្ម​​កុមារ​​ក្នុង​​សិប្បកម្ម​​ផលិត​​ឥដ្ឋ​​នៅ​​កម្ពុជា​​

18-06-2019 1:41 pm 518
កុមា​រអូសរទេសក្នុងសិប្បកម្ម​ផលិត​ឥដ្ឋមួយកន្លែង។រូបពី VOA

​អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្តោះ​បណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១៨ មិថុនា​នេះ បានឱ្យដឹងថា ឆ្នាំ​២០២០ ជា​ឆ្នាំ​ដែល​គ្មាន​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា ហើយ​ជន​ណា​ដែល​ប្រើប្រាស់​កុមារ​ទៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ផលិត​ឥដ្ឋ អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​យ៉ាងធ្ងន់ធ្ងរ​។​ការអះអាង​នេះ គឺធ្វើឡើង​បន្ថែម​ពី​សេចក្តីណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងា​រលោក អ៊ិត សំហេង កាលពី​ថ្ងៃទី ៥ ខែមិថុនា កន្លងទៅ​។

«​ឆ្នាំ​២០២០ ជា​ឆ្នាំ​ដែល​គ្មាន​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា​!»​។​នេះ​ជា​ការអះអាង​បន្ថែម​ពី​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្តោះ​បណ្តាល​វិជ្ជាជីវៈ​។​លោក​ថា ជន​ដែល​ប្រើប្រាស់ និង ជន​ដែល​នាំ​កុមារ (​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ មេការ និង​ឪពុកម្តាយ​) ទៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ផលិត​ឥដ្ឋ អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​យ៉ាងធ្ងន់ធ្ងរ​។​

​បើតាម​លោក ហេង សួរ ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន​គ្រប់រូប អាចជា​ភ្នាក់ងារ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការរួមចំណែក​ការពារ​សិទ្ធិ​កុមារ និង ទប់ស្កាត់​ការប្រើប្រាស់​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។​ជន​ណា​ដែល​ដឹង​អំពី​ការប្រើប្រាស់​ពលកម្ម​កុមារ នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ហើយ​ខកខាន​ក្នុង​ការជូនដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន និង មន្ទីរ​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺអាច​នឹងមាន​កំហុស​មនសិការ​។​តែ​យ៉ាងណា លោក​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ ត្រូវ​រួមគ្នា​លុបបំបាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។​

​ជា​ការកត់សម្គាល់ ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួង​ការងារ និង បណ្តោះ​បណ្តាល​វិជ្ជាជីវៈ  គឺធ្វើឡើង​បន្ថែម​ពី​សេចក្តីណែនាំ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការងា​រលោក អ៊ិត សំហេង កាលពី​ថ្ងៃទី ៥ ខែមិថុនា កន្លងទៅ​។​ជា​សេចក្តីណែនាំ ស្តីពី​ការហាម​ក្មេង​ចូលទៅក្នុង​បរិវេណ​ខ្សែសង្វាក់​ផលិតកម្ម​នៃ​សិប្បកម្ម​ផលិត​ឥដ្ឋ ហើយ​ក្រសួង​ការងារ​បាន​ព្រមាន​ថា «​បើ​ម្ចាស់ ឬ​នាយក​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំងឡាយណា ដែល​ខកខាន​ក្នុងការ​អនុវត្តតាម​សេចក្តីណែនាំ​នេះ នឹងត្រូវ​ទទួលរង​នូវ​ការផាកពិន័យ ឬ​អាច​ឈានទៅដល់​ការបិទ​អាជីវកម្ម ឬ​អាច​ប្រឈម​នឹង​បទល្មើស​ព្រហ្មទណ្ឌ​»​។​

​យោងតាម​របាយការណ៍​មួយ​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ (Licadho) ដែលមាន​កម្រាស់​ជិត​៣០​ទំព័រ បានបញ្ជាក់​ឱ្យដឹងថា ពលកម្ម​កុមារ មាន​ច្រើន​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​។ កុមារ​ទាំង​នោះបាន​រៀបរាប់ថា ពួកគេ​ធ្វើការ​មួយផ្នែក​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ ដែលជា​កន្លែង​ពួកគេ​រស់នៅ​ជាមួយ​ឪពុកម្ដាយ​។ ពួកគេ​មាន​អាយុ​ចន្លោះ ពី​១៣​ឆ្នាំទៅ​១៥​ឆ្នាំ ប៉ុន្តែ អង្គការ​លីកាដូ បាន​សង្កេតឃើញ​កុមារ​ខ្លះ​មាន​អាយុ​ត្រឹមតែ ៩​ឆ្នាំ ឬ ១០​ឆ្នាំ​តែប៉ុណ្ណោះ​។​

​របាយការណ៍​បានឱ្យដឹង​បន្តថា ការប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​នៅក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ និង ស្ថានភាព​ដែល​កុមារ​ធ្វើ​ការងារ​រស់នៅ និង​លេង​នៅក្នុង​បរិវេណ​សិប្បកម្ម​មានន័យថា «​ហានិភ័យ​នៃ​ការទទួល​រងគ្រោះថ្នាក់ គឺមាន​ខ្ពស់​»​។​ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ អង្គការ​លីកាដូ បានធ្វើ​ការស៊ើបអង្កេត​លើ​ករណី​ចំនួន​៣ ដែល​ពាក់ព័ន្ធ​នឹង​ករណី​កុមារ​ដាច់​ដៃ ដោយសារ​ម៉ាស៊ីន​ផលិត​ឥដ្ឋ​។

​តែ​យ៉ាងណា ចំពោះ​វិធានការ​របស់​ក្រសួង​ការងារ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ក្នុងស្រុក​សម្តែង​ការ​សាទរ ដើម្បី​លុបបំបាត់​ការប្រើប្រាស់​កម្លាំង​កុមារ នៅតាម​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​ទូទាំងប្រទេស​។​ជាមួយនឹង​ការ​សាទរ​ពួកគេ​ចង់ឃើញ​រដ្ឋាភិបាល​មាន​សកម្មភាព​ជាក់ស្តែង ក្នុង​ការជំរុញ​អនុវត្ត​វិធានការ​នោះ​មាន​ប្រសិទ្ធិភាព សំដៅ​ទប់ស្កាត់​មិន​ឱ្យមាន​ការប្រើប្រាស់​កម្លាំង​ពលកម្ម​កុមារ តាម​រូបភាព​បែបណាក៏ដោយ ជាពិសេស គឺ​ការប្រើប្រាស់​ទាសភាព​បំណុល​៕

ព័ត៌មានផ្សេងទៀត