លោក​ស៊ី ជីន​ពីង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កូរ៉េខាងជើង ជា​លើកដំបូង​

18-06-2019 11:30 am 284
លោកស៊ី ជីនពីងអំឡុងពេលជួបលោកគីម ជុងអ៊ុនកាលពីពេកកន្លងទៅ

​លោក​ស៊ី ជីន​ពីង​ប្រធានាធិបតី​ចិន នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​កូរ៉េខាងជើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ស៊ី​នឹង​ជួប​លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង ដើម្បី​ពិភាក្សា​បញ្ហា​មួយចំនួន នៅ​ក្នុងនោះ ក៏មាន​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ផងដែរ​។ 

​ជា​ការកត់សំគាល់ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស៊ី ដែល​គ្រោង​ធ្វើ​នៅពេល​ដ៏​ខ្លី​ខាងមុខនេះ កើតឡើង​មួយ​សប្តាហ៍​មុន លោក​ស៊ី​ត្រូវ​ទៅ​ចូលរួម​កិច្ចប្រជុំ​G20​នៅ​ប្រទេស​ជប៉ុន​។ នៅក្នុង​កិច្ចប្រជុំ​នោះ លោក​ស៊ី​គ្រោង​ជួបពិភាក្សា​ជាមួយ​លោក​ដូ​ណល់ ត្រាំ​ប្រធានាធិបតី​អាមេរិក​ផងដែរ​។ ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​និយាយថា ខ្លួន​សង្ឃឹមលើ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​រួមចំណែក​ដល់​ការជំរុញឲ្យ​បន្ត​កិច្ច​ចរចា អំពី បញ្ហា​គ្មាន​អាវុធ​នុយក្លេអ៊ែរ រវាង​កូរ៉េខាងជើង​និង​អាមេរិក​។ ជួយ​សម្រួល ព្រោះតែ​លោក​គីម បាន​ជួបចរចា​ជាមួយ​លោក​ត្រាំ​ចំនួន​២​ដង​ហើយ តែ​នៅ​មិនទាន់​សម្រច​បាន​កិច្ចព្រមព្រៀង​មួយ​នៅឡើយ ហើយ​មកទល់ពេលនេះ មិនទាន់មាន​តម្រុយ​ចរចា​ថ្មី​នៅឡើយ​ទេ​។​

​គួរ​ជម្រាបជូន​ថា នេះ​ជា​លើក​ទី​១​ក្នុង​រយៈពេល​១៤​ឆ្នាំ ដែល​មេដឹកនាំ​នៃ​ប្រទេស​ចិន ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​កូរ៉េខាងជើង និង​ជា​លើក​ទី​១​សម្រាប់​លោក​ស៊ី ដែល​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង ចាប់តាំងពី​លោក​បាន​ឡើងកាន់តំណែង​ប្រធានាធិបតី​នៅ ២០១២​។ ក្នុង​ជំនាន់​លោក​គីម បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ចំនួន​៤​ដង ប៉ុន្តែ​គ្មាន​មេដឹកនាំ​នៃ​ប្រទេស​ចិន​ណា​ម្នាក់ ធ្វើដំណើរ​ទៅលេង​ទីក្រុង​ព្យុងយ៉ាង​វិញ​ទេ ចាប់តាំងពី​លោក ហ៊ូ ចិន​តាវ បាន​ធ្វើដំណើរ​ទៅ​លើកចុងក្រោយ​ក្នុង​ឆ្នាំ​២០០៥​។ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​ទៅកាន់​ទីក្រុង​ព្យុងយ៉ាង​ក្នុង​ឆ្នាំ ២០០៥ លោក​ហ៊ូ ត្រូវបាន​ស្វាគមន៍ ដោយផ្ទាល់​ពី​ប្រធានាធិបតី​រ៉េ​ខាងជើង​កាលនោះ គឺ​លោក​គីម ជុងអ៊ីល ឪពុក​របស់លោក​គីម ជុង​អ៊ុន​នៅ​ព្រលានយន្តហោះ​ក្រុង​ព្យុងយ៉ាង​។ 

​ដំណើរ​ទស្សនកិច្ច​កាល​នោះ មាន​គោលបំណង​ដើម្បី​ស្តារ​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​គាំទ្រ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ ប្រឆាំងនឹង​កូរ៉េខាងជើង ជុំវិញ​សកម្មភាព​នុយក្លេអ៊ែរ​របស់ខ្លួន​។​

​ក្រុង​ប៉េកាំង មាន​ឥទ្ធិពល​នយោបាយ​គួរឲ្យ​កត់សម្គាល់លើ​ទីក្រុង​ព្យុងយ៉ាង​។ ទំនាក់ទំនង​នេះ គឺជា​រឿង​មួយ ដែល​អតីត​មេដឹកនាំ​ចិន​លោក​ម៉ៅ សេទុង​ធ្លាប់បាន​ហៅថា ចិន​និង​កូរ៉េខាងជើង​ជា​មិត្ត​ជិតស្និទ្ធ ដោយ​ប្រៀបប្រដូច​ទៅនឹង​បបូរមាត់​និង​ធ្មេញ​៕

 ពាក្យគន្លឹះ  លោកស៊ីជីនពីង

ព័ត៌មានផ្សេងទៀត