មនុស្ស​១១​នាក់​ស្លាប់​និង​ជាង​១០០​នាក់​របួស នៅក្នុង​គ្រោះ​រញ្ជួយ​ដី​នៅ​ចិន​

18-06-2019 10:25 am 333

​រញ្ជួយ​ដី​កម្រិត​៦.០​រ៉ិ​ចទ័​រ បាន​វាយប្រហារ​ខេត្ត Sichuan ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​ចិន បណ្តាលឲ្យ​មនុស្ស​ចំនួន​១១​នាក់​ស្លាប់បាត់​បង់ជីវិត និង​១២២​នាក់​ផ្សេងទៀត​រងរបួស កាលពី​ថ្ងៃ​ចន្ទ​ទី​១៧​មិថុនា​។ គ្រោះមហន្តរាយធម្មជាតិ​នេះ បាន​កើតឡើង​នៅ​ម៉ោង​ជិត​១១​យប់ ក្នុង​ជម្រៅ​១៦​គីឡូម៉ែត្រ​។ រញ្ជួយ​ដី​មិនមែន​តែម្តង​នោះទេ ពោល​វា​បាន​កើតឡើង​បន្តបន្ទាប់​គ្នា​រហូតដល់​ទៅ​៤​ដង​បន្ថែមទៀត ក្នុង​រយៈពេល​៤០​នាទី​។ ការរញ្ជួយ​ជា​ស៊េរី​នេះ មាន​កម្រិត​ខ្លាំងជាងគេ​ចំនួន​៥.១​រ៉ិ​ចទ័​រ​។​

​ក្រៅពី​បណ្តាលឲ្យ​មនុស្ស​ស្លាប់ គ្រោះមហន្តរាយធម្មជាតិ​នេះ ក៏​បណ្តាលឲ្យ​អាគារ​មួយចំនួនរង​នូវ​កា​រ​បំផ្លិចបំផ្លាញ​ផងដែរ​។ សណ្ឋាគារ​មួយ​ដែល​នៅក្បែរ​ចំណុចកណ្តាល​នៃ​ការរញ្ជួយ​បាន​ដួលរលំ ប៉ុន្តែ​ភ្លាមៗ​គេ​មិនទាន់​អាច​ផ្ទៀងផ្ទាត់​បាន​នៅឡើយ អំពី​អ្នករបួស​នៅក្នុង​ហេតុការណ៍​នេះ​នៅឡើយ​ទេ​។ ក្រុម​ពន្លត់​អគ្គិ​ស​ភ័យ​ចំនួន​៣០០​នាក់ ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ ហើយ​ក្រុម​ជួយសង្គ្រោះ​ក៏បាន​បញ្ជូនទៅ​ជាមួយនឹង​តង់​ចំនួន​៥០០០​។​

​គួរ​ជម្រាបជូន​ថា កាលពី​ឆ្នាំ​២០០៨​កន្លងទៅ ខេត្ត Sichuan របស់​ចិន​មួយ​នេះ ក៏​ធ្លាប់​រង​នូវ​ការវាយប្រហារ​ដោយ​គ្រោះរ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​ក្នុង​កម្រិត​៧.៩ រ៉ិ​ចទ័​រ បណ្តាលឲ្យ​មនុស្ស​ស្លាប់​និង​បាត់ខ្លួន​ចំនួន ៨៧ ០០០ នាក់​៕ 

 ពាក្យគន្លឹះ  ចិនរញ្ជួយដី

ព័ត៌មានផ្សេងទៀត