លោក​ស ខេង ស្នើ​ឱ្យ​ពង្រឹង​សន្តិសុខ​ក្រោយ​ប្រទះ​ឃើញ​គ្រាប់​បង្កៃ​៤​គ្រាប់​

17-06-2019 8:07 pm 425

​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅ​ព្រឹក​នេះ បាន​ស្នើ​ឱ្យ​ពង្រឹង​សន្តិសុខ​បន្ថែម ក្រោយ​សមត្ថកិច្ច​ប្រទះឃើញ​គ្រាប់​បង្កៃ​ចំនួន​៤​គ្រាប់ ក្នុង​ចំណុច ខេត្ត​ឧត្តរមានជ័យ កាល​ពី​ម្សិលមិញ...

​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ នៅថ្ងៃនេះ បាន​ស្នើ​ឱ្យ​ពង្រឹង​សន្តិសុខ​បន្ថែម​ទៀត បន្ទាប់ពី​មាន​ការប្រទះឃើញ​គ្រាប់បេ​៤០ (B40) ចំនួន​៤​គ្រាប់ នៅ​ឧត្តរមានជ័យ ដែល​ត្រូវបាន​គេ​ដាក់​ចោល បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​ថ្ងៃ​ទី​១៦ មិថុនា ។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ខេត្ត​បាត់ដំបង​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃទី​១៧ មិថុនា លោក ស ខេង បានចាត់ទុក សកម្មភាព​ដាក់​បង្កៃ​គ្រាប់បេ​៤០​នេះ ជា​ចេតនា​បង្ក​ចលាចល បង្កើត​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ ។​

​លោក​រដ្ឋមន្ត្រី​ថ្លែងថា គ្រាប់​ប្រភេទ​បេ​៤០ ដែល​ត្រូវបាន​ប្រទះឃើញ​នេះ ជា​គ្រាប់​ដែល​មិន​មាន​ជាតិ​ផ្ទុះ​ទេ ពោល បើទោះបីជា​ផ្ទុះ ក៏​មិន​មាន​អ្នក​ត្រូវ​របួស​ដែរ ។​

លោក​ថា ការដាក់​គ្រាប់បេនេះ គឺជា​ចេតនា​មាន​ឧបាយកល​មិនល្អ ព្រោះ​គ្រាប់​នេះ មាន​សំឡេង​ឮ​ខ្លាំង ដែល​បង្ក​ឱ្យមាន​ការភ័យខ្លាច ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ។ លោក​ថា បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​វែកមុខ​រក​អ្នក​ដែល​ប្រព្រឹត្ត ដើម្បី​យក​មក​ផ្តន្ទាទោស ។​

​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​១៦ មិថុនា មាន​ករណី​បង្កៃ​គ្រាប់បេ​៤០​ចំនួន​៤​គ្រាប់ ផលិត​នៅ​ប្រទេស​រុស្ស៊ី ត្រូវបាន​កប់​នៅ​ក្រោយ​អនុវិទ្យាល័យ ហ៊ុន សែន រួច​ចំប៉ី ស្ថិតនៅ​ក្នុង​សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។​

​គ្រាប់​បេទាំង​៤​គ្រាប់​នោះ ត្រូវបាន​កប់​នៅ​ចំណុច​ទីតាំង​៣​ក្បែរៗ​គ្នា ដែល​២​គ្រាប់ កប់​ជាមួយគ្នា និង​២​គ្រាប់​ទៀត កប់​នៅ​ទីតាំង​ផ្សេងៗ​គ្នា ។ របៀប​នៃ​ការ​កប់ គឺ​ដូចគ្នា ដោយ​ជីក​កប់​ដាក់​ចុង​គ្រាប់​ផ្តេក​ឡើងលើ យក​រំសេវ​ចាក់​ជុំវិញ និង​ដោត​ធូប​១​សរសៃ ៕

 ពាក្យគន្លឹះ  លោកសខេងគ្រាប់បង្កៃ

ព័ត៌មានផ្សេងទៀត