ក្រសួង​កសិកម្ម​៖ បញ្ហា​ធ្លាក់ចុះ​គុណភាព​ដី ដោយសារ​ប្រើ​ដី​មិន​ត្រូវ​និង​បាត់បង់​ព្រៃឈើ​

17-06-2019 7:00 pm 266

​មន្ត្រីជាន់ខ្ពស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅថ្ងៃនេះ បាន​លើកឡើង​ថា រហោស្ថាន​កម្ម ឬ​បញ្ហា​ធ្លាក់ចុះ​គុណភាព​ដី​នៅ​កម្ពុជា គឺ​កើតឡើង​ដោយសារ​ការ​ប្រើ​ដី​មិន​ត្រឹមត្រូវ និង​កត្តា​បាត់បង់​ព្រៃឈើ ...

​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​ថ្ងៃនេះ​បាន​អះអាងថា សព្វថ្ងៃ កម្ពុជា​ពុំ​ទាន់​រងគ្រោះ​ដោយសារ​រហោស្ថាន​ទេ តែ​មាន​បញ្ហា​ធ្លាក់ចុះ​គុណភាព​ដី ដោយសារ​ការប្រើប្រាស់​ដី​មិន​ត្រឹមត្រូវ និង​បាត់បង់​ព្រៃឈើ ។​

​ថ្លែង​ក្នុង​ទិវា​ពិភពលោក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​រហោស្ថាន​កម្ម​ឆ្នាំ​២០១៩ នា​ថ្ងៃ​ទី​១៧ មិថុនា លោក មាស ពិសិដ្ឋ បាន​លើកឡើង​ថា ការធ្លាក់​ចុះ​គុណភាព​ដី កើតឡើង​ទូទាំងប្រទេស ដែល​ទាមទារ​ឱ្យមាន​វិធានការ​ទប់ស្កាត់ និង​ស្តា​ឡើងវិញ បើ​ពុំ​មាន​វិធានការ​ច្បាស់លាស់ វា​នឹង​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​លើ​ផល​កសិកម្ម ។​

​លោក ម៉ម អំណ​ត់ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ថ្លែង​ថា ការធ្លាក់​ចុះ​គុណភាព​ដី​ដែលនាំឱ្យ​មាន​ការថយចុះ ឬ​បាត់បង់​សេដ្ឋកិច្ច​នៃ​ដី​ស្រែ​ចម្ការ វាលស្មៅ និង​ព្រៃឈើ តែង​កើត​ឡើង​ដោយសារ​ការបាត់បង់​ព្រៃឈើ និង​ប្រព័ន្ធ​បរិស្ថាន​ព្រៃឈើ ការធ្វើសកម្មភាព​លើស​សមត្ថភាព​ដី​, ការ​ដាំ​ដំណាំ​តែមួយ​មុខ​, ការប្រើ​ជី និង​ថ្នាំ​កសិកម្ម​លើស​កម្រិត ឬ​មិន​ត្រូវ​តាម​បច្ចេកទេស និង​កត្តា​ធម្មជាតិ​នានា ពិសេស​គឺ​ការប្រែប្រួល​អាកាសធាតុ ។​

​លោក​រដ្ឋលេខាធិការ​បន្ត​ថា បញ្ហា​នេះ បាន​ទាញ​នូវ​ចំណាប់អារម្មណ៍​ជា​សាកល ពិសេស​របស់​សហគម​ន៍​ជាតិ និង​អន្តរជាតិ ចំពោះ​ផលប៉ះពាល់​លើ​ផ្នែក​សេដ្ឋកិច្ចសង្គម និង​បរិស្ថាន​ដែល​ធ្វើឱ្យ​មនុស្សជាតិ នៅលើ​ពិភពលោក ប្រមាណ​ជាង​២៥០​លាន​នាក់ បាន​កំពុង​ទទួល​រង​ផលប៉ះពាល់ ។​

​លោក​បញ្ជាក់ថា បច្ចុប្បន្ន យើង​ទទួលស្គាល់ថា រហោស្ថាន​កម្ម ឬ​ការធ្លាក់ចុះ​គុណភាព​ដី មិនទាន់​ត្រូវបាន​ពិភពលោក​យកចិត្តទុកដាក់​គ្រប់គ្រាន់​ទេ ទោះបីជា​អ្នកវិទ្យាសាស្ត្រ និង​ប្រទេស​ជាច្រើន​បាន​អះអាងថា មនុស្ស​ជាតិ​អាច​ទប់ស្កាត់ ឬ​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​នោះ​បាន ៕

ព័ត៌មានផ្សេងទៀត