អ៊ីស្រាអែល​ចារ​ឈ្មោះ​លោក​ត្រាំ លើ​ស្លាក​សំគាល់​តំបន់​អាណានិគម​ថ្មី ដែល​រឹបអូស​ពី​ស៊ី​រី​

17-06-2019 6:56 pm 513
លោក​នាយករដ្ឋមន្ត្រីអ៊ីស្រាអែលBenjamin Netanyahu

« Ramat Trump » ឬ ភាសា​អង់គ្លេស​ថា « Trump Heights » ជា​ឈ្មោះ ដែល​លោក​នាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu បានដាក់​សម្រាប់​សំគាល់​តំបន់​អាណានិគម​ថ្មី​។ នៅក្នុង​ពិធី​បង្ហាញ​ជា​សាធារណៈ នូវ​តំបន់​អាណានិគម​ថ្មី នៅ​ថ្ងៃអាទិត្យ​លោក Netanyahu បាន​និយាយថា ការដាក់​ឈ្មោះ​ដែនដី​អាណានិគម​ថ្មី​ថា Trump Heights ដើម្បី​អរគុណ​ដល់​លោក Trump ចំពោះ​ការសម្រេចចិត្ត ទទួលស្គាល់​អធិបតេយ្យ​ភាព​របស់​អ៊ីស្រាអែល​លើ​អតីត​ទឹកដី​របស់​ប្រទេស​ស៊ី​រី​នេះ​។ នៅក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​លោក David Friedman អគ្គរដ្ឋទូត​អាមេរិក​ផងដែរ​។​

​ក្រៅពី​ដាក់ឈ្មោះ​តាម​ប្រធានាធិបតី Trump នៅលើ​ស្លាក​សំគាល់​ដែនដី​ថ្មី​នេះ​ក៏មាន​អមដោយ​ទង់ជាតិ​អ៊ីស្រាអែល​និង​អាមេរិក​នៅលើ​ស្លាក​នេះ​ផងដែរ​។ ថ្លែង​នៅខាងមុខ​ស្លាក​សញ្ញា​សំគាល់​ដែនដី​អាណានិគម​ថ្មី លោក Netanyahu ហៅ​ថ្ងៃ​ដាក់​បង្ហាញ​ដែនដី​អាណានិគម​ថ្មី​ជា​សាធារណៈ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ និង​ចាត់ទុក​ប្រធានាធិបតី Trump ជា​មិត្ត​របស់​អ៊ីស្រាអែល​។ បន្ទាប់មក​អ៊ីស្រាអែល​នឹង​រៀបចំ​ឲ្យមាន​ការតាំង​ទីលំនៅ​ជិត Kela ស្ថិតនៅ​ភាគ​ខាងជើង Golan Heights ។​

​សូមបញ្ជាក់ថា « Trump Heights » ដែលជា​ឈ្មោះ​សំគាល់​ដែនដី​អាណានិគម​ថ្មី​របស់​អ៊ីស្រាអែល មានឈ្មោះ​ដើម​ថា « Golan Heights »​។ « Golan Heights » ជា​ដែនដី​របស់​ប្រទេស​ស៊ី​រី ប៉ុន្តែ​ត្រូវបាន​អ៊ីស្រាអែល​រឹបអូស​បាន​នៅក្នុង​សម័យ​សង្គ្រាម នៅ​តំបន់​មជ្ឈិមបូព៌ា​កាលពី​ឆ្នាំ​១៩៦៧​។ អ៊ីស្រាអែល​បាន​ដាក់បញ្ចូល​តំបន់​« Golan Heights » ទៅក្នុង​ដែន​អធិបតេយ្យ​របស់ខ្លួន​កាលពី​ឆ្នាំ​១៩៨១​។ នៅក្នុង​ខែមីនា លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​សហរដ្ឋអាមេរិក បាន​ក្លាយជា​ប្រទេស​ដំបូង​គេ ដែល​ទទួលស្គាល់​ដែនដី​នេះ​ជា​របស់​អ៊ីស្រាអែល​។  តំបន់ Golan Heights មាន​ចំងាយ ៦០​គីឡូម៉ែត្រ ពី​ភាគ​និរតី​រដ្ឋធានី​ដា​ម៉ាស់ នៃ​ប្រទេស​ស៊ី​រី និង​មាន​ផ្ទៃ​១,០០០​គីឡូម៉ែត្រ​ក្រឡា​៕

 ពាក្យគន្លឹះ  អ៊ីស្រាអែលតំបន់GolanHeights

ព័ត៌មានផ្សេងទៀត