មេដឹកនាំ​ហុងកុង​សុំទោស​អ្នក​តវ៉ា ខណៈ​រង​សម្ពាធ​ទាមទារ​ឲ្យ​ចុះ​ចេញពី​តំណែង​កាន់តែខ្លាំង​

17-06-2019 2:46 pm 512

​លោកស្រី​Carrie Lam​មេដឹកនាំ​ហុងកុង នៅ​ថ្ងៃអាទិត្យ  បាន​ថ្លែង​សារ​សុំទោស​ប្រជាជន​ហុងកុង​ជា​លើកដំបូង ក្រោយ​ការតវ៉ា​បានចាប់ផ្តើម​ជាង​មួយ​សប្តាហ៍​កន្លងទៅ នៅ​មិនទាន់​បញ្ចប់​នៅឡើយ​។ លោកស្រី​បាន​សុំទោស ដែល​រដ្ឋាភិបាល​ធ្វើ​ការងារ បង្ក​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ប្រជាជន  នាំឲ្យមាន​ភាពចម្រូងចម្រា​ស និង​ជម្លោះ​នៅ​ក្នុងសង្គម​។ យ៉ាងណាក៏ដោយ ក្រុមបាតុករ​មួយចំនួន​បាន​លើកឡើងថា ការសុំ​ទោស​របស់លោក​ស្រី​Carrie Lam​នៅ​មិនទាន់​គ្រប់គ្រាន់​ទេ ពោលគឺ​ពួកគេ​នៅតែ​ទទូច​ឲ្យ​មេដឹកនាំ​ស្ត្រី ដែលមាន​ទំនោរ​ទៅរក​រដ្ឋាភិបាល​ចិន​រូបនេះ ចុះ​ចេញពី​តំណែង​ដដែល​។​

​សារ​សុំទោស​របស់​លោកស្រី​Carrie Lam ធ្វើឡើង​ខណៈ​ក្រុមបាតុករ​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំគ្នា បន្ត​ចុះ​ផ្លូវ​តវ៉ា ទាមទា​រឲ្យរដ្ឋាភិបាល​ហុងកុង រំលាយ​សេចក្តីព្រាងច្បាប់ បត្យាប័ន​ជាមួយ​ចិន​ចោល​ជា​អចិន្ត្រៃយ៍ និង​ទាមទារ​ឲ្យ​លោក​ស្រីចុះ​ចេញពី​តំណែង​។ ការតវ៉ា​កាលពី​ថ្ងៃអាទិត្យ​ទី​១៦​ខែមិថុនា​ឆ្នាំ​២០១៩ អ្នករៀបចំ​បាន​និយាយថា មាន​មនុស្ស​ចូលរួម​ប្រហែល​២​លាន​នាក់ ប៉ុន្តែ​បើតាម​ប៉ូលិស​ថា អ្នកចូលរួម​តវ៉ា​កាលពី​ថ្ងៃអាទិត្យ មាន​ចំនួន​តិចជាង​នេះ​។ 

​ជា​ការកត់សំគាល់ បើទោះបីជា​មេដឹកនាំ​ហុងកុង​ចេញមុខ​សុំទោស និង​យល់ព្រម​ពន្យារពេល​ធ្វើ​វិសោធនកម្ម​ច្បាប់​ធ្វើ​បត្យាប័ន​ហើយ​ក៏ដោយ ប៉ុន្តែ​ក្រុមបាតុករ​នៅ​បន្ត​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទៀត នា​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​។ ពួកគេ​បានមក​តំរៀប​គ្នា​ដេក​លើ​ផ្លូវធំ ក្បែរ​អាគារ​រដ្ឋសភា​ហុងកុង ធ្វើឲ្យ​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​ផងដែរ​។ ប៉ុន្តែ​ក្រោយមក ប៉ូលិស​ក៏បាន​ចុះទៅ​សម្របសម្រួល ចរចា​ជាមួយ​ក្រុមបាតុករ ទើប​ក្រុមបាតុករ​យល់ព្រម​ផ្លាស់​ទី​ចេញទៅ​ប្រមូលផ្តុំ​នៅ​កន្លែង​ផ្សេង ដោយ​ពុំមាន​ការប៉ះទង្គិច​គ្នា ដូច ការតវ៉ា​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ឡើយ​។ ការតវ៉ា​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ​ថ្មីៗ​នេះ បង្កឲ្យមាន​ការប៉ះទង្គិ​ច​គ្នា រវាង​ក្រុម​ប៉ា​តុ​ករ​និង​ប៉ូលិស បណ្តាលឲ្យ​មនុស្សជាង​៧០​នាក់​រងរបួស​។​

​គួរ​ជម្រាបជូន​ថា ដើមឡើយ​រដ្ឋាភិបា​លហុង​កុងគ្រោង​រៀបចំ​ធ្វើ​វិសោធនកម្ម អនុម័ត ច្បាប់​បត្យាប័ន​ជា មួយ​ចិន ឲ្យបាន​ចប់សព្វគ្រប់​នៅមុន​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។ ជា​ច្បាប់​ដែល​អនុញ្ញាតឲ្យ​បញ្ជូនជន​សង្ស័យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ទៅ​កាត់ទោស​នៅ​តុលាការ​ស្រុក​ចិន​។ សម្រាប់​ក្រុម​អ្នកប្រជាធិបតេយ្យ​ហុងកុង​បានចាប់ផ្តើម​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ច្បាប់​នេះ កាលពី​ថ្ងៃទី​៩​ខែមិថុនា ដោយសារ​ព្រួយបារម្ភ​ខ្លាច ឥទ្ធិពល​នៃ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង រំកិល​មក​គ្របដណ្តប់​លើ​ហុងកុង ព្រោះ​ពួកគេ​មិន​ចង់​រស់នៅ​ក្រោម​ការដឹក​នាំ​បែប​កុម្មុយនីស្ត​ដូច​ចិន​ឡើយ​៕


 ពាក្យគន្លឹះ  ហុងកុងលោកស្រិ​CarrieLam

ព័ត៌មានផ្សេងទៀត