លោក​អ៊ូ ច័ន្ទ​ឫទ្ធិ ​គឺជា​អ្នកនាំពាក្យ​​គណៈកម្មាការ​​រៀបចំ​មា​តុ​ភូមិ​និវត្តន៍​​​ថ្នាក់ដឹកនាំ​​CNRP​

17-06-2019 2:44 pm 2213

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាត់តាំង លោក​អ៊ូ ច័ន្ទ​ឫទ្ធិ ជា​អ្នកនាំពាក្យ​នៃ​គណៈកម្មាការ​រៀបចំ​ដំណើរ​មាតុភូមិនិវត្តន៍ នៃ​ថ្នាក់ដឹកនាំ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ពួកគេ ពិសេស​លោក​សម រង្ស៊ី គ្រោង​នឹង​វិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នាពេល​ឆាប់ៗ​ខាងមុខ​។ នេះ បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧ មិថុនា នេះ បន្ទាប់ពី​ក្រុមការងារ​នៃ​អតីត​គណបក្ស​នេះ បាន​ជួបប្រជុំគ្នា កាលពី​ថ្ងៃទី​១៤ មិថុនា ឆ្នាំ​២០១៩​។​

​លោក អ៊ូ ច័ន្ទ​ឫទ្ធិ គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អតីត​មន្ដ្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាច្រើនរូប​ទៀត ដែល​បាន​និរទេស​ខ្លួន​ទៅ​នៅ​ក្រៅប្រទេស ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កំពូល​រំលាយ កាលពី​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០១៧​។​

​ជា​ការកត់សម្គាល់ ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស តែង​បង្ហើប​ពី​គម្រោង​វិល​ចូល​ស្រុក​ច្រើនលើកច្រើនសា​មកហើយ​។ ប៉ុន្តែ ការប្រកាស​នេះ នៅតែ​ជា​ការប្រកាស​ដដែល​ជាដ​ដែល រហូត​ក្លាយជា​រឿង​ស៊ាំ​ត្រចៀក​។ តើ​ភាពមិនច្បាស់លាស់​នៃ​មាតុភូមិនិវត្តន៍​របស់​លោក​សម រង្ស៊ី និង​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើក​នេះ អាច​បិទ​បញ្ចប់​បាន​ឬទេ​? ពីព្រោះ​ពេលនេះ ហាក់​មាន​ការចាត់ចែង​ភារកិច្ច​ទទួលខុសត្រូវ ដូចជា​ហ្មត់ចត់​ណាស់​។ 

​ប៉ុន្តែ ក្រុមអ្នកវិភាគ ថា​ការប្រកាស​នេះ គ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ ចង់បាន​ការតបត​ពី​គណបក្សកាន់អំណាច ឬ​អាច​ថា ដើម្បី​ស្វែងរក​ផ្លូវ​ចរចា​ណាមួយ ជាមួយ​លោក​ហ៊ុន សែន ដើម្បី​ត្រួសត្រាយ​ផ្លូវ​ចូលមក​ប្រទេស​កម្ពុជា​វិញ​ដោយ​ស្របច្បាប់ តែប៉ុណ្ណោះ​។​

​យ៉ាងនេះក្តី អ្នកនាំពាក្យ​បក្ស​កាន់អំណាច លោក​សុខ ឥសាន យល់ថា នេះ​គឺជា​គ្រាន់តែ​ជា​ល្បិចកល ដើម្បី​បន្ត​ប្រមូល​ថវិកា​បន្ថែម​ពី​អ្នកគាំទ្រ​អតីត​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស និង​ថា លោក​សម រង្ស៊ី មិន​ហ៊ាន​ចូល​ស្រុក​ឡើយ ព្រោះ​ការប្រកាស​បែបនេះ មិនដែល​ជា​ការពិត​ម្តងណាទេ​។​

​កន្លងមក អនុប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោកស្រី​មួ​រ សុខ​ហួរ អះអាងថា ការចូល​ស្រុក​របស់​ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង ជាពិសេស លោក​សម រង្ស៊ី គឺ​នឹង​ធ្វើឡើង​នៅក្នុង​ខែសីហា ឬ​ខែកញ្ញា​ខាងមុខ ដោយ​បញ្ជាក់ថា ដល់​ពេលវេលា ដែល​ត្រូវ​វិល​ចូល​ស្រុក តាម​ការសន្យា​ហើយ ពោលគឺ​មិនអាច​បន្ត​ការតស៊ូ​មតិ នៅ​ក្រៅប្រទេស​បាន​ទៀតឡើយ​៕

ព័ត៌មានផ្សេងទៀត