លោក​សម រង្ស៊ី ​ចំអក​លោក​ហ៊ុន សែន​ ថា​​មិន​ហ៊ាន​ប្តឹង​​រូបលោក​​ទៅ​តុលាការ​បារាំង​​

17-06-2019 11:36 am 1323

​ថ្លែង​នៅលើ​បណ្តាញ​សង្គម​Facebook ពី​ប្រទេស​បារាំង លោក​សម រង្ស៊ី និយាយ​យ៉ាង​សឿង​បឿង​ថា មិន​ខ្លាច​ការ​គំរាម​របស់លោក​ហ៊ុន សែន ដែល​គ្រោង​ប្ដឹង​លោក ទៅ​តុលាការ​បារាំង ជុំវិញ​ការស្លាប់​របស់លោក​ហុក ឡង់ឌី អតីត​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ឆ្នាំ​២០០៨ នោះឡើយ​។ លោក​សម រង្ស៊ី ដែល​កំពុង​ជាប់​បណ្ដឹង និង​ទោស​ជាច្រើន តាមរយៈ​ការប្ដឹង​ពី​រដ្ឋាភិបាល​កម្ពុជា និង​បុគ្គល​ផ្សេងទៀត​នោះ បាន​ចំអក​ថា បើ​លោក​ហ៊ុន សែន ហ៊ាន​ប្ដឹង​លោក​មែន​នោះ ប្រាកដជា​ចាញ់ក្តី ព្រោះ​លោក​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​រឿងក្តី​នេះ​។​

​លោក​សម រង្ស៊ី បង្ហើប​ថា បានទទួល​ព័ត៌មាន ពី​មជ្ឈដ្ឋាន​ស្និទ​នឹង​លោក ហ៊ុន សែន ឲ្យដឹងថា លោក​ហ៊ុន សែន អត់​ហ៊ាន​ប្ដឹង​លោក​ទេ ព្រោះ​ដឹងថា នឹង​ចាញ់ នៅ​ចំពោះមុខ​តុលាការ​ប្រទេស​បារាំង​។ លោក​សម រង្ស៊ី និយាយថា ការប្តូរ​ចិត្ត មិន​ហ៊ាន​ប្ដឹង​លោក​វិញ​យ៉ាង​ដូច្នេះ បានន័យថា លោក​ហ៊ុន សែន ទទួលស្គាល់​ការពិត​នៃ​ការសម្លាប់​លោក​ហុក ឡង់ឌី យ៉ាង​ពិតប្រាកដ​។​

​ក្នុង​វីដេអូ​ឃ្លីប ប្រមាណ​ជា​១០​នាទី របស់លោក​សម រង្ស៊ី ពី​ប្រទេស​បារាំង បាន​ចោទ​លោក​ហ៊ុន សែន និង​ភរិយា ថា​ជា​ឃាតក ដែល​មិនមែន​តែ​ករណី​ស្លាប់​របស់លោក​ហុក ឡង់ឌី មួយ​ប៉ុណ្ណោះ​ទេ​។ លោក​ចោទថា ការស្លាប់​របស់ អ្នកស្រី​ពិសិដ្ឋ ពិលិ​កា ក៏​ពាក់ព័ន្ធ​នឹង​ភរិយា​លោក​ហ៊ុន សែន ដែរ​។ លោក​សមរង្ស៊ី បញ្ជូន​ជើង​លោក​ហ៊ុន សែន ថា បើ​ចិត្តសឿង ត្រូវតែ​ប្ដឹង​លោក​ដាច់ខាត បើ​មិន​ដូច្នេះ​ទេ បានន័យថា លោក​ហ៊ុន សែន នេះហើយ​ជា​ឃាតក​ពិតប្រាកដ​។​

​យ៉ាងណា​នេះ គ្រាន់តែ​ជា​ការលើកឡើង តែ​ម្ខាង​ពី​លោក​សម រង្ស៊ី តែប៉ុណ្ណោះ​។ ឯ​ការសម្រេច​ថា ប្តឹង ឬ​មិន​ប្តឹង កំពុងស្ថិត​ក្នុងដំណាក់កាល​សិក្សា​ផ្នែក​ច្បាប់​នៅឡើយ​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ហ៊ុន សែន គឺ​លោក​គី តិច​អះអាងថា លោក និង​មេធាវី​ផ្សេងទៀត កំពុង​សិក្សា​ផ្នែក​ច្បាប់ ក្នុង​ការប្រមូល​ភស្តុតាង ដើម្បី​ប្ដឹង​លោក​សម រង្ស៊ី ទៅ​តុលាការ​បារាំង​។ លោក​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា បានឃើញ​វិដេអូ​ឃ្លី​ប របស់លោក​សម រង្ស៊ី ហើយ ប៉ុន្តែ​លោក​ថា មិន​តបតរ​អ្វី​ទេ​។ ឯ​ការប្ដឹង ឬ​មិន​ប្ដឹង កំពុង​ស្ថិតក្នុង​ការសិក្សា ហើយ​នៅពេល​សម្រេចចិត្ត បែបណា​នោះ លោក​នឹង​ជូនដំណឹង ជា​សាធារណៈ តែម្តង​។​

​សូមបញ្ជាក់ថា លោក​ហ៊ុន សែន គ្រោង​ប្ដឹង​លោក​សម រង្ស៊ី ពាក់ព័ន្ធ​នឹង​ការ​ចោទថា លោក​ហ៊ុន សែន ជា​អ្នក​ដាក់​គ្រាប់បែកឲ្យ​ផ្ទុះក្នុង​ឧទ្ធម្ភាគចក្រ (Helicopter) សម្លាប់​លោក​ហុក ឡងឌី នៅពេលដែល​កំពុងតែ​ហោះហើរ​លើ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ២០០៨​។ ឯ​លោក​ស ខេង ក៏​គ្រោង នឹង​ប្ដឹង​ដែរ ជុំវិញ​ករណី​ដែល​លោក​សមរង្ស៊ី និយាយថា លោក​មាន​គម្រោង​ផ្ដួលរំលំ​រដ្ឋាភិបាល និង​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​លោក​ហ៊ុន សែន ចេញពី​ប្រធាន​បក្ស​។ ចំណែក​កូនប្រុស​លោក​ហុក ឡង់ឌី គឺ​លោក ឌី វិជ្ជា អគ្គស្នងការ​រង​នគរបាលជាតិ ក៏​បាន​ស្នើឲ្យ​មេធាវី​សិក្សា​ពី​ផ្លូវច្បាប់ ដើម្បី​ប្តឹង​លោក​សម រង្ស៊ី ដែល​បាន​ចោទ​លោក​ហ៊ុន សែន ថា ជា​អ្នក​សម្លាប់​ឪពុក​ខ្លួន នេះដែរ​៕

ព័ត៌មានផ្សេងទៀត