អាជ្ញាធ​​រ​អំពាវនាវ​​ពលរដ្ឋ​​កុំ​ត្រេក​ត្រអាល​​ជាមួយ​​«​រង្វាន់​​ឬ​​អំណោយ​​»​គ្មាន​​ប្រភព​​

17-06-2019 9:32 am 1058
​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ។រូបថតពី កងរាជអាវុញហត្ថ

​មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មាន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ កុំ​មានចិត្ត​លោភលន់ កុំ​ត្រេកត្រអាល​ជាមួយ​រង្វាន់​ឬ​អំណោយ​ដែល​គ្មាន​ប្រភព​។​ការអំពាវនាវ​របស់​អាជ្ញាធរ​កងរាជអាវុធហត្ថ​យ៉ាង​ដូច្នេះ គឺ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយចំនួន ចាញ់បោក​ជន​ខិល​ខួច​លួងលោម​បោកប្រាស់ តាមរយៈ​ផ្តល់​ជា ​រង្វាន់ ឬ​អំណោយ​ផ្សេងៗ​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​លើកឡើងថា «​គេ​អាច​បោក​យើង​បាន​នៅពេលណា​ដែល យើង​មានចិត្ត លោភលន់​ក្នុង​ខ្លួន ដូច្នេះ​លោក​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមមេត្តា​មាន​ការប្រុងប្រយ័ត្ន ឲ្យបាន​ខ្ពស់​។ កុំ​មានចិត្ត​លោភលន់ កុំ​ត្រេកត្រអាល​ជាមួយ​រង្វាន់​ឬ​អំណោយ​ដែល​គ្មាន​ប្រភព គ្មាន​ប្រវត្ត​ច្បាស់លាស់​។​

​លោក​បាន​សង្កត់ធ្ងន់ថា គ្មានអ្វី​បានមក​ដោយ​ងាយស្រួល ដោយ​មិនបាន​ប្រឹងប្រែង​ចំណាយ​កម្លាំង​ញើស​ឈាម​នោះទេ ហើយ​សូមឱ្យ​ពលរដ្ឋ​ទាំងអស់​គួរ​ពិចារណា​ឱ្យបាន​ហ្មត់ចត់ មុន​ជឿ​ទៅលើ​អ្វីមួយ ជៀសវាង​ចាញ់បោក ចាញ់​ការ​លួងលោម​របស់​ជន​ជន​បោកប្រាស់​ទាំងឡាយ​។​

​ជា​ការកត់សម្គាល់ ការអំពាវនាវ​របស់​អាជ្ញាធរ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើឡើង​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​មួយចំនួន ចាញ់បោក​ជន​ខិល​ខួច​លួងលោម​បោកប្រាស់ តាមរយៈ​ផ្តល់​ជា​រង្វាន់ ឬ​អំណោយ​ផ្សេងៗ​។​

​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ រួមជាមួយ​ស្រី​ស្នេហ៍ ជា​ជនជាតិខ្មែរ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី ឆបោក តាមរយៈ​ការទំនាក់ទំនង ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​។​

​បើតាម​អាជ្ញាធរ ជនសង្ស័យ​ទាំង​ពីររូប បាន​បង្កើត​អា​ខោ​ន ហ្វេ​សប៊ុក​ក្លែងបន្លំ ទំនាក់ទំនង​មក​ជនរងគ្រោះ​ឱ្យ​ទុកចិត្ត និង​សន្យា ផ្ញើ​លុយ​មក​ជនរងគ្រោះ បន្ទាប់មក​ប្រើល្បិច​ឱ្យ​ជនរងគ្រោះ​ចេញថ្លៃ​សេវា និង ពន្ធ​ផ្សេងៗ ដោយ​ផ្ញើ​តាម​វី​ង​ជា​បន្តបន្ទាប់​ចំនួន​០៣​លើក (​លើក​ទី​១​ចំនួន ៥៥០​ដុល្លារ​, លើក​ទី​២​ចំនួន ៥,៣០០​ដុល្លារ និង លើក​ទី​៣​ចំនួន ៤,៧០០​ដុល្លារ​។​ក្រោយពេល​ទទួល​ពាក្យបណ្តឹង កម្លាំង​ជំនាញ​នៃ​ការិយាល័យ បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើ​ការស្រាវជ្រាវ រហូត​ឈានទៅ​កំណត់​មុខសញ្ញា និង ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​បាន​ជាក់ស្តែង នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ព្រមទាំង​បាន​ស្រាវជ្រាវ​ឃើញថា ជនសង្ស័យ​ខាងលើ គឺ​ធ្លាប់បាន​ប្រើល្បិច​បោកប្រាស់​ជនរងគ្រោះ​អស់​ជាច្រើន​រយ​នាក់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត