ចិន ៖ បញ្ហា​នៅ​ហុងកុង​ជា​រឿង​ផ្ទៃក្នុង​របស់​ចិន គ្មាន​ប្រទេស​ណា​ជ្រៀត​ជ្រែក​បានឡើយ​

16-06-2019 4:00 pm 956
ក្បួនតវ៉ានៅហុងកុង

​ហុងកុង​បាន​ស្ថិតក្រោម​អាណានិគម​របស់​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​១៨៤១ នៅពេលដែល​ចិន​ចុះ​ញ៉ម​យល់ព្រម​ប្រគល់​ដែនដី​នេះ​ឲ្យ​អង់គ្លេស ក្រោយ​សង្គ្រាម​អាភៀន​បាន​ផ្ទុះឡើង​លើកដំបូង​។ ហុងកុង​បន្ត​ស្ថិតក្រោម​អាណានិគម របស់​ចក្រភព​អង់គ្លេស​រហូតដល់​ឆ្នាំ​១៩៩៧ ទើប​អង់គ្លេស​យល់ព្រម​ប្រគល់​ហុងកុង​ឲ្យ​ចិន​គ្រប់គ្រង​វិញ​។ ​បច្ចុប្បន្ន​ហុងកុង ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ស្ថិតក្រោម​គោលការណ៍ "​ប្រទេសមួយ​និង​ប្រព័ន្ធ​ពីរ​"​។ ហុងកុង​និង​ចិន រក្សា​ឯករាជ្យភាព​តុលាការ​ផ្ទាល់ខ្លួន អង្គនីតិបញ្ញត្តិ​និង​ប្រព័ន្ធ​សេដ្ឋកិច្ច​ក៏មាន​រៀងៗ​ខ្លួន​ដែរ​។ ប៉ុន្តែ​ហុងកុង នៅតែ​ស្ថិតក្រោម​សម្ពាធ​ពី​ចិន​ដីគោក ហើយ​ទីក្រុង​ប៉េកាំង នៅតែ​ទទួលខុសត្រូវ ចំពោះ​កិច្ចការពារ និង​កិច្ចការបរទេស លើ​ហុងកុង​។ 

​ហុងកុង ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​ចំ​ពេលដែល​ស្ថានការណ៍​នៅ​ហុងកុង​មិនទាន់​ស្ងប់ស្ងាត់ ក្រសួងការបរទេស​ចិន បាន​ចេញមក​ប្រកាស​ការពារ ចៀសវាង​មានការ​លូកដៃ​ពី​ភាគី​ណាមួយ​ក្នុង​ការតវ៉ា​នេះ​។ ចិន​តាមរយៈ​ក្រសួងការបរទេស​បាន​អះអាង ថា បញ្ហា​ដែល​បាននិងកំពុង​កើតឡើង​នៅក្នុង​ទីក្រុង​ហុងកុង ជា​រឿង​ផ្ទៃក្នុង​របស់​ចិន ហើយ​គ្មាន​ប្រទេស​ណា ស្ថាប័ន​ណា ឬ​បុគ្គល​ណា មាន​សិទ្ធិ​ចូលមក​ជ្រៀ​ត​ជ្រែក​បានឡើយ​។ ក្រៅពី​ប្រកាស​បែបនេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក​Geng Shuang ក៏បាន​ថ្លែង​គាំទ្រ ការប្រកាស​ពន្យារពេល​ធ្វើ​វិសោធនកម្ម​ច្បាប់ ធ្វើ​ត្យា​ប័ន​ជាមួយ​ចិន ដោយ​មេដឹកនាំ​ហុងកុង​លោកស្រី​Carrie Lam​ផងដែរ​។ គាំទ្រ ព្រោះ​ជា​វិធានការ​មួយ​ដែល​គួរ​ធ្វើ ដើម្បី​ការពារ​អធិបតេយ្យភាព​និង​សន្តិសុខ​របស់​ប្រទេស​។​

​ថ្វី​ដ្បិត​ចិន​ចង់ឲ្យ​ច្បាប់ធ្វើ​បត្យាប័ន​នេះ ធ្វើ​វិសោធនកម្ម​ឲ្យបាន​ឆាប់រហ័ស​ក៏ពិតមែន ប៉ុន្តែ​ចិន​យល់​ពី​ផល​លំបាក​របស់​រដ្ឋាភិបាល​ហុងកុង​ដែរ​។ ដូច្នេះ​ការសម្រេច ពន្យារពេល​គឺជា​រឿង​ល្អ​បំផុត ដើម្បី​ស្តារ​ស្ថានការណ៍​ឲ្យ​វិលត្រឡប់​ទៅរក​សភាព​ធម្មតា​វិញ​។ ជាមួយគ្នា​នោះ ចិន​ក៏បាន​ថ្កោលទោស​អំពើហិង្សា ដែល​កើតឡើង​នៅ​អំឡុងពេល​មាន​ការតវ៉ា​ដែរ​។ ជា​អំពើហិង្សា ប៉ះ​ង្គិ​ច​គ្នា រវាង​ក្រុមបាតុករ​និង​ប៉ូលិស បណ្តាលឲ្យ​បាតុ​ករនិង​ប៉ូលិស​ជាច្រើន​នាក់​បាន​រងរបួស​។​

​យ៉ាងណាក៏ដោយ ទោះបីជា​មាន​ការប្រកាស​ពន្យារពេល​ធ្វើ​វិសោធនកម្ម​ច្បាប់ ធ្វើ​ត្យា​ប័ន​ជាមួយ​ចិន​កាលពី​ថ្ងៃ​សៅរ៍​ក៏ដោយ ប៉ុន្តែ​ក្រុមបាតុករ​មិន​បញ្ឈប់​សកម្មភាព​តវ៉ា​របស់​ពួកគេ​ឡើយ​។ នៅ​ថ្ងៃអាទិត្យ​នេះ ក្រុមបាតុករ​ជាច្រើន​នាក់ បន្ត​ប្រមូល​ផ្តុំគ្នា នៅ​ទីលាន Victoria Square របស់​ទីក្រុង​នេះ​។ គោលបំណង​បន្ត​ចលនា​តវ៉ា ដើម្បី​ទាមទា​រឲ្យរដ្ឋាភិបាល​ហុងកុង មិន​ត្រឹមតែ​ពន្យារពេល​ធ្វើ​វិសោធនកម្ម​ច្បាប់ បត្យាប័ន​ប៉ុណ្ណោះ​ទេ តែ​ទាមទារ​ឲ្យ​បញ្ឈប់​ការធ្វើ​វិសោធនកម្ម​ច្បាប់​នេះ ជា​រៀងរហូត​តែម្តង​៕

 ពាក្យគន្លឹះ  ចិនហុងកុងតវ៉ា

ព័ត៌មានផ្សេងទៀត