ឥណ្ឌា​សម្រច​ដំឡើងព​ន្ធលើ​ទំនិញ​អាមេរិក​ចំនួន​២៨​ប្រភេទ​

16-06-2019 1:03 pm 1110
ប្រធានាធិបតីឥណ្ឌាលោកណារិន ដ្រាមូឌី

​តាមពិតទៅ​ឥណ្ឌា ប៉ុនប៉ង​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ជា​ច្រើនលើកច្រើនសារ​ម​ក​ហើយ តាំងពី​ឆ្នាំ​២០១៨​មក ប៉ុន្តែ​ត្រូវ​ពន្យារពេល​ម្តង​ហើយ​ម្តងទៀត​។ នៅ​ទីបំផុត​ឆ្លង​ចូលដល់​ឆ្នាំ​២០១៩​នេះ ឥណ្ឌា​សម្រេច​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក ដោយ​មិន​ពន្យារពេល​តទៅ​ទៀតឡើយ​។ ក្រោយ​ពិនិត្យ​និង​សើរើ​ការបញ្ជាទិញ​ឡើងវិញ ឥណ្ឌា​បានសម្រេច​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​អាមេរិក​ចំនួន​២៨​ប្រភេទ គិត​ជា​ទឹកប្រាក់​ប្រហែលជា​ង​២០០​លាន​ដុល្លារ ដោយ​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃអាទិត្យ​នេះ​។ មុខទំនិញ​ទាំងនោះ​មានដូចជា អាល់​ម៉ុន ផ្លែ​ប៉ោម និង walnuts​ជាដើម​។​

​ឥណ្ឌា​ជា​ដៃគូ​បញ្ជា​ទិញ​អាល់​ម៉ុនដ៏​ធំ​របស់​អាមេរិក​។ កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ឥណ្ឌា​បាន​ចំណាយលុយ​អស់​៥៤៣​លាន​ដុល្លារ នៅក្នុង​ការបញ្ជាទិញ​អាល់​ម៉ុន ជាង​ពាក់កណ្តាល នៃ​បរិមាណ​អាល់​ម៉ុន​សរុប ដែល​អាមេរិក​នាំចេញ​។ បន្ថែម​លើ​នេះ ឥណ្ឌា​ជា​អតិថិជន​បញ្ជា​ទិញ​ផ្លែ​ប៉ោម​ដ៏​ធំ​ទី​ពីរ​របស់​អាមេរិក​ផងដែរ ដោយ​ចំណាយលុយ​អស់​១៥៦​លាន​ដុល្លារ នៅក្នុង​ការទិញ​ផ្លែ​ប៉ោម​អាមេរិក​កាលពី​ឆ្នាំ​២០១៨​។ 

​វិធានការ​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​នាំចូល​ទីផ្សារ​ឥណ្ឌា ធ្វើឡើង​បន្ទាប់ពី​រដ្ឋបាល​លោក​ដូណាល់​ត្រាំ បានសម្រេច​យកពន្ធ​លើ​ការនាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​ឥណ្ឌា កាលពីពេល​កន្លងទៅ​។ វិធានការ​តឹងតែងរ​បស់​ឥណ្ឌា​នាពេលនេះ ធ្វើឡើង​ក្រោយពី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​លុបចោល​នូវ​សិទ្ធិ​ធ្វើ​ពាណិជ្ជកម្ម សម្រាប់​ប្រទេស​ឥណ្ឌា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ទូទៅ (GSP)​។ សិទ្ធិ​ពាណិជ្ជកម្ម​នេះ គឺ​ប្រទេស​ឥណ្ឌា ជា​អ្នកទទួលផល​ធំ​បំផុត ដោយសារ​វា​អនុញ្ញាតឲ្យឥ​ណ្ឌា​នាំចេញ ដោយ​មិន​បង់ពន្ធ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​រហូតដល់ ៥,៤ ពាន់​លាន​ដុល្លារ​។ 

​សម្រាប់​អាមេរិក ចាប់តាំងពី​លោក​ដូណាល់ ត្រាំ​ឡើងកាន់តំណែង​ប្រធានាធិបតី​ក្នុង​ឆ្នាំ​២០១៧​មក លោក​បាន​ប្តេជ្ញា​ធ្វើ​សកម្មភាព ប្រឆាំងនឹង​ប្រទេស​ណា​ដែល​ទីក្រុង​វ៉ាស៊ីនតោន​មាន​ឱនភាព​ពាណិជ្ជកម្ម​ធំៗ​ជាមួយ​។ ចំពោះ ឥណ្ឌា​បាន​សម្តែង​នូវ​ការសោកស្តាយ ដែល​អាមេរិក​ធ្វើបែបនេះ​ចំពោះ​ខ្លួន និង​ប្តេជ្ញា ចាត់វិធានការ​ដើម្បី​លើកកម្ពស់​ផលប្រយោជន៍​ជាតិ​របស់​ខ្លួន​។​

​គួរ​ជម្រាបជូន​ដែរថា ទំហំ​ពាណិជ្ជកម្ម​ឥណ្ឌា​និង​អាមេរិក មាន​ចំនួន​១៤២,១​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​២០១៨៕

ព័ត៌មានផ្សេងទៀត