ថ្ងៃទី​១៥​មិថុនា​​ជា​ខួប​​លើក​​ទី​៥៧​​នៃ​​ជ័យ​ជម្នះ​​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ​​

15-06-2019 4:08 pm 1036
សម្តេចព្រះសីហនុ ពេលឡើងប្រាសាទព្រះវិហារ ក្នុងឆ្នាំ១៩៦៣។

​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ គឺជា​ខួប​លើក​ទី​៥៧ ឆ្នាំ ដែល​កម្ពុជា ឈ្នះក្ដី​លើ​ភាគី​ថៃ ពាក់ព័ន្ធ​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​។​កាលពី​៥៧​ឆ្នាំមុន តុលាការ​យុត្តិធម៌​អន្ដរជាតិ ទី​ក្រុងឡាអេ បានសម្រេច កំណត់ឱ្យ​ភាគី​ថៃ ត្រូវតែ​ដក​យោធា​របស់ខ្លួន​ចេញពី​តំបន់​មាន​ជម្លោះ​នៅត្រង់​ប្រាសាទ​ព្រះវិហារ  ឱ្យអស់​ដូច​សាលដីកា​កាលពី​ចុងឆ្នាំ​២០១៣ កន្លងទៅ​។

១៥ មិថុនា ១៩៦២ - ១៥ មិថុនា ២០១៩ គឺជា​ខួប​ទី​៥៧ ដែល​តុលាការ​យុត្តិធម៌​អន្ដរជាតិ ទី​ក្រុងឡាអេ បានសម្រេច​ឱ្យ​កម្ពុជា​ឈ្នះក្ដី​លើ​ភាគី​ថៃ ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​។ កាលពី​៥៧​ឆ្នាំមុន នៅថ្ងៃនេះ តុលាការ​ក្រុងឡាអេ បាន​ច្រានចោល​ការលើកឡើង​របស់​ភាគី​ថៃ និង គាំទ្រ​ទឡ្ហីករណ៍​របស់​កម្ពុជា​។​

​តុលាការអន្តរជាតិ​នេះ បាន​កំណត់ថា ប្រាសាទ​ព្រះវិហារ​ស្ថិតនៅក្នុង​ទឹកដី ដែល​ស្ថិតក្រោម​អធិបតេយ្យ​របស់​កម្ពុជា ហើយ​ទាមទារ​ឱ្យ​ថៃ​ត្រូវតែ​ដក​កងទ័ព ប៉ូលិស ឬ​ឆ្មាំ​ផ្សេងទៀត ដែល​ឈរជើង​នៅក្នុង​ប្រាសាទ និង នៅ​ជុំវិញ​ប្រាសាទ ក្នុង​ដែនដី​របស់​កម្ពុជា​។​ជាមួយគ្នា​នោះ តុលាការ​តម្រូវឱ្យ​ថៃ​ត្រូវប្រគល់​នូវ​រាល់​វត្ថុ​បុរាណ ដែល​ថៃ​បាន​យក​ចេញពី​ប្រាសាទ​ព្រះវិហារ ឬ​ពី​តំបន់​ប្រាសាទ ក្នុងអំឡុងពេល​ដែល​ថៃ​កាន់កាប់​ប្រាសាទ ចាប់តាំងពី​ឆ្នាំ​១៩៥៤ មកឱ្យ​កម្ពុជា​វិញ​។​

​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្ដរជាតិ បាន​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​ឡើងវិញ និង បានសម្រេច​ថា កម្ពុជា​មាន​អធិបតេយ្យភាព​លើ​ដែនដី​ទាំងមូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ និង​សម្រេច​ជាថ្មី​ម្តងទៀត​ឱ្យ​ភាគី​ថៃ ដក​កងកម្លាំងប្រដាប់អាវុធ និង ឆ្មាំ​ប្រាសាទ​ទាំងអស់​ចេញពី​បរិវេណ​ជុំវិញ​ប្រាសាទ​។​

​លោក​បណ្ឌិត ស៊ន សំណាង អ្នកប្រវត្តិសាស្ត្រ​កម្ពុជា ធ្លាប់បាន​បញ្ជាក់ថា មាន​កត្តា​សំខាន់​៣​យ៉ាង​ដែលនាំឱ្យ​កម្ពុជា​ឈ្នះក្ដី​នេះ​។ ទី​១ គឺ​កម្ពុជា​មាន​ភស្តុតាង​ផែនទី​ឧបសម្ព័ន្ធ​១(​ផែនទី​ដងរែក​)​។ ទី​២ គោលការណ៍​និរន្ត​ភាព​នៃ​រដ្ឋ មានន័យថា កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រង​ប្រទេស​ដោយ​ខ្លួនឯង ក្រោយពេល​បារាំង​ផ្ទេរអំណាច​ឱ្យ​កម្ពុជា​វិញ ហើយ​បារាំង​លែង​ជា​អាណាព្យាបាល​កម្ពុជា​ទៀត និង ទី​៣ គឺ​ដោយសារ​គោលការណ៍​នៃ​ការគោរព​ពាក្យសម្តី មានន័យថា ភាគី​ថៃ​ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​បារាំង​កាលពី​ឆ្នាំ​១៩០៤ ក្នុងន័យ​គោរព​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ​។​

​គួរ​រំលឹក​ជូន​ថា កម្ពុជា​បាន​ឈ្នះក្តី​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ​ពី​ភាគី​ថៃ នៅ​ថ្ងៃទី​១៥ មិថុនា ឆ្នាំ​១៩៦២ ហើយ​នៅ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ប្រាសាទព្រះវិហារ​របស់​កម្ពុជា​នេះ ក៏​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក តាមរយៈ​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​កេ​បិច ប្រទេស​កាណាដា​៕

 ពាក្យគន្លឹះ  ប្រាសាទព្រះវិហារ

ព័ត៌មានផ្សេងទៀត