កម្ពុជា​-​តាជី​គី​ស្ថាន ឯកភាពគ្នា​លើ​ការអនុវត្ត​ការងារ​៣​ចំណុច​

15-06-2019 2:34 pm 265

​ក្នុង​ដំណើរ​ចូលរួម​កិច្ចប្រជុំ​កំពូ​លើក​ទី​៥ នៃ​សន្និសីទ​ស្តី​ពី​អន្តរស​កម្ម​ភាព និង​វិធានការ​កសាង​ទំនុកចិត្ត​នៅ​អាស៊ី (CICA) នៅលើ​ទឹកដី​តាជី​គី​ស្ថាន​, នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​មិថុនា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​ប្រធានាធិបតី​តាជី​គី​ស្ថាន បានសម្រេច​ព្រមព្រៀងគ្នា អនុវត្ត​លើ​ការងារ​ចំនួន​៣​ចំណុច ដើម្បី​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្នា​។

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែង​ឲ្យដឹង​នៅ​ក្រោយ​ជំនួប​ថា ក្នុង​កិច្ច​ជំនួប​នេះ ប្រមុខ​ដឹកនាំ​ទាំង​២ បាន​ពិភាក្សា​ទៅ​លើ​ការទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​២ ក្នុងនោះ​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ចា បាន​ផ្តល់​គំនិត​ផ្តួចផ្តើម​ចំនួន​៣​រួមមាន​៖

១៖ ស្នើសុំ​ឱ្យមាន​ការតែងតាំង​ឯក​អគ្គរាជ​កម្ពុជា​នៅ​ប្រទេស​តាជី​គី​ស្ថាន ហើយ​តាជី​គី​ស្ថាន​តែងតាំង​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា​ផង​ដែរ​។ ជាមួយ​សំណើ​នេះ លោកហ៊ុន សែន ក៏បាន​សម្រេច​តែងតាំង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​មូ​ស្គូ ប្រទេស​រុស្សុី ជា​ឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​តាជី​គី​ស្ថាន​។​

២៖ ស្នើឱ្យ​ក្រសួងការបរទេស​ប្រទេស​ទាំង​ពីរ​ពិនិត្យ​លទ្ធភាព​រៀបចំ​ឱ្យមាន​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​មួយ ដើម្បី​ឱ្យ​មាន​កិច្ច​ពិគ្រោះ​នយោបាយ​រវាង​ក្រសួងការបរទេស​ប្រទេស​ទាំង​ពីរ​។ ជាពិសេស​ដើម្បី​ពិនិត្យមើល​អាទិភាព​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និង​ទេសចរណ៍​។​ល​។​

​៣៖ ស្នើសុំ​ឱ្យមាន​ការផ្លាស់ប្តូ​រ​ទស្សនកិច្ច​កម្រិត​ខ្ពស់ ដើម្បី​បាន​ពិគ្រោះ​យោបល់​គ្នា និង​យល់ដឹង​គ្នា​កាន់តែ​ច្រើន​ថែម​ទៀត​។ ជាមួយគ្នា​នេះ​លោក ហ៊ុន សែន ក្នុងនាម​ជា​ព្រះរាជតំណាង​ព្រះមហាក្សត្រ​ខ្មែរ បាន​គោរព​អញ្ជើញ​ប្រធានាធិបតី​តាជី​គី​ស្ថាន​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​តាម​ពេលវេលា​សមស្រប​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​តាជី​គី​ស្ថាន បាន​ឯកភាព​ទាំងស្រុង​លើ​គំនិត​ផ្តួចផ្តើម​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដោយ​បញ្ជាក់​ថា ខ្លួន​មាន​បំណង​នាំចូល និង​ទិញ​ក្រណាត់ និង​ផលិតផល​សម្លៀកបំពាក់​ដែល​កម្ពុជា​ផលិត​បាន ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ហើយក៏​បាន​ស្នើ​ឱ្យ​បង្កើត​ក្រុមប្រឹក្សា​ធុរកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕

 ពាក្យគន្លឹះ  កម្ពុជា_តាជីគីស្ថាន

ព័ត៌មានផ្សេងទៀត