លោក​ត្រាំ​​ប្រកាស​នៅ​តែ​ចង់​ជួប​​លោក​ស៊ី​ពេល​ចូលរួម​​កិច្ចប្រជុំ​​នៅ​ជប៉ុន​ចុងខែ​នេះ​

15-06-2019 12:10 pm 418
ប្រធានាធិបតីចិន(ឆ្វេង)​​និងប្រធានាធិបតី​អាមេរិក

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា លោក​នៅតែ​មានបំណង​ចង់​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង នៅពេល​ចូលរួម​កិច្ចប្រជុំ​G20​ដដែល ទោះបី​ចិន​មិនទាន់​ឆ្លើយតប​យ៉ាងណាក្ដី​។ កិច្ចប្រជុំ​G20​នឹង​ធ្វើឡើង​នៅ​ចុងខែ​មិថុនា​នេះ នៅក្នុង​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន​។ លោក​ត្រាំ​ចង់​ជួប​លោក​ស៊ី​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ប្រឈម ដែល​ប្រទេស​ទាំងពីរ​កំពុង​ជួបប្រទះ​ពិសេស​គឺពាក់ព័ន្ធ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​តែម្ដង​។ 

​អាមេរិក​និង​ចិន​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក​ជាថ្មី ក្រោយ​រក​ពុំបាន​កិច្ចព្រមព្រៀង​រួម​។ មន្ដ្រី​តំណាង​អាមេរិក​និង​មន្ដ្រី​តំណាង​ចិន បាន​ជួប​ពិភាក្សាគ្នា​ជា​ច្រើនលើកច្រើនសារ ប៉ុន្ដែ​គ្មាន​សម្រេចបាន​កិច្ចព្រមព្រៀង​ទេ​។ ទីបំផុត​លោក​ត្រាំ​បានប្រកាស​ដំឡើង​ពន្ធ​២៥​ភាគរយ​លើ​ទំនិញ​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ និង​បញ្ជា​ឲ្យ​មន្ដ្រី​របស់លោក​ចាប់ផ្ដើម​ពិភាក្សា​ពី​ដំណើរការ​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​តម្លៃ​៣០០​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​។ ចិន​ក៏​ដំឡើង​ពន្ធ​លើ​ទំនិញ​អាមេរិក​វិញ​ទុកជា​ការ​សងសឹក​។ ពេលនេះ​ស្ថានការណ៍​កំពុង​តានតឹង​ដដែល ពុំទាន់​មាន​ដំណោះស្រាយ​បញ្ចប់​បញ្ហា​នៅឡើយ​៕

ព័ត៌មានផ្សេងទៀត