មន្ដ្រី​ក្នុង​ជួរ​រដ្ឋាភិបាល​​ហុងកុង​​ចាប់ផ្ដើម​បារម្ភ​​ពី​ការតវ៉ា​ប្រឆាំង​​ច្បាប់​ធ្វើ​បត្យាប័ន​

15-06-2019 10:38 am 300
រូបភាពប្រជាជនហុងកុងកំពុងតវ៉ា

​អតីតមន្ដ្រី​និង​មន្ដ្រី​កំពុង​បម្រើការ​ក្នុង​ជួរ​រដ្ឋាភិបាល​ហុងកុង​សព្វថ្ងៃ បានបង្ហាញ​ក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការដោះស្រាយ​ចលនា​តវ៉ា​ប្រឆាំង​ច្បាប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ដែល​កំពុង​ផ្ទុះឡើង​ទូទាំង​ក្រុង​។ ការតវ៉ា​បានចាប់ផ្ដើម​តាំងពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន ដោយមាន​ការប្រមូលផ្ដុំ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ហើយ​បើតាម​ការបញ្ជាក់​ពី​អ្នករៀបចំ មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង​១​លាន​នាក់​ឯណោះ​។ 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​និយាយថា តំណាង​ឧត្ដមក្រុមប្រឹក្សា​បាន​ទទូច​ទៅ​រដ្ឋាភិបាល កុំឲ្យ​បង្កភាព​តានតឹ​ងកាន់​តែ​ខ្លាំងជាងនេះ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​រាយការណ៍​ថា  អតីត​មន្ដ្រីជាន់ខ្ពស់​ហុងកុង​បានទាមទា​រឲ្យរដ្ឋាភិបាល​លុបចោល​សេចក្ដីព្រាងច្បា​ប់​ធ្វើ​បត្យាប័ន​ជាមួយ​ចិន ប៉ុន្ដែ​មិនដឹងថា​អាចទៅរួច​ឬ​យ៉ាងណាទេ ព្រោះ​មេដឹកនាំ​ហុងកុង​បាន​ប្ដេជ្ញា​នឹង​អនុម័ត​ឲ្យបាន ទោះបីជា​មាន​ការតវ៉ា​ក៏ដោយ​។​

អ្នកស្រី​Carrie Lam​មេដឹកនាំ​ហុងកុង បាន​បង្កឲ្យមាន​ភាពចម្រូងចម្រា​ស​បន្ថែមទៀត តាមរយៈ​វីដេអូ​បង្ហាញ​ដោយ​រដ្ឋាភិបាល​។ អ្នកស្រី​ថា​ក្រុម​តវ៉ា​ក្មេងៗ​ដែល​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្ដិសុខ ប្រៀបដូចជា​កូនក្មេង​អ៊ីចឹង​។ កាលពី​ថ្ងៃ​សុក្រ​មាន​ក្រុម​ស្ដ្រី​ដែល​ត្រូវជា​ម្ដាយ​មួយក្រុម បាន​ជំរុញ​ឲ្យ​មេដឹកនាំ​ហុងកុង​ត្រូវ​ស្ដាប់​សំឡេង​របស់​ប្រជាជន​ផង​។ 

​ក្រុម​តវ៉ា​បានបង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​របស់​ពួកគេ​ចំពោះ​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ ព្រោះ​វា​នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ប្រព័ន្ធយុត្ដិធម៌​របស់​តុលាការ​ហុងកុ​ង និង​ធ្វើឲ្យ​ប្រជាជនងាយ​រងគ្រោះ​ដោយសារតែ​ការអនុវត្ដ​តាម​សំណើ​របស់​គណបក្ស​កុម្មុយនីស្ដ​ចិន​។ បើ​ពួកគេ​មិន​តវ៉ា​នៅថ្ងៃនេះ​ទេ នោះ​នឹង​នាំ​ផលវិបាក​នៅ​ថ្ងៃ​អនាគត ពិសេស​គឺ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ តែ​សម្រាប់​រដ្ឋាភិបាល​ហុងកុង​ក៏​លើក​ហេតុផល​ដែល​ចង់​អនុម័ត​ច្បាប់​នេះ​ដូចគ្នា គឺ​ក្នុង​បំណង​នាំយក​ជន​ប្រព្រឹត្ដ​បទល្មើសឬ​បទឧក្រិដ្ឋ​នានា​ទៅ​កាត់ទោ​ស​តាមច្បាប់​។​

​ជា​ការកត់សម្គាល់ ចលនា​តវ៉ា​នៅក្នុង​ក្រុង​ហុងកុង​ហាក់​មាន​ភាព​ស្រុះគ្នា​ខ្លាំងណាស់ ដោយ​ទើបតែ​ចាប់ផ្ដើម​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង មាន​មនុស្ស​ចូលរួម​រាប់ពាន់នាក់​។ ពួកគេ​ក៏​មិន​បោះបង់​ងាយៗ​ដែរ​ដរាបណា​ការចង់​បាន​របស់​ពួកគេ​មិនទាន់​ទទួលជោគជ័យ ជាក់ស្ដែង​ដូច​ការតវ៉ា​ក្នុង​ឆ្នាំ​២០១៤​អ៊ីចឹង កាលនោះ​អូស​បន្លាយពេល​ជិត​៣​ខែ​។ ពួកគេ​មិន​ចង់​បាត់បង់​សិទ្ធិសេរីភាព​របស់ខ្លួន​ឡើយ នេះ​ជាដើម​ហេតុដែល​សេចក្ដីព្រាងច្បាប់​ឬ​វិធានកា​រណា​ដែល​អាច​បង្ក​ផលប៉ះពាល់ ពួកគេ​នឹង​ចេញមុខ​ប្រឆាំង​ភ្លាម​៕

ព័ត៌មានផ្សេងទៀត