អាមេរិក​ថា​​អ៊ីរ៉ង់​ពិតជា​អ្នក​​វាយប្រហា​រ​លើ​នាវា​ដឹក​ប្រេង​​ពីរ​គ្រឿងក្នុង​សមុទ្រ​

15-06-2019 10:34 am 829
រូបភាព​នាវាដឹកប្រេង​ដែលរង​ការវាយប្រហារ

​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​សុក្រ​បាន​បន្ទោស​ប្រទេស​អ៊ីរ៉ង់ ជុំវិញ​ការវាយប្រហា​រលើ​នាវា​ដឹក​ប្រេង​ចំនួន​ពីរ​គ្រឿង​នៅ​ច្រក​សមុទ្រ​អូ​ម៉ង់​។ អាមេរិក​កំពុង​ស្វែងរក​ការឯកភាព​ពី​អន្ដរជាតិ​ជុំវិញ​ការគំរាមកំហែង​នេះ ថ្វីបើ​អ៊ីរ៉ង់​បាន​បដិសេធ​មិន​បានធ្វើ​ក៏ដោយ​។ ការវាយប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ក​ជា​ការព្រួយបារម្ភ​បន្ថែម ចំពោះ​ការប្រឈមមុខ​ដាក់គ្នា​តាមផ្លូវ​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់​នេះ ស្របពេល​អាមេរិក​និង​អ៊ីរ៉ង់​កំពុង​ផ្ទុះ​ភាព​តានតឹង​ជាមួយគ្នា​ស្រាប់​ផង ជុំវិញ​ការដាក់ទណ្ឌកម្ម​ជាថ្មី​លើ​អ៊ីរ៉ង់ ការផ្លាស់ប្ដូរ​យោធា​ទៅ​មជ្ឈិមបូព៌ា សកម្មភាព​យោធា​អ៊ីរ៉ង់​នៅក្នុង​តំបន់ និង​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ 

​ថ្លែង​តាម​កម្មវិធី​ទូរទស្សន៍​Fox News ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​និយាយថា អ៊ីរ៉ង់​ពិតជា​អ្នកធ្វើ​រឿងនេះ​ប្រាកដ​ណាស់​។ និយាយ​ដូច្នេះ​លោក​សំដៅលើ​វីដេអូ​ដែល​យោធា​អាមេរិក​ថត​បាន និង​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឃើញ​កងកម្លាំង​របស់​អ៊ីរ៉ង់ ជា​អ្នក​នៅ​ពីក្រោយ​ការ​បំផ្ទុះ​ទៅលើ​នាវា​ដឹក​ប្រេង Front Altair​របស់ន័​រវេស និង​នាវា​Kokuka Courageous​របស់​ជប៉ុន នៅ​ច្រក​សមុទ្រ​ប្រទេស​អូ​ម៉ង់​។ ប៉ុន្ដែ​អ៊ីរ៉ង់​និយាយថា​វីដេអូ​ដែល​បង្ហាញ​គ្មាន​ភស្ដុតាង​គ្រប់គ្រាន់​ទេ ហើយ​បង្កើត​វា​ឡើង​ដើម្បី​ចោទប្រកាន់​ខ្លួន​ប៉ុណ្ណោះ​។ នេះ​បើតាម​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការបរទេ​សអ៊ី​រ៉ង់​។​

​អ៊ីរ៉ង់​បាន​ច្រានចោល​តាំងពី​ដើមទី​នូវ​ការចោទប្រកាន់​របស់​អា​មេរិក ដែលថា​ខ្លួន​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ និង​ច្រានចោល​ការចោទប្រកាន់រ​បស់​ប្រទេស​ក្នុង​តំបន់​ជា​សម្ព័ន្ធមិត្ដ​អាមេរិក ដូចជា​អា​រ៉ាប៊ីសាអូឌីត​និង​អា​រ៉ាប់រួម​ផងដែរ​។ អ៊ីរ៉ង់​កំពុង​ប្រឆាំង​យ៉ាង​ដាច់អហង្ការ​។ 

​សូមបញ្ជាក់ថា កាលពី​ខែ​មុន​អាមេរិក​បាន​រឹតបន្ដឹង​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ដែល​បាន​ធ្វើឲ្យប៉ះពាល់​យ៉ាងធ្ងន់ធ្ង​រដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​។ ជា​ការឆ្លើយតប​អ៊ីរ៉ង់​បានប្រកាស​នឹង​ចាប់ផ្ដើម​សកម្មភាព​នុយក្លេអ៊ែរ​ឡើងវិញ និង​អាច​បិទ​ច្រក​សមុទ្រ​Hormuz ជា​ផ្លូវទឹក​ដឹកជញ្ជូន​ប្រេង​ដ៏​សំខាន់បំផុត​នៅ​តំបន់​មជ្ឈិម​បូព៌ា ប្រសិនបើ​ការនាំចេញ​ប្រេង​របស់ខ្លួន​ត្រូវបាន​ហាមឃាត់​។ អ៊ីរ៉ង់​ប្រកាស​នឹងមិន​ចូល​តុ​ចរចា​ជាមួយ​អាមេរិក​ដាច់ខាត លុះត្រាតែ​លោក​ត្រាំ​ផ្លាស់ប្ដូរ​ចិត្ដ​ជុំវិញ​ការដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ចុះ​ឆ្នាំ​២០១៥​។ លោក​ត្រាំ​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នេះ​កាលពី​ឆ្នាំមុន ដោយ​ចោទថា​អ៊ីរ៉ង់​មិនបាន​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​។​

​ភាពមិន​ចុះសម្រុង​បង្ក​ជា​ការប៉ះទង្គិច​កាន់តែខ្លាំង​ក្នុងពេល​ថ្មីៗ ខណៈដែល​អាមេរិក​បាន​បញ្ជូន​កម្លាំង​យោធា​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​ត្រៀម​ទប់ទល់​នឹង​អ៊ីរ៉ង់​។ ភាគី​ទាំងពីរ​ធ្លាប់​អះអាង​នឹងមិន​ធ្វើសង្គ្រាម​ជាមួយគ្នា​ឡើយ ប៉ុន្ដែ​វា​នៅតែ​ជា​រឿង​គួរឲ្យ​បារម្ភ​ដោយសារ​អាមេរិក​-​អ៊ីរ៉ង់ បាន​ធ្លាក់​ក្នុង​ជម្លោះ​ទៅហើយ​៕

ព័ត៌មានផ្សេងទៀត