ជន​បរទេស​ដែល​មហាជន​រិះគន់​រឿង​​​បើក​​រថយន្ត​​ស្លាក​​លេខ​​ខ​.​ម​ ត្រូវ​បាន​ចាប់ខ្លួន​​​

15-06-2019 10:28 am 716

​ក្រោយ​ផ្ទុះ​ការរិះគន់​ពី​មហាជន ជុំវិញ​ករណី​ជនជាតិ​ចិន បើកបរ​រថយន្ត​ដែល​មាន​ស្លាក​លេខ​ខេមរភូមិន្ទ​នោះ ត្រូវ​បាន​កងកម្លាំង​រាជ​អាវុធហត្ថ​ឃាត់ខ្លួន​ហើយ កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា​។​

​លោក ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ថ្លែង​ប្រាប់​អង្គភាព​សារព័ត៌មាន ឲ្យដឹងថា​៖ ការឃាត់​រថយន្ដ​ស៊េរី​ទំនើប បិទ​ស្កុត​ពណ៌​ត្រេអ៊ី​មួយគ្រឿង ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ (​ក្លែងក្លាយ​គ្មាន​ឯកសារ​ច្បាស់លាស់​) ដែល​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់ ប៉ុន្ដែ​មិនមែន​ជនជាតិ​ចិន​នោះ​ទេ​។​

​លោក ហេង ប៊ុន​ទី បានបញ្ជាក់​ថា ជន​ដែល​ឃាត់​ខ្លួន​ជាមួយ​រថយន្ដ​នោះ ទី​១៖ ឈ្មោះ កើត សុផល ជា​មន្ដ្រី​យោធា ឋានន្តរសក្តិ​អនុសេនីយ៍ឯក មុខងារ​ជំនួយការ ការិយាល័យ​បុគ្គលិក អង្គភាព​បញ្ជូន​សារ អគ្គបញ្ជាការដ្ឋាន (​បើកបរ​រថយន្ត​ស្លាក​លេខ​ខ​-​ម​គ្មាន​ឯកសារ​) និង​ទី​២៖​ឈ្មោះ KUANIA WAN WIJAYA អាយុ​៣៤​ឆ្នាំ ជនជាតិ​ឥណ្ឌូនេស៊ី ស្នាក់នៅ​ក្នុង​កាស៊ីណូ SV ខេត្ត​ព្រះសីហនុ​។​

​លោក​បន្តថា​៖ ដោយយោង​តាម​ការណែនាំ របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ជនជាតិ​ឥណ្ឌូនេស៊ី​បាន​ឲ្យធ្វើ​កិច្ចសន្យា អប់រំ​ឲ្យ​ត្រឡប់​ទៅ​វិញ ហើយ​មន្ដ្រី​យោធា​រង់ចាំ​ឲ្យ​មេញ្ជាការ​អង្គភាព​មក​ធានា និង​ធ្វើ​កិច្ចសន្យា​យក​ត្រឡប់​ទៅ​អង្គភាព​វិញ​ដូចគ្នា​។ ចំណែក​រថយន្ត​ដកហូត​រក្សាទុក​ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​នីតិវិធី​។​

​យ៉ាងណាមិញ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​នូវ​ការប្ដេជ្ញាចិត្តថា នឹង​ឲ្យ​កងកម្លាំង​អាវុធហត្ថ​ទាំងអស់​ទូទាំង​ខេត្ត បង្ក្រាប​រាល់​រថយន្ដ​ដែល​ប្រើប្រាស់​ស្លាក​លេខ​ខេមរភូមិន្ទ ក្លែងក្លាយ​បែប​នេះ​ឲ្យខាងតែបាន ដោយសារ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្ថាប័ន​កងទ័ព​៕

ព័ត៌មានផ្សេងទៀត