ចលនា​​តវ៉ា​​នៅ​កា​ហ្សាក់​ស្ថាន​​ឈានដល់​​ការចាប់ខ្លួន​​មនុស្សជិត​១​ពាន់​នាក់​

14-06-2019 12:47 pm 326
រូបភាពប៉ូលិសកំពុងចាប់ខ្លួន​ក្រុមតវ៉ា

​​អាជ្ញាធរ​កា​ហ្សាក់​ស្ថាន​បានប្រកាសកាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា បាន​ចាប់ឃុំខ្លួន​មនុស្ស​ជិត​១​ពាន់​នាក់​ហើយ ក្រោយ​ពួកគេ​ចូលរួម​ក្នុង​ការតវ៉ា​តាំងពី​ចុង​សប្ដាហ៍​មុន ប្រឆាំង​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​។ ការបោះឆ្នោត​មុន​កំណត់​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​០៩​ខែមិថុនា​។ ការបោះឆ្នោត​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​ប្រធានាធិបតីន័រស៊ុ​ល​តង់ ណាហ្សា​បា​យ៉េវ​(Nursultan Nazarbayev) ដែល​គ្រប់គ្រង​ប្រទេស​ជិត​៣០​ឆ្នាំ បានប្រកាស​ចុះ​ចេញពី​តំណែង​កាលពី​ខែ​មីនា​។​

​តាម​លទ្ធផល​ឆ្នោត​លោក​ប្រធានាធិបតី​បណ្ដោះអាសន្ន​កា​ស៊ីម ចូ​ម៉ាតតូ​កា​យ៉េវ​(Kassym-Jomart Tokayev) ជា​មនុស្ស​ជំនិត​របស់លោក​ណាហ្សា​បា​យ៉េវ ទទួលបាន​សំឡេងគាំទ្រ​ជាង​៧០​ភាគរយ ខណៈ​គណបក្សប្រឆាំង​ទទួលបាន​សំឡេងគាំទ្រ​តែ​ប្រមាណ​១៥​ភាគរយ​ប៉ុណ្ណោះ​។ ជុំវិញ​លទ្ធផល​នេះ​បានធ្វើឲ្យ​ប្រជាជន​មួយចំនួន​កើតទុក្ខ​មិន​សុខចិត្ដ និង​ចោទថា​ការបោះឆ្នោត​គ្មាន​ការប្រកួតប្រជែង​ត្រឹមត្រូវ ទើប​បណ្ដាល​ជា​ការតវ៉ា​នៅក្នុង​រដ្ឋធា​នីន័រ​ស៊ុល​តង់ និង​ទីក្រុង​អាល់​ម៉ា​ទី​ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស​។ ក្នុង​រដ្ឋធានី​កងកម្លាំង​សន្ដិសុខ​បាន​ចុះទៅ​ឡោមព័ទ្ធ​តាម​ដងផ្លូវ និង​ចាប់បង្ខំ​ឲ្យ​ក្រុមបាតុក​រចូលក្នុង​រថយន្ដ​ប៉ូលិស​។​

​ទោះបីជា​មាន​ការហាមឃាត់​យ៉ាងណាក៏ដោយ យ៉ាងហោចណាស់​មាន​ក្រុម​ប្រមូលផ្ដុំ​៥​ក្រុម​ផ្សេងគ្នា បាន​រៀបចំឡើង​ដោយ​គ្មាន​ការអនុញ្ញាត គិត​តាំងពី​ការបោះឆ្នោត​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន​។ ពេលនេះ​មាន​មនុស្ស​៩៥៧​នាក់​ត្រូវបាន​ចាប់បញ្ជូន​ទៅកាន់​តុលាការ ក្នុងនោះ​មាន​៦៧០​នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​ផ្លូវការ​។ បើតាម​ប្រព័ន្ធ​ច្បាប់​របស់​កា​ហ្សាក់​ស្ថាន អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​ទាំងនោះ អាច​នឹងត្រូវ​ឃុំខ្លួន​ជាច្រើន​ថ្ងៃ​ឬ​ច្រើន​សប្ដាហ៍ ស្របពេល​មនុស្ស​ចំនួន​១១៥​នាក់​ត្រូវ​ទទួល​ការពិន័យ និង​១៧២​នាក់​ទទួល​ការព្រមាន​។ ជាមួយនឹង​មនុស្ស​ភាគច្រើន​គ្រោង​នឹង​ដោះលែង​ឆាប់ៗ ប៉ុន្ដែ​២១៨​នាក់​កំពុង​ស្ថិតក្រោម​ការ​ឃុំឃាំ​នៅឡើយ​។​

​សូមបញ្ជាក់ថា ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក​កា​ស៊ីម ចូ​ម៉ាតតូ​កាយ៉េវ មាន​អាយុ​៦៦​ឆ្នាំ លោក​បាន​អំពាវនាវ​ឲ្យមាន​ការចរចា​ជា​មួយក្រុម​បាតុករ ហើយ​លោក​នឹង​បង្កើត​ក្រុមប្រឹក្សា​ពិសេស​មួយ បើកទូលាយ​សម្រាប់​មនុស្ស​ទូទៅ រួមទាំង​សកម្មជន​នយោបាយ​វ័យក្មេង​ផងដែរ​។ ការតវ៉ា​ផ្ទុះឡើង​យ៉ាង​កក្រើក​នៅពេលនេះ កំពុង​បង្ក​ជា​ក្ដី​ព្រួយបារម្ភ​ខ្លាច​ឈានដល់​ហិង្សា​ធ្ងន់ធ្ងរ និង​ក្លាយជា​វិបត្ដិ​ជាប់គាំង​ដោះស្រាយ​មិន​ចេញ​៕

ព័ត៌មានផ្សេងទៀត