ក្នុង​​មួយ​ថ្ងៃ​ក្រុង​ព្រះ​សីហនុ​​មាន​​សំរាម​​ចន្លោះ​​ពី​៤០០​​ទៅ​​៥០០​តោន​​

14-06-2019 10:55 am 1497
សំរាមនៅកំពង់សោម។

​ក្នុង​មួយថ្ងៃៗ​ក្រុងព្រះសីហនុ មាន​សំណល់​សំរាម​ចន្លោះ​ពី ៤០០ ទៅ ៥០០ តោន នេះ​មិនទាន់​គិតពី​កាក សំណល់​ការដ្ឋាន​សំណង់​។​ការកើនឡើង​នៃ​កាកសំណល់​សំរាម​នេះ អភិបាលរង​ខេត្ត​ព្រះសីហនុ​អះអាងថា រ​ដោយសារតែ​កំណើន នៃ​កា​វិនិយោគ​នា​ពេលបច្ចុប្បន្ន​យ៉ាង​គំហ៊ុក​។​ប៉ុន្តែ​អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​បរិស្ថាន​យល់ថា ការកើនឡើង​សំរាម​នៅ​ក្រុងព្រះសីហនុ ដោយសារ​សាលាក្រុង​ពុំមាន​ថវិកា​គ្រប់គ្រាន់  និង កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​មិនមាន​តម្លាភាព​។

​ក្រុងព្រះសីហនុ ជា​ទីក្រុង​កំពង់ផែ​សមុទ្រ​ធំ​បង្អស់​នៅ​ឆ្នេរសមុទ្រ​របស់​កម្ពុជា និង មាន​ឆ្នេរ​ដ៏​ស្រស់ស្អាត​ជាច្រើន សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​ទៅ​កំសាន្ត ពេល​សម្រាក​ពី​ការងារ​។ បច្ចុប្បន្ននេះ ទី​ក្រុងព្រះសីហនុ កំណើន​អ្នកវិនិយោគ និង ភ្ញៀវទេសចរ មាន​ការកើនឡើង​ជា​បន្តបន្ទាប់ ជាពិសេស​នោះ គឺ​ជន​ជាតិចិន​។​

​បើតាម​អភិបាលរង​ខេត្ត​ព្រះសីហនុ​លោក ជាវ វិជ្ជា​ក់ បាន​គូសបញ្ជាក់ថា ក្រុងព្រះសីហនុ​មាន ៦​សង្កាត់ មាន​ប្រជាពលរដ្ឋ​ចំនួន ៧៥.២១០​នាក់ ស្ថិតិ​ឆ្នាំ ២០១៨ និង មាន​ជនបរទេស (​ចិន​) ប្រមាណ ៤០.០០០​នាក់ ហើយ​សំរាម​នា​ពេលបច្ចុប្បន្ន មាន​ពី ៤០០ ទៅ ៥០០ តោន​ក្នុង​មួយថ្ងៃ នេះ​មិនទាន់​គិតពី​កាកសំណល់​ការដ្ឋាន​សំណង់ ។​

​ការកើនឡើង​នៃ​កាកសំណល់​សំរាម​នេះ អភិបាលរង​ខេត្ត​ព្រះសីហនុ​ពន្យល់ថា ដោយសារតែ​កំណើន នៃ​កា​វិនិយោគ​នា​ពេលបច្ចុប្បន្ន​យ៉ាង​គំហ៊ុក ធ្វើឱ្យ​សំរាម​ក៏មាន​ការកើនឡើង បង្ក​ជា​ក្តីកង្វល់​ដល់​រដ្ឋបាលខេត្ត ក៏ដូចជា​រាជរដ្ឋាភិបាល ដែល​កំពុង​គិតគូរ​ដោះស្រាយ​បញ្ហា​ប្រឈម​នា​ពេលបច្ចុប្បន្ន​។​លោក​សង្ឃឹមថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ បញ្ហា​សំរាម ទឹក​កខ្វក់ បរិស្ថាន និង​វិល​មករក​ភាពប្រក្រតី​វិញ​ជាក់​ជាមិនខាន​។ ក្រៅពីនោះ ក៏មាន​សំណល់​ប្លា​ស្ទិច នៅតាម​អូរ ប្រឡាយ​មួយចំនួន​ផងដែរ​។​

​ការលើកឡើង​របស់​អភិបាលរង​ខេត្ត​ព្រះសីហនុ គឺធ្វើឡើង​ក្នុងជំនួប​ជាមួយ​អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​បរិស្ថាន និង ជា​ប្រធាន​ក្រុមការងារ​ប្រឹក្សា​យោបល់ នៃ​វិទ្យា ស្ថាន​ឧស្សាហកម្ម​បរិស្ថាន និង បច្ចេកវិទ្យា នៃ​សាធារណរដ្ឋ​កូរ៉េ ស្តីពី​គម្រោង​សំណល់​រឹង និង​ប្លា​ស្ទិច​។​

​តាម​ការសិក្សា​ពិនិត្យ​ពី​អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​បរិស្ថាន នៃ​សាធារណរដ្ឋ​កូរ៉េ បានឱ្យដឹងថា មូលហេតុ​នៃ​ការកើនឡើង​សំណល់​សំរាម គឺ​ដោ​សារ​សាលា​ក្រុងព្រះសីហនុ​ពុំមាន​ថវិកា​គ្រប់គ្រាន់ ម្យ៉ាងទៀត​តម្លៃ​សេវា​ប្រមូល​សំរាម​ពី​ប្រជាពលរដ្ឋ​មាន​ការលំបាក ការគ្រប់គ្រង​ស្ថាប័ន និង ហិរញ្ញវត្ថុ​មាន​ការខ្វះខាត កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​មិនមាន​តម្លាភាព ខ្វះ​ការទំនាក់ទំនង​ក្នុង​ការប្រមូល បញ្ចេញ​សំរាម​ក្នុង​ក្រុង​នៅមានកម្រិត​។​

​ដូច្នេះ​ដើម្បី​ដោះស្រាយ​ការងារ​នេះ អ្នកជំនាញ​បានផ្តល់​ជា​គំនិត​ថា ត្រូវ​ពង្រឹង​ធនធាន​ស្ថាប័ន​ប្រមូល​សំរាម ពិសេស​សាលាក្រុង បង្កើត​ការិយាល័យ​គ្រប់គ្រង​សំរាម ផ្សព្វផ្សាយ​រៀបចំ​ផែនការ​ចូលរួម​ត្រួតពិនិត្យ វាយតម្លៃ​ក្នុង​ការប្រមូល​សំរាម ។​បង្កើន​សកម្មភាព​ក្នុង​ការងារ​ប្រមូល​សំរាម​មាន​ជាអាទិ៍ រៀបចំ​គោលនយោបាយ​ថ្នាក់ជាតិ ក្រុង​,​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស​,​ការវិនិយោគ​លើ​គម្រោង​សំណល់​រឹង និង តាមដាន​ត្រួតពិនិត្យ​រាល់​គម្រោង​ឱ្យមាន​ប្រសិទ្ធភាព និង​តម្លា ភាព​ធានា​បរិស្ថាន​ល្អ ៕

 ពាក្យគន្លឹះ  សំរាមក្រុងព្រះសីហនុ

ព័ត៌មានផ្សេងទៀត