ហុងគ្រី​ ប្រាប់ថា ​ឈរ​នៅ​​ខាង​កម្ពុជា​ ក្នុង​ការតស៊ូ​មតិ​​ការពារ​EBA​

14-06-2019 10:40 am 1278

​នាយករដ្ឋមន្ត្រី​ហុងគ្រី លោក វីទ័រ អូ​បេន បានប្រកាស​ឈរ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការតស៊ូ​មតិ ដើម្បី​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ក្រោម​កម្មវិធី​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ (EBA) នៅលើ​ទីផ្សារ​សហភាព​អឺរ៉ុប​។​ការប្រកាស​ជំហរ​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ចង្អៀត​រយៈពេល​ប្រមាណ​២​ម៉ោង​ជាមួយ​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ទីក្រុង​ប៊ុយ​ដា​ប៉េស ប្រទេស​ហុងគ្រី ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង របស់លោក​ហ៊ុន សែន នៅ​ថ្ងៃ​ថ្ងៃទី​១៣ មិថុនា​។​

​បើតាម​ការបញ្ជាក់​ឲ្យដឹងពី​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា ជំនួប​នោះ លោក​ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ហុងគ្រី បាន​ពិភាក្សាគ្នា អំពី​សភាពការណ៍​នៅ​សហភាព​អឺរ៉ុប ពិសេស​ក្រោយពី​ការបោះឆ្នោត​សភា កាលពីពេល​ថ្មី​កន្លងទៅ និង​ពិភាក្សា​យ៉ាង​យកចិត្តទុកដាក់​ទាក់ទិន ទៅនឹង​គោលជំហរ និង​ទស្សនៈ​របស់​ហុងគ្រី ពាក់ព័ន្ធ​គោលនយោបាយ​របស់​សហ​ភាព​អឺរ៉ុប ពិសេស​​បញ្ហា EBA​។​

​លោក​នាយករដ្ឋមន្ត្រី​ហុងគ្រី និយាយថា បញ្ហា EBA វា​ជា​រឿង​ខ្វែងគំនិត​គ្នា​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​។ លោក​ប្រាប់ថា ហុងគ្រី​តែងតែ​ឈរ និង​គាំទ្រ​កម្ពុជា​ជានិច្ច ជាពិសេស​ហុងគ្រី មិន​គាំទ្រ​ការយក​បញ្ហានយោបាយ និង​បញ្ហា​ពាណិជ្ជកម្ម សេដ្ឋកិច្ច ទៅ​លាយឡំ​គ្នា​នោះឡើយ​។​លោក​ប្រាប់​លោក​ហ៊ុន សែន ឱ្យ​ទុកចិត្ត​ចំពោះ​ហុងគ្រី ក្នុង​ការតស៊ូ​មតិ​ជាមួយ​សហភាព​អឺរ៉ុប ទាក់ទិន​បញ្ហា EBA នេះ​។​

​សូមបញ្ជាក់ថា គណៈកម្មការ​អឺរ៉ុប​កាលពី​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៩ បានប្រកាស​ជា​ផ្លូវការ នូវ​ការចាប់ផ្តើម​ដំណើរការ​នីតិវិធី​ព្យួរ​ជា​បណ្ដោះអាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ក្រោម​កម្មវិធី «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ (EBA)»​។ នីតិវិធី​នៃ​ការព្យួរ​បណ្តោះអាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ត្រូវ​ប្រើ​រយៈពេល​រហូតដល់​ទៅ​១៨​ខែ ចាប់ពី​ថ្ងៃ​ប្រកាស​ដំណើរ​នីតិវិធី​រហូតដល់​ថ្ងៃ​ចូល​ជា​ធរមាន ក្នុងករណី​សហភាព​អឺរ៉ុប​មិន​ទទួលយក​ការបកស្រាយ និង​ពន្យល់​របស់​កម្ពុជា​ទេនោះ​។​

​បច្ចុប្បន្ន​នីតិវិធី​នៃ​ការព្យួរ​បណ្តោះអាសន្ន​នេះ ស្ថិតក្នុង​ដំណាក់កាល​ទីមួយ គឺ​ដំណាក់កាល​ជជែក​តវ៉ា និង​ពន្យល់​របស់​កម្ពុជា​ទៅកាន់​គណៈកម្មការ​អឺរ៉ុប ដែលមាន​រយៈពេល​៦​ខែ គិត​ចាប់​ពីថ្ងៃ​ប្រកាស​របស់​គណៈកម្មការ​អឺរ៉ុប​។​បើ​សហភាព​អឺរ៉ុប​សម្រេច ព្យួរ​ការអនុគ្រោះ​ពន្ធ​នេះ​មែន សហភាព​អឺរ៉ុប​នឹង ទុកពេល​ឱ្យ​កម្ពុជា​៦​ខែ​ទៀត ដើម្បី​ត្រៀមខ្លួន បន្ទាប់ពីនោះ សហភាព​អឺរ៉ុប​នឹង​យកពន្ធ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា ចាប់ពី​ខែសីហា ឆ្នាំ​២០២០ តទៅ​។​

​ទំនិញ​កម្ពុជា​ដែល​នាំចេញ​ទៅ​សហភាព​អឺរ៉ុប មានដូចជា​សម្លៀកបំពាក់​គ្រប់​ប្រភេទ និង​ស្បែកជើង អង្ករ គ្រាប់​ធុញ្ញ​ជាតិ វត្ថុ​ធ្វើ​ពី​ស្បែក ឆ័ត្រ កៅស៊ូ និង​ទោចក្រយាន​ជាដើម ដែលមាន​ទំហំ​ទឹកប្រាក់​ជាង​៦​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ កម្ពុជា​ចំណេញ​ថវិកា​ជិត ៧០០​លាន​ដុល្លារ​អាមេរិក ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។ ដូច្នេះ​បើ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ គឺ​នឹង​នាំឲ្យ​កម្ពុជា​ខាតបង់​ថវិកាជិត​៧០០​លាន​ដុល្លារ​សម្រាប់​ការបង់ពន្ធ​នេះ​។​

​កន្លងមក មហា​យក្ស​ចិន​បាន​សន្យា​ជួយ​រដ្ឋាភិបាល​លោក​ហ៊ុន សែន ក្នុង​ការដោះស្រាយ​គ្រប់​បញ្ហា​ទាំងអស់ ដែល​ក្នុងនោះ​ក៏​រួមមាន​ទាំង​រឿង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ​ផងដែរ​៕

 ពាក្យគន្លឹះ  ប្រទេសហុងគ្រីEBA

ព័ត៌មានផ្សេងទៀត