ចិន​ឃុំខ្លួន​​បុរស​ពីរ​នាក់​​ដែល​ផ្សព្វផ្សាយ​​ពាក្យ​ចចាមអារ៉ាម​​ពី​ក្រុមហ៊ុន​Huawei

14-06-2019 9:53 am 573
រូបភាពឡូហ្គោក្រុមហ៊ុន​Huawei

​ប៉ូលិស​ចិន​បាន​ឃុំខ្លួន​បុរស​ពីរ​នាក់ និង​បាន​បន្ទោស​បុរស​ម្នាក់ទៀត​យ៉ាងខ្លាំង ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​ពាក្យ​ចចាមអារ៉ាម​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​Huawei​តាម​អ៊ី​ន​ធឺ​ណេត នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ តាម​របាយការណ៍​បានឲ្យដឹងថា ក្រុមហ៊ុន​Huawei​បាន​ដាក់ពាក្យ​ប្ដឹង​ពី​ពាក្យ​ចចាមអារ៉ាម​ផ្សព្វផ្សាយ​តាម​អន​ឡា​ញ ដែល​បុគ្គលិក​របស់ខ្លួន​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន ពីបទ​ធ្វើ​ចារកម្ម​ឲ្យ​សហរដ្ឋអាមេរិក​។ 

​ការស៊ើបអង្កេត​របស់​ប៉ូលិស​បង្ហាញថា បុរស​ម្នាក់​ត្រកូល​Wu​រស់នៅក្នុង​ទីក្រុង​សិន​ជិន បាន​បង្កើត​រឿងនេះ​ឡើង​និង​ផ្សព្វផ្សាយ​តាមរយៈ​WeChat​។ ចំណែក​បុរស​ម្នាក់ទៀត​រស់នៅ​ស្រុក​តុង​ហ្គ័​ន ក៏បាន​បំផ្លើស​បន្ថែម​និង​ចែកចាយ​បន្ដ​។ រីឯ​បុរស​ទី​បី​រស់នៅក្នុង​ក្រុង​ប៉េកាំង​ដែល​បាន​ចែកចាយ​ព័ត៌មាន​ចចាមអារ៉ាម​បន្ដ ត្រូវបាន​ប៉ូលិស​ណែនាំ​និង​ស្ដី​ន្ទោ​ស​យ៉ាងខ្លាំង​។​

​ប្រទេស​ចិន​កំពុង​ឃ្លាំមើល​យ៉ាង​តឹងរ៉ឹង​បំផុត​ចំពោះ​អត្ថបទ ដែល​បង្ហោះ​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត ហើយ​ក៏មាន​បុគ្គលិក​តាមដាន​ដើម្បី​លុបចោល​ព័ត៌មាន​រំខាន​ដល់​សណ្ដាប់ធ្នាប់​សង្គម​។ កាលពី​ថ្ងៃ​ពុធ​រដ្ឋាភិបាល​ចិន​បានប្រកាស​យុទ្ធនាការ​មួយ សម្អាត​នៅលើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ក្នុង​បំណង​ដាក់ទណ្ឌកម្ម​សកម្មភាព​ខុសច្បាប់​និង​បទល្មើស​ព្រហ្មទណ្ឌ​ជាដើម ដែលមាន​ចេញផ្សាយ​នៅលើ​គេហទំព័រ​។ ចិន​បាន​បិទ​គេហទំព័រ​ព័ត៌មាន​ហិរញ្ញវត្ថុ​ក្នុងស្រុក​មួយ​ឈ្មោះ​Wallstreetcn.com និង​បាន​បិទ​សារព័ត៌មាន​បរទេស​ផ្សាយ​នៅ​ចិន​ផងដែរ ដូចជា​Washington Post​និង​the Guardian​។​

​បច្ចុប្បន្ន​ក្រុមហ៊ុន​Huawei​កំពុង​តស៊ូ​ប្រឆាំងនឹង​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ដែល​ហាមប្រាម​មិនឲ្យ​ក្រុមហ៊ុន​នេះ​ធ្វើ​អាជីវកម្ម​ជា​មួយក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំៗ​ក្នុង​ពិភពលោក​។ ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​អ្នកស្រី​ម៉េង វ៉ាន់ចូ​កំពុង​ស្ថិតក្រោម​ការឃុំខ្លួន​នៅ​កាណាដា ក៏​កំពុង​រង់ចាំ​ការធ្វើ​បត្យាប័ន​ទៅ​អាមេរិក ដើម្បី​កាត់ទោស​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពីបទ​ក្លែងបន្លំ​៕

ព័ត៌មានផ្សេងទៀត