មន្ត្រី​​«​គ្រាប់​​ល្ពៅ​»​​មិន​គួរ​ឱ្យ​មាន​​នៅក្នុង​​សង្គម​​ខ្មែរ​​

14-06-2019 9:27 am 1503
លោក ស៉ីម ប៊ុនធឿន ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រេចផ្អាកការងារបណ្តោះអាសន្ន។ ប្រភពពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

​មន្ត្រី​គ្រាប់​ល្ពៅ គឺជា​មន្ត្រី​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​ជោគវាសនា​ប្រទេសជាតិ​។​គេ​មិនអាច​យក​មន្ត្រី​ប្រភេទ​នេះ​មក​ធ្វើការ​ទេ ព្រោះ​មិន​ស្មោះត្រង់​ជាមួយ​ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និង ជាពិសេស ជាមួយ​ប្រទេសជាតិ​។​នៅ​កម្ពុជា​ធ្លាប់មាន​ការ​រិះគន់ថា សំបូរ​មន្ត្រី​គ្រាប់​ល្ពៅ​ដើរ​កៀបប្រជាពលរដ្ឋ ហើយ​សរសេរ​របាយការណ៍​បំភ្លៃ​ថ្នាក់លើ​ដោយ​មិន​បង្ហាញ​ពី​តថភាព​សង្គម​ជាក់ស្តែង បិទបាំង​ទោសកំហុស​របស់ខ្លួន​។​ទម្លាប់​អាក្រក់​មន្ត្រី​គ្រាប់​ល្ពៅ អាច​ដោយសារតែ​ពួកគេ​មាន​ផ្នត់គំនិត​មួយ​យល់ថា​ខ្លួន​ជា​មន្ត្រី​មានអំណាច អាច​គ្រប់គ្រង​ពលរដ្ឋ​សាមញ្ញ ភ្លេច​គិតថា​ខ្លួន​ជា​«​ខ្ញុំបម្រើ​រាស្ត្រ​»​។​

​នៅក្នុង​សង្គម​ខ្មែរ​មាន​ផ្នត់គំនិត​មួយ​យល់ថា មាន​ឋានៈ ឬ​តួនាទី​ជា​មន្ត្រីរាជការ​ក្នុង​ស្ថាប័នរដ្ឋ (​ក្របខណ្ឌ​រដ្ឋ​) គឺមាន​សិទ្ធិអំណាច​អាចមាន​ឥទ្ធិពល​ខ្លាង​ជាង​ពលរដ្ឋ​សាមញ្ញ ហើយ​ទោះជា​ការងារ​រដ្ឋការ​ត្បិត​ទទួលបាន​ប្រាក់ខែ​តិច តែ​អាច​រក​ក្រៅ​បាន និង អាចធ្វើ​ការងារ​ខាងក្រៅ​បាន​បន្ថែម​។ នៅពេល​ដល់​វ័យចាស់​ទៅ គេ​រំពឹង​នឹង​ទទួលបាន​ប្រាក់​សោធន​និវត្ត ឬ​ប្រាក់​រឺត្រែត​ជាដើម​។​

​ម្លោះ​ហើយ​បានជា មាន​មនុស្ស​មួយចំនួន ហ៊ាន​ចំណាយ​លុយកាក់​រាប់ពាន់​ដុល្លារ ហើយ​ខ្លះទៀត​រហូតដល់​ខ្ទង់​ម៉ឺន​ដុល្លារ (​តម្លៃ​ឡើង​តាម​ទីផ្សារ​) ដោយ​លុយ​ខ្លះ​ខ្ចី​ពី​ធនាគារ ឬ បងប្អូន ជា​ថ្នូរ​ទទួលបាន​នូវ​ការងារ​រដ្ឋ​។​បើ​បុគ្គល​ណា​មាន​ខ្នង់​ខ្សែ ឬ​មាន​សែស្រឡាយ​ក្នុង​ស្ថាប័នរដ្ឋ​ស្រាប់ គេ​ចូល​ដោយ​មិន​ចំណាយ​អ្វី​ច្រើន ហើយ​ប្រឡង​ក៏​អាច​រៀបចំ​ទុកជាមុន​ផងដែរ​។​ទាំងនេះ​សុទ្ធតែ​ត្រូវបាន​គេ​លើក​មក​និយាយ​ស្ទើតែ​គ្រប់គ្នានៅ​ក្នុងសង្គម​។​

​អ្នកខ្លះ​រត់​ការជោគជ័យ​ទៅ ក៏​សប្បាយចិត្ត​ត្រេកអរ រីឯ​អ្នក​ខ្លះទៀត​ក៏​ត្រូវគេ​បោកប្រាស់​អស់​លុយ​ពី​ខ្លួន​ជំពាក់​ធនាគារ ហើយ​ខ្លះទៀត​ក៏​ជាប់​ទោសទណ្ឌ និង បាត់បង់​តំណែង ដោយសារតែ​ប្រព្រឹត្ត​អំពើពុករលួយ​ខុសច្បាប់​ស្រុកទេស​។​

​តួយ៉ាង​ដូចជា​ករណី​ថ្មីៗ​នេះ​អ៊ីចឹង មន្ត្រីនគរបាល​ចរាច​រ​១​រូប​ត្រូវបាន​លោក ស ថេត ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន ដោយសារតែ​មន្ត្រី​រូបនេះ ផាកពិន័យ​អ្នកបើកបរ​ម៉ូតូ​ល្មើសច្បាប់ ដោយ​មិន​បានចេញ​បង្កាន់ដៃ​តាម​ការកំណត់ ហើយ​ត្រូវ​ពលរដ្ឋ​លួច​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។​នេះ​នៅ​មិនទាន់​រាប់​បញ្ជូល​វិធានការនៃ​ការដក​តំណែង និង កាត់ទោស​មន្ត្រី​ខិលខូច​ដែល​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​នា​ពេលកន្លងមក​ផង​។​

​ជា​ការពិត គំនិត​ខាងលើ​អាច​នឹង​ត្រឹមត្រូវ​នៅពេល​អតីតកាល ជាពិសេស ក្រោយពេល​កម្ពុជា ទើបតែ​ក្រោក​ពី​សង្គ្រាម ខ្វះ​ធនធានមនុស្ស ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​នូវ​ទន់ខ្សោយ ទើប​បើកដៃ​ឱ្យមាន​ឱកាស​ដល់​មន្ត្រី​ខិលខូច​មួយចំនួន ដែល​ខ្វះ​មនសិការ​ជាតិ និង ភាព​លោភលន់ ប្រព្រឹត្ត​អំពើពុករលួយ​តាមតែ​អំពើ​ចិត្ត​។​អំពើពុករលួយ​នេះ បាន​នាំឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ឬ​ពលរដ្ឋ​សាមញ្ញ តាមរយៈ​ការជិះជាន់ កែង​ប្រវ័ញ្ច បង្ក​ឱ្យ​សង្គម​ខ្វះ​ភាពយុត្តិធម៌ ហើយ​ពលរដ្ឋ​ខ្លះ​ស្អប់​របប​ដឹកនាំ​របស់​រដ្ឋាភិបាល​។​

​ប៉ុន្តែ​គំនិត​នេះ អាច​នឹង​គិត​ខុស​ត្បិត​ថា បច្ចុប្បន្ន និង នៅ​ពេលអនាគត រដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ផ្លាស់ប្តូរ​របៀប​ដឹកនាំ​របស់ខ្លួន តាមរយៈ​វិធានការ​កំណែទម្រង់​ស៊ីជម្រៅ​ដោយ​អនុវត្ត​នូវ​អភិក្រម​៥​ចំណុច​រួមមាន ឆ្លុះ​កញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​ចុងក្រោយ​គឺ វះកាត់​។​ជា​វិធានការ ត្រូវបាន​ប្រកាស​ដាក់ចេញ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ឆ្នាំ​២០១៤​។​

​បច្ចុប្បន្ន​អភិក្រម​ចំណុច​ចុងក្រោយ​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​«​វះកាត់​» ត្រូវបាន​គេ​មើលឃើញថា លេចចេញ​ជា​រូបរាង​ហើយ​នៅ​ដើមឆ្នាំ​២០១៩​នេះ ពោលគឺ​តាមរយៈ​ការអនុវត្ត​ទៅលើ​មន្ត្រី​មួយចំនួន ដែល ប្រព្រឹត្ត​ផ្ទុយ​នឹង​គោលការណ៍​នៃ​អភិក្រម​ទាំង​៥​។​ការប្រកាស​អនុវត្ត​ចំណុច​ចុងក្រោយ​នៃ​អភិក្រម គឺធ្វើឡើង​ដោយ​មន្ត្រី​ខិលខូច ឬ​មន្ត្រី​គ្រាប់​ល្ពៅ​មួយចំនួន ត្រូវបាន​រដ្ឋាភិបាល​ដ​ក​ហូត​ពី​តំណែង និង រង​នូវ​ការស៊ើបអង្កេត​តាម​ផ្លូវច្បាប់ ទាក់ទង​នឹង​បទល្មើស​អំពើពុករលួយ និង បើ​អំពើហិង្សា​លើ​ប្រជាពលរដ្ឋ​។​

​ដូច្នេះ គំនិត​ដែល​គិតថា ធ្វើជា​មន្ត្រីរាជការ​អាច​ឆ្លៀត​រក​ក្រៅ​បាន ឬក៏​អាច​បាន​ប្រព្រឹត្ត​អំពើពុករលួយ ហាក់ដូចជា​ខុស​ស្ថានការណ៍ និង ជា​ការយល់​ខុសច្បាប់​ទាំងស្រុង​។​ខុស​ព្រោះ ក្នុងនាម​ជា​មន្ត្រី​បម្រើ​ពលរដ្ឋ ស៊ីប្រាក់ខែ​ពលរដ្ឋ ត្រូវតែ​បម្រើ​ប្រជាពលរដ្ឋ មិនត្រូវ​ធ្វើស្រែ​លើ​ខ្នង់​រាស្ត្រ​នោះទេ​។​

​រីឯ​មន្ត្រីរាជការ​ដែល​ធ្លាប់មាន​ឥរិយាបទ និង ការប្រព្រឹត្ត​ខុសឆ្គង​កាលពី​កន្លងមក គួរតែ​យល់​ពី​កាលៈទេសៈ​ដែរថា ខ្លោងទ្វារ​នៃ​ការប្រព្រឹត្ត​មិន​គប្បី​មើលទៅ លែង​បើកចំហរ​ទៀតហើយ​។ ប្រសិនបើ​នៅតែ​ប្រព្រឹត្ត​បន្តទៀត​នោះ ទង្វើ​អាក្រក់​របស់ខ្លួន​នឹង​វិល​មករក​ខ្លួន​វិញ​នៅ​ថ្ងៃ​ណាមួយ​ជាក់​ជាពុំខាន​៕

ព័ត៌មានផ្សេងទៀត