កម្ពុជា​-​ហុងគ្រី ឯកភាព​គ្នា​បើក​ស្ថានទូត​ជា​ថ្មី​ឡើង​វិញ​នៅ​ឆ្នាំ​២០២១

14-06-2019 9:05 am 274

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​លោក វីទ័រ អូ​បេន (Viktor Orban) នាយករដ្ឋមន្ត្រី​ហុងគ្រី បាន​ឯកភាពគ្នា បើក​ស្ថានទូត​ជា​ថ្មី​ឡើងវិញ នៅ​ឆ្នាំ​២០២១​ខាងមុខ ដែល​ជា​ខួប​៦៥​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ពីរ​។

​ការឯកភាព​គ្នា​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​កំពូល​រវាង​ប្រមុខ​រដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ នៅ​វិមាន​កាម៉េ​លីតា ប្រទេស​ហុងគ្រី នា​រសៀល​ថ្ងៃ​ទី​១៣ ខែមិថុនា​។​

​ក្នុង​កិច្ច​ជំនួប​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា បើទោះបីជា​កន្លងមក​ប្រទេស​ទាំង​ពីរ​ធ្លាប់​បើក​ស្ថានទូត ក្នុង​ប្រទេស​ផង​ខ្លួន​ក៏​ពិតមែន ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បាន​បិទ​ស្ថានទូត​រៀងៗ​ខ្លួន តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ទៅកាន​ប្រទេស​ហុងគ្រី​នៅពេលនេះ លោក​ចង់ឃើញ​ប្រទេស​ទាំង​ពីរ ធ្វើការ​បើក​ស្ថានទូត​ជា​ថ្មី​ឡើងវិញ ដើម្បី​ជួយ​គ្នា​ទៅវិញទៅមក ពិសេស​បង្កើន​កិច្ចសហប្រតិបត្តិការ​សម្រាប់​ប្រទេស​ទាំងពីរ​។​
​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ហុងគ្រី បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​១៩៥៦​។ ទំនាក់ទំនង​ការទូត​នៃ​ប្រទេស​ទាំង​ពីរ ត្រូវបាន​កាត់ផ្តាច់​ក្នុង​របប​ខ្មែរក្រហម​នា​ឆ្នាំ​១៩៧៥​។​

​ដោយឡែក នាយករដ្ឋមន្ត្រី ហុងគ្រី មានប្រសាសន៍ថា លោក​ថ្លែង​អំណរគុណ​ចំពោះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ប្រទេស​ហុងគ្រី ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី បើ​ទោះបីជា​ពេល​មុនៗ លោក​ហ៊ុន សែន ធ្លាប់​អញ្ជើញ​មកកាន់​ហុងគ្រី​ជាច្រើនលើក​ក្តី​។​

​នាយករដ្ឋមន្ត្រី​ហុងគ្រី រូបនេះ​បន្ត​ថា លោក​ពិតជា​មាន​ការរីក​រាយ ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន​ខាង​សេដ្ឋកិច្ច របស់​ប្រទេស​កម្ពុជា ហើយ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ របស់​លោក​ហ៊ុន សែន នៅពេលនេះ គឺ​យើង​ពិតជា​រីករាយ ក្នុង​ការបើក​បេះដូង​ដ៏​ទូលំទូលាយ ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​៕

ព័ត៌មានផ្សេងទៀត