តុលាការ​ចោទប្រកាន់​អ្នកពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្លឹប​«​លុច្ស​សារី​»ចំនួន​៣​បទល្មើស​

13-06-2019 3:46 pm 356

​ក្រោយ​បញ្ចប់​ការសួរនាំ តុលាការក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា​នេះ បានសម្រេច​ចោទប្រកាន់ អ្នក​ដែល​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅក្នុង​ក្លឹប​កម្សាន្ដ «​លុច្ស​សារី​» ចំនួន ៣​បទល្មើស​ផ្សេងគ្នា​ រួមមាន​៖ មេការ​ជនជាតិ​វៀតណាម និង​ខ្មែរ​ម្នាក់​ពី​បទ ផ្ដល់​ទីតាំង​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​គ្រឿងញៀន​, ក្រុម​សន្ដិសុខ​ពីបទ សម្របសម្រួល​បង្ក​លក្ខណៈ​ឲ្យ​ប្រព្រឹត្តបទ​ល្មើស គ្រឿងញៀន និង​ក្រុម​អ្នកបម្រើ​សេវា​ក្នុង​ក្លឹប ពីបទ ផ្សំគំនិត​ឲ្យ​ប្រព្រឹត្តបទ​ល្មើស​គ្រឿងញៀន​។​ ​ក្រោយ​សម្រេច​ការចោទប្រកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង​នេះ ទៅកាន់​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​។​

​ក្រុម​អ្នកពាក់ព័ន្ធ​ដែល​ត្រូវបាន​បញ្ជូន​ទៅ​តុលាការ ទាំង​១៧​នាក់ មាន​ជនជាតិ​វៀតណាម​៥​នាក់ និង​ជនជាតិខ្មែរ​១០​នាក់​។ ក្នុង​ប្រតិបត្តិការ​នោះដែរ សមត្ថកិច្ច​ក៏​បាន​ឃាត់​ជនបរទេស​៣១​នាក់ ប៉ុន្តែ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​បរទេស​។ ក្រៅពី​នោះ​ជន​ដទៃទៀត ដែល​សេព​គ្រឿងញៀន គឺ​ត្រូវបាន​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​បន្សាប​គ្រឿងញៀន​ផងដែរ​។​

​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ក្លឹប​កម្សាន្ត​ខាងលើនេះ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​៤៖០០​រំលង​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ​២១៤ កែង​ផ្លូវ​៦៣ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។ ក្រោយ​ការឆែកឆេរ​កម្លាំង​សមត្ថកិច្ច​បាន​បិទ​ក្លឹប​ជា​បណ្តោះអាសន្ន និង​បាន​នាំ​អ្នក​លេង​កម្សាន្ត​ប្រមាណ ៤០០​នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។​

​ក្លឹប​កម្សាន្ត «​លុច្ស​សារី​» ជា​ក្លឹប​កម្សាន្ត​មួយ ក្នុងចំណោម​ក្លឹប​កម្សាន្ត​ជាច្រើន​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​បិទ​ជា​បន្តបន្ទាប់​ក្រោយពី​សមត្ថកិច្ច​បាន​ចូល​ឆែកឆេរ​រកឃើញ​មាន​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ចាប់តាំងពី​លោក ស ថេត ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កាលពី​ចុងឆ្នាំ​២០១៨៕

 ពាក្យគន្លឹះ  ក្លឹបលុច្សសារី

ព័ត៌មានផ្សេងទៀត