ក្រសួង​អប់រំ​បង្ហាញ ៨​ចំណុច​ដែល​រៀបចំ​ការប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ

13-06-2019 3:27 pm 460

ក្រសួង​អប់រំ​បង្ហាញ ៨​ចំណុច​ដែល​រៀបចំ​ការប្រកួត​កីឡា​សិស្ស​ថ្នាក់​ជាតិ លើក​ទី​១ ឆ្នាំ​២០១៩ ដែល​ការរៀបចំ​ក្នុង​បំណង​៖

១-​អនុវត្ត​នយោបាយ​កំណែ​ទម្រង់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​រចនាសម្ព័ន្ធ​ប្រកួត ដើម្បី​ត្រៀម​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

២-​រៀបចំ​ការប្រកួត​ឲ្យស្រប​ទៅ​នឹង​រចនាសម្ព័ន្ធ​ការ​ប្រកួត​ថ្នាក់​តំបន់ និង​អន្តរជាតិ ដូចជា ការប្រកួត កីឡា​សិស្ស​អាស៊ាន កីឡា​សាកលវិទ្យាល័យ​អាស៊ាន និង​កីឡា​សាកលវិទ្យាល័យ​ពិភពលោក ជាដើម​។​

៣-​ជា​ដំណាក់កាល​នៃ​ការបណ្តុះបណ្តាល​មន្ត្រីរដ្ឋបាល មន្ត្រី​បច្ចេកទេស ព្រមទាំង​ជ្រើសរើស​កីឡាករ កីឡា​ការិនី​ដែល​ល្អៗ​សម្រាប់​ជា​ថ្នាល​ត្រៀម​បម្រុង​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។​

៤-​បំផុស​សកម្មភាព​អប់រំ​កាយ និង​កីឡា​កីឡា​នៅក្នុង​គ្រឹះស្ថានសិក្សា និង​នៅតាម​រាជធានី ខេត្ត​។​

៥-​ជួយ​ឲ្យ​សិស្ស​មាន​សុខុមាលភាព​ល្អ កាយសម្បទា​មាំមួន ឆន្ទៈ​មោះមុត អំណត់​ព្យាយាម វិន័យ ស្មារតី​ក្រុម គំនិត​ច្នៃប្រឌិត និង​តស៊ូ​ស្វិតស្វាញ សំដៅ​ដណ្ដើម​បាន​លទ្ធផល​ល្អប្រសើរ​លើ​ការប្រកួត ទទួលបាន​លទ្ធផល​ការសិក្សា​ល្អ និង​ជីវភាព​រស់នៅ​សុខដុមរមនា​។​

៦-​លើកទឹកចិត្ត​ដល់​អ្នកលេង​កីឡា និង​អ្នក​ដែល​មាន​ឧបនិស្ស័យ​ដើម្បី​ជ្រើសរើស​បាន​ជា​កីឡាករ -​កីឡាការិនី​ថ្នាល​ល្អៗ​ចូល​ក្នុង​ក្រុម​ជម្រើស​ជាតិ ចូលរួម​ក្នុង​ការហ្វឹកហាត់​ត្រៀមលក្ខណៈ​ចូលរួម​ការប្រកួត​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ​នានា ជាពិសេស​ដើម្បី​ត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

៧-​បង្ក​លក្ខណៈ​ឲ្យ​សិស្ស​ជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បី​ចេះ​រួមរស់​ជាមួយ​គ្នា​នៅក្នុង​សង្គម​។​

៨-​ផ្តល់​ឱកាស​ដល់​អ្នកលេង​កីឡា​បាន​ស្គាល់​តំបន់​ផ្សេងៗ ក៏ដូចជា​រមនីយដ្ឋាន​ទេសចរណ៏​នានា ដើម្បី​បណ្តុះ​គំនិត​ឲ្យ​ចេះ​ស្រឡាញ់ ចេះ​ថែរក្សា​សម្បត្តិ​វប្បធម៌​ជាតិ និង​បណ្តុះ​គំនិត​ស្នេហា​ជាតិ​។​

​សូមជម្រាបថា ការប្រកួត​នេះ ប្រកួត​លើ​១១​ប្រភេទ​កីឡា ដែល​មាន​ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡា​ការិនី ចូលរួម​សរុប​ចំនួន ៣៤៥៩​នាក់ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០១៩៕

ព័ត៌មានផ្សេងទៀត