អ៊ីរ៉ង់​ចង់ឲ្យ​​ជប៉ុន​​ជួយ​បន្ធូរបន្ថយ​​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​​របស់​អាមេរិក​

10-06-2019 11:06 am 692

​រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​លោក​ម៉ូ​ហា​ម៉េដ ចា​វ៉ាដ​សារីហ្វ​បានបង្ហា​ញក្ដី​សង្ឃឹមថា ជប៉ុន​នឹង​អាចជួយ​បន្ធូរបន្ថយ​ទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​អាមេរិក​ដាក់​លើ​ប្រទេស​របស់លោក​បាន​។ ការលើកឡើង​ដូច្នេះ​ក្នុងពេល​លោក​សារីហ្វ​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​កាល​ពី​ថ្ងៃអាទិត្យ និង​ស្របពេល​លោក​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​អ៊ីរ៉ង់​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​។ 

​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​បង្កើន​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ក្នុងនោះ​មាន​ហាមឃាត់​ការ​នាំចូល​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់​។ ជុំវិញ​បញ្ហា​នេះ​លោក​សារីហ្វ​និយាយថា រដ្ឋបាល​របស់លោក​ដូណាល់ ត្រាំ​កំពុង​ធ្វើសង្គ្រាម​សេដ្ឋកិច្ច ហើយ​កំពុង​ដាក់​ប្រជាជន​អ៊ីរ៉ង់​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​លំបាក​មួយ​។ លោក​នឹង​ពន្យល់​លោក​អាបេ​នូវ​ព័ត៌មាន​លម្អិត ពី​ការប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ទណ្ឌកម្ម​របស់​អាមេរិក​។ លោក​សារីហ្វ​សង្កត់ធ្ងន់ថា លោក​អាបេ​ប្រហែលអាច​ជួយ​បញ្ឈប់​វិធានកា​ររបស់​អាមេរិក​បាន​។​

​គួរ​បញ្ជាក់ថា រដ្ឋមន្ដ្រីការបរទេស​អ៊ីរ៉ង់​បាន​រិះគន់​សហរដ្ឋអាមេរិក ចំពោះ​ការដាក់ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​អ៊ីរ៉ង់ ស្របពេល​លោក​អំពាវនាវ​ឲ្យមាន​ការចរចា​។ លោក​បាន​និយាយថា អ្វីដែល​លោក​ត្រាំ​បានធ្វើ​លើ​អ៊ីរ៉ង់ គឺជា​ពាក្យសម្ដី​ផ្ទុយ​ពី​សកម្មភាព​នៃ​មេដឹកនាំ​របស់​អាមេរិក​៕

ព័ត៌មានផ្សេងទៀត