លោក​ហ៊ុន សែន អរគុណ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស ដែល​ចូលរួម​ពិសារ​នំ​បញ្ចុក​

10-06-2019 10:52 am 493

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​១០ ខែមិថុនា បាន​ថ្លែង​នូវ​ក្តី​អរគុណ​ដល់​បងប្អូន រស់នៅ​ឯ​ក្រៅប្រទេស ដែល​បាន​នាំគ្នា​ចូលរួម​ហូប​នំ​បញ្ចុក ដើម្បី​បង្ហាញ​ឲ្យឃើញ​នូវ​សាមគ្គីភាព មិត្តភាព និង​ការស្រឡាញ់​រាប់អាន​គ្នា​រវាង​ខ្មែរ និង​ខ្មែរ​។​

​លោកនាយក​រដ្ឋមន្ត្រី បាន​សរសេរ​ក្នុង Facebook យ៉ាង​ដូច្នេះ​ថា «​អរគុណ​បងប្អូន​ខ្មែរ​ដែល​រស់នៅ​ឯ​បរទេស ដែល​បាន​ចូលរួម​ហូប​នំ​បញ្ចុក​ជាមួយ​ក្រុម​គ្រួសារ និង​សហគម​ខ្មែរ នៅតាម​បណ្តា​រដ្ឋ និង​តាម​ទីក្រុង​នានា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព និង​ការស្រឡាញ់​រាប់អាន​រវាង​ខ្មែរ ទោះបី​បងប្អូន​កូនក្មួយ បាន​ទៅ​រស់នៅ​ឯ​បរទេស​ហើយ​ក្តី​។ យើង​ចងចាំ​ទិវា​ហូប​នំ​បញ្ចុក​នេះ ដើម្បី​ពង្រឹងស្មារតី​សាមគី្គភាព រួបរួម​ឯកភាព​ជាតិ និង​ការស្រឡាញ់​ជាតិ​មាតុប្រទេស នៅ​ក្រោម​ម្លប់​សន្តិភាព ដែល​យើង​បាន​មក​ដោយ​លំបាក​បំផុត​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ ជួបតែ​សេចក្តីសុខ និង​សំណាងល្អ​គ្រប់ៗ​គ្នា​»​។​

​ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល ក៏​បាន​បង្ហាញ​នូវ​ក្តីសង្ឃឹម​ថា បងប្អូន​ជនរួមជាតិ នឹង​បន្ត​ជួយ​ទិញ ជួយ​ហូប​នំ​បញ្ចុក​ខ្មែរ និង​បន្ត​ចូលរួម​ជួយ​លើកតម្កើង​គុណភាព​ម្ហូបអាហារ និង​នំ​ចំណី​របស់​ប្រទេស​យើង​នៅ​គ្រប់​ទីកន្លែង​៕

ព័ត៌មានផ្សេងទៀត