ក្រសួង​សុខាភិបាល​៖ មកដល់ពេលនេះ គ្មាន​ឡើយ​ករណី​ពុល​នំ​បញ្ចុក​

10-06-2019 9:51 am 416

ក្រោយ​មាន​ការផ្សព្វផ្សាយ​ពី​ការពុល នំ​បញ្ចុក នៅក្នុង​យុទ្ធនាកា​រណ៍​ហូប​នំ​បញ្ចុក ទូទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល បាន​អះអាង​ថា រហូតមកដល់​ពេលនេះ នៅ​មិនទាន់​មាន​ករណី​ប្រជាពលរដ្ឋ​ណា​ម្នាក់ ពុល​នំ​បញ្ចុក​នោះទេ​។

​លោកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​ដល់​សារព័ត៌មាន​ក្នុងស្រុ នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា​នេះ​ថា មកទល់​នឹង​ព្រឹក​នេះ មិន​មាន​ករណី​ប្រជាពលរដ្ឋ​ណា​ម្នាក់ ពុល រាគ​ក្អូត ដោយសារ​ពិសា​នំ​បញ្ចុក​នោះឡើយ​។​

​លោកស្រី ឱ វណ្ណឌី​ន បញ្ជាក់ថា «​ក្រសួង​សុខាភិបាល បាន​ត្រៀម​រួចជាស្រេច ក្នុង​ការពិនិត្យ​ព្យាបាល​ប្រជាពលរដ្ឋ ២៤​ម៉ោង​លើ​២៤​ម៉ោង បើ​មាន​ករណី​រាគ​ក្អួត ពុល ដោយសារ​ទទួលទាន​នំ​បញ្ចុក និង​ចំណីអាហារ​ផ្សេងៗ តែ​មក​ទល់​នឹង​ពេលនេះ គ្មាន​ប្រជាពលរដ្ឋ​យើង​មួយ​រូប​ណា ពុល​រាគ​ក្អួត មកកាន់​មន្ទីរពេទ្យ​យើង​ទូទាំងប្រទេស​»​។​

​អ្នកនាំពាក្យ​រូប​នេះ បាន​បន្តថា «​ក្រោម​ការដឹកនាំ​របស់​លោក​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង លោក​បាន​ចាត់ចែង​ការងារ​ដល់​មន្ដ្រី​ក្រោម​ឱវាទ​ទូទាំង​ប្រទេស ត្រូវ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ជាប្រចាំ ជាពិសេស​ក្នុង​អំឡុង​ពិសា​នំ​បញ្ចុក​សាមគ្គី នៅ​ថ្ងៃ​ទី​០៩ ខែមិថុនា​។ ក្រុមមន្ត្រី បាន​ចុះ​ទៅ​អប់រំ ទៅ​ដល់​អ្នក​លក់ អ្នក​ធ្វើ​នំ និង​អ្នក​បរិភោគ ពី​ការ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ​ជាប់​ជានិច្ច ទាំង​នំ បន្លែ និង​ចំណីអាហារ​ផ្សេងៗ​ទៀត ដើម្បី​ធានាបាន​នូវ​សុខុមាល​ប្រជាជន »​។​ ​ជាមួយគ្នានេះដែរ នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ធំៗ បានឲ្យដឹងថា មកទល់​នឹង​ថ្ងៃ​នេះ គ្មាន​ករណី​ប្រជាពលរដ្ឋ​ណាមួយ ពុល រាគ ក្អួត ដោយសារ​នំ​បញ្ចុក​នេះដែរ​៕

ព័ត៌មានផ្សេងទៀត