វិបត្តិ​​នយោ​បាយ​​​​ក្លាយ​ជា​រឿង​​ហូប​​«​នំ​បញ្ចុក​»​

10-06-2019 8:41 am 1329

វិបត្តិ​នយោបាយ​ខ្មែរ បាន​ដើរ​ដល់​ផ្លូវ​ថ្មី​មួយទៀត គឺ​ការហូប​«​នំ​បញ្ចុក​»​។​ចលនា​ហូប​នំ​បញ្ចុក បាន​ផ្ទុះឡើង នៅ​ថ្នាក់មូលដ្ឋាន បន្ទាប់ពី​មាន​ការអំពាវនាវ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឆ្លើយតប​នឹង​ព្រឹត្តិការណ៍​របស់​អតីត​អ្នកគាំទ្រ​គណបក្សប្រឆាំង​។​ការបង្កើត​ជា​ចលនា​ហូប​នំ​បញ្ចុក អាចជា​ភាព​វិជ្ជមាន​មួយផ្នែក​តូច​នៃ​នយោបាយ​នៅ​កម្ពុជា​។​ប៉ុន្តែ​វា​មិនមែនជា​ប្រធានបទ​សំខាន់​ដែល​អ្នកនយោបាយ​ខ្មែរ និង ប្រជាពលរដ្ឋ​ផ្តោត​យកចិត្តទុកដាក់​ខ្លាំង​នោះទេ​។​

​ចលនា​ហូប​នំ​បញ្ចុក បាន​ផ្ទុះឡើង​នៅ​ថ្នាក់មូលដ្ឋាន ដោយ​កន្លែង​ខ្លះ​រៀបចំ​ជា​ពិធី​ហូប​នំ​បញ្ចុក​រួមគ្នា និង ខ្លះទៀត​ហូប​ជា​លក្ខណៈ​គ្រួសារ ឬ​ឯកជន ហើយ​បាន​បង្ហោះ​ជា​សាធារណៈ​នៅលើ​បណ្តាញ​សង្គម បង្ហាញ​ពី​ទស្សន​ផ្សេងៗ​គ្នា​។​

​ការនាំគ្នា​ហូប​នំ​បញ្ចុក បាន​ផ្ទុះឡើង​គឺ​បន្ទាប់ពី​មាន​ការអំពាវនាវ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង ជា​នាយករដ្ឋមន្ត្រី​ផង បាន​ប្រាប់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស ជាពិសេស សមាជិក​បក្ស​របស់លោក​ឱ្យ​ទទួលទាន «​នំ​បញ្ចុក​» ក្នុងន័យ ឯកភាព​ជាតិ និង សាមគ្គីភាព​។​ជា​ការអំពាវនាវ ដើម្បី​ឆ្លើយតប​នឹង​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ទទួលទាន​នំ​បញ្ចុក ហើយ​ខ្លះ​ជាប់​បណ្ដឹង​នៅ​តុលាការ​។​

​តុលាការ​ខេត្តបាត់ដំបង កំពុងដំណើរការ​សាកសួ​រលើ​សមាជិក​អតីត​បក្ស​សង្គ្រោះ​ជាតិ ៣៥ នាក់ ដោយ​លើកឡើងថា ពួកគេ​ជាប់​ពាក់ព័ន្ធ​នឹង​ការបំពាន​សាលដីកា​តុលាការ​កំពូល​។ អ្នក​ទាំង ៣៥ នាក់​នោះ ធ្លាប់បាន​ទទួលទាន​នំ​បញ្ចុក​ជាមួយគ្នា និង និយាយ​រឿង​ន​យោ​បាន​គាំទ្រ​លោក សម រង្ស៊ី អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជានិច្ច​ជា​កាល​ប្រកាស​ចូល​កម្ពុជា​វិញ​។​

​វិបត្តិ​នយោបាយ​ខ្មែរ ដែល​កើតមាន​អស់​ជាច្រើន​ឆ្នាំ​មកហើយ​នោះ បាន​ដើរ​ដល់​ផ្លូវ​ថ្មី​មួយទៀត គឺ​ការ​រួមគ្នា​ហូប​«​នំ​បញ្ចុក​»​។​គណបក្សប្រឆាំង និង គណបក្សកាន់អំណាច បង្កើត​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​នេះ​ឡើង​ដូចគ្នា តែ​អត្ថន័យ​ផ្សេងគ្នា​។ គណបក្សប្រឆាំង ទំនងជា​យក​ឱកាស​នៃ​ការជួបគ្នា​ហូប​នំ បញ្ចុក ដើម្បី​ជំនួស​ជា​វេទិកា​ពិភាក្សាគ្នា​រក​យុទ្ធសាស្ត្រ​នានា គាំទ្រ​ប្រធាន​គណបក្ស​របស់ខ្លួន​ឱ្យបាន​ចូល ស្រុក​វិញ និង អាចជា​សង្គ្រាមចិត្តសាស្ត្រ​មួយ​សម្រាប់​គំរាម​ដៃគូ​។​

​រីឯ​គណបក្សកាន់អំណាច ប្រហែលជា​មិន​ចង់ឱ្យ​អ្នកគាំទ្រ​អតីត​បក្សប្រឆាំង​មាន​ចលនា​ណាមួយ កើតមាន​លើ​ដែន​គ្រប់គ្រង​របស់ខ្លួន​នោះឡើយ ហើយ​គណបក្ស​នេះ​ទំនងជា​ចង់​កម្ទិចចោល​ឱ្យ​អស់ទាំង​ស្រង​នូវ​ចលនា​ប្រឆាំង​ជាមួយនឹង​ខ្លួន ដោយ​រក​វិធីសាស្ត្រ​បិទផ្លូវ​ក្រុម​បក្សប្រឆាំង​មិនឱ្យ​មានឱកាស​អាច​វិល​ចូល​ប្រទេស​កម្ពុជា​វិញ​។

​ជារួម​ការបង្កើត​ជា​ចលនា​ហូប​នំ​បញ្ចុក អាចជា​ភាព​វិជ្ជមាន​មួយ​សម្រាប់​នយោបាយ​កម្ពុ​ជា ព្រោះ​វា​ជា​ការបញ្ជៀ​ស​នូវ​ការ​ប្រឈម​គ្នា​ដោយ​ផ្លូវ​អាវុធ ឬ​ផ្លូវ​តុលាការ​។​ហើយ​វា​ក៏​អាច​បើ​ឱកាស​ឱ្យ​គ្រប់​អ្នកគាំទ្រ​នយោបាយ​ដែលមាន​និន្នាការ​ខុសគ្នា អាច​ជួប​ជជែក​គ្នា និង យល់​អំពី​គ្នា ត្បិត​អី​ប្រធាន​បក្ស​ទាំងសងខាង​សុទ្ធសឹងតែ​ប្រកាស អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​ខ្លួន​រួមគ្នា​ហូប​នំ​បញ្ចុក​ដោយ​កុំ​រើសអើង​និន្នាការ​នយោបាយ​។​

​តែ​យ៉ាងណាក៏ដោយ ការបង្កើត​ព្រឹត្តិការណ៍​ហូប «​នំ​បញ្ចុក​» ពី​សំណាក់​អ្នកនយោបាយ​នេះ វា​មិនមែនជា​ប្រធានបទ​សំខាន់​ដែល​ប្រជាពលរដ្ឋ ឬ​អ្នកនយោបាយ​ខ្មែរ ផ្តោត​យកចិត្តទុកដាក់​ខ្លាំងពេក​នោះទេ ព្រោះ​ព្រឹត្តិការណ៍​នេះ អ្នកនយោបាយ​គ្រាន់តែ​បង្កើតឡើង​ដើម្បី​ជា​សង្គ្រាមចិត្តសាស្ត្រ​គំរាម​គ្នា​ទៅវិញទៅមក ក្នុងពេល​វិបត្តិ​នយោបាយ​កំពុង​កើតឡើង​តែប៉ុណ្ណោះ​។​

​ចំពោះ​ប្រធានបទ​ដែល​ពលរដ្ឋ ជាពិសេស អ្នកនយោបាយ ត្រូវ​យកចិត្តទុកដាក់​ខ្លាំង​នោះ គឺ​បញ្ហា​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ព្រោះថា​EBA​នេះ​វា​បាន​រួមចំណែក​ដ៏​សំខាន់ ដើម្បី​ជួយ​អភិវឌ្ឍ​កម្ពុជា ជាពិសេស​ពលរដ្ឋ​ក្រីក្រ​។​ប្រសិនបើ​វិបត្តិ​នយោបាយ​ខ្មែរ​នៅតែ​បន្ត​កើតមាន​នោះ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA អាច​នឹង​បាត់បង់​នៅ​ថ្ងៃ​អនាគត ពលរដ្ឋ​ក្រីក្រ​ជាពិសេស​កម្មករ កម្មការិនី​រោងចក្រ រួមទាំង​អ្នក​អាស្រ័យ​ផល​ពី​អនុគ្រោះ​ពន្ធ​នេះ អាច​នឹង​រងទុក្ខវេទនា​មុនគេ​។​

​ដូច្នេះ​ប្រជាពលរដ្ឋ​កម្ពុជា មិនគួរ​ភ្ញាក់ផ្អើល​តាមតែ​ព្រឹត្តិការណ៍ ដែល​បង្កើតឡើង​ដោយ​ក្រុម​អ្នកនយោបាយ​នោះទេ គួរ​គប្បី​មាន​ជំហរ​ច្បាស់លាស់​ក្នុង​ការសម្រេចចិត្ត​របស់ខ្លួន ជៀសវាង​សម្រេចចិត្ត តាម​តាម​ការ​អូសទាញ​ពី​អ្នកនយោបាយ​។ ធ្វើ​យ៉ាង​ដូច្នេះ គឺ​ដើម្បី​កាត់បន្ថយ​អំនួត​របស់​អ្នកនយោបាយ​ដែល​កំពុងមាន​អនុត្តរភាព​លើ​ខ្លួន​ខ្ពស់ និង ចូលរួម​កុំឱ្យ​សង្គម​ខ្មែរ​បែក​បាត់​ដោយសារតែ​ជម្លោះ​របស់​អ្នកនយោបាយ​។​ចំណែក​អ្នកនយោបាយ គួរតែ​កែប្រែ​ឥរិយាបថ​របស់ខ្លួន​ឡើងវិញ ហើយ​ឆាប់​បញ្ចប់​ជម្លោះ​រវាង ខ្មែរ​គ្នាឯង ដោយ​វិល​រក​ផ្លូវ​ឯកភាព​ជាតិ និង ផ្សះផ្សារ​ជាតិ​ទើប​ជា​ដំណោះស្រាយ​ល្អ​សម្រាប់​កម្ពុជា​ទាំងមូល​៕

 

 


 ពាក្យគន្លឹះ  លោកហ៊ុនសែននំបញ្ចុក

ព័ត៌មានផ្សេងទៀត