ក្រុមហ៊ុន​ថ្នាំជក់​មួយចំនួន​នៅ​កម្ពុជា​មិន​បាន​បោះ​សារ​ព្រមាន​សុខភាព​លើ​កញ្ចប់​បារី​

09-06-2019 3:11 pm 196

«​ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់​មួយចំនួន​នៅតែ​មិន​មាន​បោះពុម្ភ​សារព្រមាន​សុខភាព​នៅ​លើ​កញ្ចប់​ផលិត ផល​ថ្នាំជក់​(​បារី​)​នៅឡើយ ខណៈដែល​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ផលិតផល​ថ្នាំជក់ បាន​តម្រូវឲ្យ​មាន​សារព្រមាន​សុខភាព​នៅ​គ្រប់​ផលិតផល​ថ្នាំជក់​ទាំងអស់​»​។ នេះ​បើ​តាម​ការអះអាង​របស់​លោក កៅ សុវណ្ណ​តារា អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​លោក កៅ សុវណ្ណ​តារា បាន​លើកឡើង​ថា​ក្រោយពី​ស្រាវជ្រាវ និង​អង្កេត ឃើញថា ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់​ចំនួន​១១​នៅ​កម្ពុជា គឺ​មិន​ទាន់​បាន​អនុវត្ដ​ន៍​តាមច្បាប់​បាន​កំណត់​នៅ​ឡើយ​នោះទេ ដោយ​ក្រុមហ៊ុន​ទាំងអស់នោះ នៅតែ​បន្ដ​ការផ្សព្វផ្សាយ​ផលិតផល​ថ្នាំជក់​គ្រប់​ទម្រង់ នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន ហាង​ការ​ហ្វេ និង​កន្លែង​សារ​ធាណៈ គឺ​មិន​មាន​ការបិទ​ស្លាក​សញ្ញា​ហាមឃាត់​ការជក់បារី​ទេ​។​

​លោក​បាន​សង្កត់ធ្ងន់ថា ក្រុម​ហ៊ុម​មួយចំនួនទៀត មិន​បាន​បោះពុម្ព​សារ​ព្រមាន​លើ កញ្ចប់​ផលិតផល​ថ្នាំជក់​តែម្ដង ដែល​សកម្មភាព​បំពាន​ច្បាប់​របស់​ក្រុមហ៊ុន​ផលិតផល​ថ្នាំជក់​ទាំងនេះ បាន​បង្ក​បញ្ហា​ប្រឈម​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ និង​បាត់បង់​ថវិកាជាតិ​ជាច្រើន ដោយសារ​តែ​ក្រុមហ៊ុន​បារី​ខ្លះ​មិន​បាន​បង់ពន្ធ​ចូល​រដ្ឋ​។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ លោក មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានបញ្ជាក់​ថា មន្ដ្រី​អធិការកិច្ច​ក្រសួងសុខាភិបាល និង​អនុវត្ដ​តាម​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ហើយ​ការ​អនុវត្ដ​នេះ គឺ​ចាប់ផ្ដើម​នៅ​ចុងឆ្នាំ​២០១៩​ខាងមុខនេះ ដើម្បី​ជំរុញ​អោយ​ក្រុមហ៊ុន​បារី​ទាំងអស់​អនុវត្ដ​ន៍​តាមច្បាប់​កាន់តែ​មាន​ប្រសិទ្ធភាព និង​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​មក​នៅ​កម្រិត​ទាប​បំផុត​។​

​យោងតាម​របាយការណ៍​អង្គការ​សុខភាព​ពិភពលោក​បានឲ្យដឹងថា ជា​រៀងរាល់ឆ្នាំ កម្ពុជា​បាន​ខាតបង់​ថវិកា​ជាតិប្រមាណ​១៦៣​លាន​ដុល្លារ​អាមេរិក​ទៅ​លើ​ការព្យាបាល​ជំងឺ​ផ្សេងៗ បង្ក​ឡើង​ពី​ការជក់បារី និង​ប្រមាណ ២០១ លាន​ដុល្លារ​អាមេរិក ដែល​ប្រជាពលរដ្ឋ​បាន​ចំណាយ​ក្នុងការ​ទិញ​បារី​ជក់​ផងដែរ​៕ 

ព័ត៌មានផ្សេងទៀត