លោក​ហ៊ុន សែន​ ថា​ការហូប​នំ​បញ្ចុក​ គឺ​បានបង្ហាញ​ពី​មិត្តភាព ​និង​ឯកភាព​ជាតិ​​កាន់តែ​រឹងមាំ​​

09-06-2019 1:56 pm 663

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​៩ មិថុនា​នេះ បានបង្ហាញ​ការសប្បាយរីករាយ​យ៉ាងខ្លាំង នៅពេលដែល​ពលរដ្ឋ​ខ្មែរ ពិសេស​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា របស់លោក​នាំគ្នា​យ៉ាង​សស្រាក់សស្រាំ ហូប​នំ​បញ្ចុក តាម​ការអំពាវនាវរ​បស់​លោក​។​

​លោក​និយាយថា​«​យើង​ហូប​នំ​បញ្ចុក​ពង្រឹង​សាមគ្គីភាព និង​លើកតម្កើង​អត្តសញ្ញាណ​ជាតិ​»​។​លោក​ក៏​ឆ្លៀត​ក្រើនរំលឹក ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូលរួម​លើកតម្កើង​ម្ហូបអាហារ និង​នំចំណី​របស់​ខ្មែរ​យើង​។ ទន្ទឹមនឹងនេះ លោក​សូមឲ្យ​ពលរដ្ឋ​ចូលរួម​ដាំដុះ និង​ប្រើប្រាស់​បន្លែ​ផ្លែឈើ​គ្មាន​ជាតិគីមី កាត់បន្ថយ​ការ​នាំចូល​ផលិតផល​ដែលមាន​ជីគីមី ដើម្បី​សុខភាព​ទាំងអស់គ្នា​។​

​តាមរយៈ​សារ​នៅលើ Facebook លោក​ហ៊ុន សែន បង្ហាញ​នូ​ការ​ត្រេកអរ ដោយ​លោក​មើលឃើញថា ពិធី​នេះ ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន​តាម​ការអំពាវនាវ​របស់ខ្លួន​។ លោក​សរសេរថា «​ខ្ញុំ​រីករាយ​យ៉ាងខ្លាំង ដែល​បានឃើញ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ព្រមទាំង​ចៅៗ មានឱកាស​បាន​ហូប​នំ​បញ្ចុក​ជាមួយគ្នា​ជា​មហា​គ្រួសារ​ខ្មែរ​។​សូម​រាប់រក​ហៅ​គ្នា ជាពិសេស​អ្នកជិតខាង​ចូលរួម​ហូប​នំ​បញ្ចុក​សាមគ្គីភាព​ទាំងអស់គ្នា​នៅថ្ងៃនេះ​»​។​
​លោក ក៏​អរគុណដល់ការរៀបចំ​នំ​បញ្ចុក​ហូប​រួមគ្នា ដោយ​មិន​ប្រកាន់​ក្រុម ប្រកាន់​ជំនឿ​សាសនា ឬ​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ​។ លោក​បន្តថា ការហូប​នំ​បញ្ចុក​ថ្ងៃនេះ គឺ​បានបង្ហាញ​ពី​មិត្តភាព សាមគ្គីភាព ការស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ​យើង​កាន់តែ​រឹងមាំ​ថែមទៀត​។ 

​សូមបញ្ជាក់ថា ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាលពី​ថ្ងៃទី​០៣ មិថុនា ឆ្នាំ​២០១៩ លោក​ហ៊ុន សែន ណែនាំ​ដល់​សមាជិក សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ រួមគ្នា​រៀបចំ​កម្មវិធី​ហូប​នំ​បញ្ចុក នៅ​ថ្ងៃទី​០៩ ខែមិថុនា​នេះ​។​

​ការអំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​ការរិះគន់​មួយចំនួន​ដែល​ចំ​អករដ្ឋាភិបាល​ថា គ្រាន់តែ​បរិភោគ​នំ​បញ្ចុក​ក៏​ខុសច្បាប់​។​ជា​ការរិះគន់ ​បន្ទាប់ពី​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កោះហៅ​ចូល​បំភ្លឺ​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់ថា ​ប្រឆាំង និង រំលោភបំពាន​សាលដីកា​របស់​តុលាការ​កំពូល​ដោយយកលេស«​ហូប​នំ​បញ្ចុក​» ហើយ​នាំគ្នា​និយាយ​រឿង​នយោបាយ​គាំទ្រ​អតីត​បក្សប្រឆាំង​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែននំបញ្ចុក

ព័ត៌មានផ្សេងទៀត