អាមេរិក​ដាក់​កំហិត​ឲ្យ​តួ​ក​គី​រើស រវាង​យន្តហោះ​ចម្បាំង​អាមេរិក និង​ប្រព័ន្ធ​មី​ស៊ី​ល​រុស្ស៊ី​

09-06-2019 1:54 pm 623

​សហរដ្ឋអាមេរិក​បាន​ដាក់​ឱ​សានុវាទ​ចុងក្រោយ ឲ្យ​តួ​កគីជ្រើសរើស​យក​មួយ រវាង​យន្តហោះ​ចម្បាំង F-35​របស់​អាមេរិក និង​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​S-400​របស់​រុស្ស៊ី​។ នៅ​ក្នុងនោះ អាមេរិក​ទុកពេល​ឲ្យ​តួ​ក​គី​រហូតដល់​ចុងខែ​កក្កដា​ឆ្នាំ​២០១៩​នេះ ដើម្បី​ពិចារណា​ថា តើ​ត្រូវ​ទិញ​យន្តហោះ​របស់ខ្លួន ឬក៏​ប្រព័ន្ធ​ការពារ​ដែនអាកាស​របស់​ទីក្រុង​មូ​ស្គូ​។ បើ​តួ​ក​គី​នៅតែ​រក្សា​ជំហរ​ដដែល គឺ​ជ្រើស​យក​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​S-400​របស់​រុស្ស៊ី នោះ​តួ​ក​គី​នឹង​បាត់បង់​ឱកាស​ទទួលបាន​យន្តហោះ​ចម្បាំង F-35​របស់​អាមេរិក​យកទៅ​ប្រើប្រាស់​។ សម្រាប់​អាមេរិក​ចង់ឲ្យ​តួក​គី​ទិញ ប្រព័ន្ធ​មី​ស៊ី​ល​អាមេរិក​ប្រភេទ Patriot ជំនួស ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​S-400​របស់​រុស្ស៊ី​។ មូលហេតុ​ដោយសា​តែ ប្រព័ន្ធ​មី​ស៊ី​ល S-400 មិន​សាក​សម និង​គំរាមកំហែង​ដល់​ប្រព័ន្ធ​ការពារជាតិ​របស់​អង្គការ​ណា​តូ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ តួ​ក​គី​មិនទាន់​បញ្ជាក់​ជាថ្មី​ថា​យ៉ាងណា​នៅឡើយ​ទេ ប៉ុន្តែ​កន្លងមក​ទីក្រុង​អង់​ហ្គា​រ៉ាស់ ធ្លាប់បាន​បញ្ជាក់​ជា​ច្រើនដង​រួចមកហើយ​ថា សុខចិត្ត​បោះបង់ចោល​មិន​ទិញ​យន្តហោះ​ចម្បាំង​អា​មរិក ហើយ​ជ្រើសរើស​យក​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​S-400 របស់​រុស្ស៊ី​។ សហរដ្ឋអាមេរិក​បាន​សម្តែង​នូវ​ការខកចិត្ត នៅពេលដែល​ទទួលដំណឹង​ថា តួ​ក​គី​បាន​បញ្ជូន​ក្រុមការងារ​ទៅកាន់​ប្រទេស​រុស្ស៊ី ដើម្បី​ទទួល​ការបណ្តុះបណ្តាល ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល S-400​។ ចំណែកឯ​រុស្ស៊ី​វិញ នឹង​ចាប់ផ្តើម​ដំណើរការ​ដឹកជញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​S-400 ឲ្យទៅ​តួក​គី នៅក្នុង​រយៈពេល​ប្រហែល​២​ខែ​ទៀត​ផងដែរ​។​

​គួរ​ជម្រាបជូន​ថា អាមេរិក​និង​តួ​ក​គី​សុទ្ធតែជា​សមាជិក​អង្គការ​ណា​តូ​ដូចគ្នា​។ តែ​ភាគី​ទាំងពីរ មិនសូវ​ជា​ត្រូវរ៉ូវ​គ្នា​ប៉ុន្មាន​ទេ​។ ពោល គ្រាន់តែ​ដឹងថា តួ​ក​គី​មាន​គម្រោង​បញ្ជា​ទិញ ប្រព័ន្ធ​S-400​របស់​រុស្ស៊ី អាមេរិក ចាប់ផ្តើម​អន់ចិត្ត​ជាមួយ​តួ​ក​គី​ជាច្រើន​ខែ​មកហើយ​។ ចំណែក​តួ​ក​គី​វិញ ក៏​មិន​សប្បាយចិត្ត​ជាមួយ​អាមេរិក​ដែរ ដោយសារ អាមេរិក​តែងតែ​ចេញមុខ​ការពារ​ក្រុមឃឺ​ដមាន​មូលដ្ឋានៅ​ស៊ីរី​។ ក្រុមឃឺ​ដ​នេះ តួ​ក​គី​ចាត់ទុកជា​ក្រុម​ភេរ​វករ ចូលរួម​បង្ក​ភាពវឹកវរ​នៅ​ក្នុងប្រទេស​តួ​ក​គី ខណៈ​អា​មរិ​កចាត់ទុក​ក្រុមឃឺ​ដ​ជា​ដៃគូ ព្រោះតែ​ក្រុម​នេះ​បាន​ជួយ​អាមេរិក ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​IS​នៅ​ស៊ី​រី​កន្លងមក​៕

ព័ត៌មានផ្សេងទៀត