ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​៤​លាន​នាក់​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​ដោយសារ​វិបត្ដិ​

09-06-2019 10:40 am 173

​តាម​ការបញ្ជាក់​ពី​ទីភ្នាក់ងារ​ជំនួយ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​សុក្រ​បានឲ្យដឹងថា ប្រជាជន​វេ​ណេ​ហ្ស៊ូ​អេ​ឡា​ចំនួន​៤​លាន​នាក់ បានគេច​ចេញពី​វិបត្ដិ​សេដ្ឋកិច្ច​និង​វិបត្ដិនយោបាយ​នៅក្នុង​ប្រទេស​កំណើត ក្លាយជា​ជនអន្ដោប្រវេសន៍​នៅក្នុង​ប្រទេស​ផ្សេង​។ ក្នុងនោះ​មាន​ចំនួន​៧០​ម៉ឺន​នាក់ បាន​ភៀសខ្លួន​តាំងពី​ចុងឆ្នាំ​២០១៥​។ 

​ទីភ្នាក់ងារ​ជនអន្ដោប្រវេសន៍​អង្គការសហប្រជាជាតិ រួម​នឹង​អង្គការ​ទេ​សន្ដ​ប្រវេសន៍​អន្ដរជាតិ បានឲ្យដឹង​ក្នុង​សេចក្ដីថ្លែងការណ៍​រួមមួ​យ​ថា តួលេខ​នេះ​គឺជា​រឿង​គួរឲ្យ​ព្រួយបារម្ភ​បំផុត ដែល​បង្ហាញ​ពី​តម្រូវការ​បន្ទាន់​ក្នុង​ការគាំទ្រ​ដល់​ប្រទេស កំពុង​ទទួលយក​ជន​ភៀសខ្លួន​ទាំងនោះ ជាពិសេស​ប្រទេស​ក្នុង​តំបន់​អាមេរិក​ឡាទីន ដែល​ដឹកនាំ​ដោយ​កូឡុំប៊ី ប៉េ​រូ ឈី​លី អេក្វាឌ័រ ប្រេ​ស៊ីល និង​អា​ហ្សង់​ទីន​។ 

​គួរ​ជម្រាបជូន​ថា បច្ចុប្បន្នវេណេ​ហ្ស៊ូ​អេ​ឡា​កំពុង​ជាប់គាំង​ក្នុង​វិបត្ដិនយោបាយ និង​វិបត្ដិ​សេដ្ឋកិច្ច​ដោះស្រាយ​ពុំទាន់​រួច​ឡើយ​។ មេបក្ស​ប្រឆាំង​កំពុង​ទាមទារ​ទម្លាក់​លោក​ប្រធានាធិបតី ប៉ុន្ដែ​ប្រធានាធិបតី​មិន​ព្រម​ចុះ​ចេញពី​តំណែង ធ្វើឲ្យ​ផ្ទុះ​ភាព​តានតឹង​កាន់តែខ្លាំ​ង​បង្កចលាចល​ទូទាំងប្រទេស​។ ភាគី​ទាំងសងខាង​សុទ្ធតែ​មាន​មហាអំណាច​នៅ​ពីក្រោយ គឺ​ខាង​ក្រុមប្រឆាំង​មាន​អាមេរិក​នៅ​ពីក្រោយ និង​ខាង​រដ្ឋាភិបាល​មាន​ចិន​និង​រុស្ស៊ី​នៅ​ពីក្រោយ ប៉ុន្ដែ​នៅ​មិនទាន់​រក​ដំណោះស្រាយ​បានទេ​៕

ព័ត៌មានផ្សេងទៀត