លោក​ស៊ី​សរសើរ​ទំនាក់ទំនង​ជាមួយ​លោក​ពូន​ទីន ខណៈ​កំពុង​មានទំនាស់​ជាមួយ​អាមេរិក​

06-06-2019 4:05 pm 154

​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​។ នៅក្នុង​ដំណើរ​ទស្សន​រយៈពេល​៣​ថ្ងៃ នេះ ផ្តោតលើ​បញ្ហា​ពាណិជ្ជកម្ម​និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ សម​ភាគី​ទាំងពីរ បាន​សន្យា នឹង​ធ្វើឲ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​យោធា​នា​ពេលអនាគត​។ ចំណែក ក្នុងចំណោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ដែល​ចុះហត្ថលេខា គឺមាន​ចំណុច​មួយ​ដែល​លេចធ្លោ នោះ​គឺ ក្រុមហ៊ុន​ទូរគមនាគមន៍​រុស្ស៊ី MTS នឹង​អនុញ្ញាតឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យាយ​ក្ស​ចិន Huawei ដែល​កំពុងមាន​ភាពចម្រូងចម្រាស់​ជាមួយ​អាមេរិក ដើម្បី​បង្កើត​បណ្តាញ 5G នៅ​ប្រទេស​រុស្ស៊ី​។ ទីក្រុង​វ៉ាស៊ីនតោន បាន​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក មិនឲ្យ​សហការ​រកស៊ី​ជាមួយ​ក្រុមហ៊ុន Huawei ឡើយ ក្រោម​ហេតុផល​សន្តិសុខ​។​

​ក្រៅពី ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស៊ី ធ្វើឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​លោកពូ​ទីន​ផងដែរ​។ នៅក្នុង​សន្និសីទ​សារព័ត៌មាន លោក​ស៊ី​បាន​ថ្លែងថា​«​នៅក្នុង​រយៈពេល​៦​ឆ្នាំ​កន្លងមកនេះ យើង​បាន​ជួបគ្នា​ជិត​៣០​ដង​ហើយ​។ រុស្ស៊ី ជា​ប្រទេស​ដែល​ខ្ញុំ​បំពេញ​ទស្សនកិច្ច​ច្រើន​បំផុត ហើយ​ប្រធានាធិបតី​ពូ​ទីន គឺជា​មិត្តភក្តិ​ល្អ​បំផុត​របស់ខ្ញុំ​។ » សម្រាប់​លោកពូ​ទីន​ប្រធានាធិបតី​រុស្ស៊ី បាន​សរសើរ​ត្រឡប់​ទៅវិញ ថា​លោក​ពិតជា រីករាយ​ក្នុងការ​និយាយថា​ទំនាក់ទំនង​រុស្ស៊ី - ចិន បាន​ឈានដល់​កម្រិត​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ វា​គឺជា​ភាពជា​ដៃគូ​សកល និង​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​។ 

​ភាព​ល្អូកល្អិន​របស់​មេដឹកនាំ​កំពូល​ក្នុង​លោក​ទាំងពីរ​នេះ បាន​បង្ហាញឡើង ចំពេល​ចិន​និង​រុស្ស៊ី មាន​គម្លាត​ឆ្ងាយ​ពី​អឺរ៉ុប និង​ជាពិសេស​សហរដ្ឋអាមេរិក​តែម្តង​។ ទំនាក់ទំនង​រវាង​ទីក្រុង​ម៉ូស្គូ​ជាមួយ​ពួក​បស្ចិមប្រទេស បាន​ប្រែ​ទៅជា​ជូរចត់ នៅពេល​រុស្ស៊ី​ត្រូវបាន​រង​នូវ​ការដាក់ទណ្ឌកម្ម ដោយសារតែ​ការចូលរួម​នៅក្នុង​ជម្លោះ​អ៊ុយ​ក្រែន​កាលពី ៥ ឆ្នាំមុន ហើយ​ចំណុច​ដែល​រង​ការរិះគន់​ខ្លាំង គឺ​រឿង​ដែល​រុស្ស៊ី​រឹបអូស​យក​តំបន់​គ្រី​ម៉េ​ពី​អ៊ុ​យក្រែន​។ ក្រៅពីនោះ រុស្ស៊ី​ក៏​ត្រូវបាន​គេ​រិះគន់​ផងដែរ ចំពោះ​ការជួយ​ដល់​របប​លោក​បា​សា អាល​អាសាដ​ប្រធានាធិបតី​ស៊ី​រី​នៅ​ឆ្នាំ​២០១៥ ។​

​ចំណែក ចំណងទាក់ទង​រវាង​ចិន​ជាមួយ​អាមេរិក​វិញ បាន​ថមថយ​តាំងពី​រដ្ឋបាល​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បញ្ចេញ​សកម្មភាព គាំពារ​និយម​ផ្នែក​សេដ្ឋកិច្ច​។ ប្រទេស​ទាំងពីរ បច្ចុប្បន្នកំពុង​ជាប់គាំង​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម ខណៈ​ការចរចា​អស់​ពេល​ជាច្រើន​ខែ​មកហើយ នៅ​មិនទាន់​រកឃើញ​ច្រកចេញ​រួម​នៅឡើយ​។ ដ្បិត​ការចរចា​កំពុង​បន្ត ចិន​ត្រូវ​អាមេរិក​តំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​អាមេរិក រីឯ​ក្រុមហ៊ុន​ទូរគមនាគមន៍​យក្ស​របស់​ចិន គឺ​ក្រុមហ៊ុន Huawei ត្រូវ​អាមេរិក​ដាក់​ក្នុង​បញ្ជីខ្មៅ​ទៀត​។ 

​ដោយសារតែ​ភាគី​ទាំងពីរ​ត្រូវបាន​គេ​រើសអើង​បែបនេះ ទើប​ជំរុញ​ឲ្យ​ចិន​និង​រុស្ស៊ី​ងាក​មក​ចងសម្ព័ន្ធភាព​ជាមួយគ្នា​កាន់តែ​ជិតស្និទ្ធ​ជាង​មុន ទាំង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​យោធា​។ ភាពជា​ដៃគូ​ជិតស្និទ្ធ​ខាង​សេដ្ឋកិច្ច ត្រូវបាន​គេ​មើលឃើញ តាមរយៈ​កំណើន​នៃ​ការធ្វើ​ពាណិជ្ជកម្ម កើនឡើង ២៥ ភាគរយ​នៅ​ឆ្នាំ ២០១៨ ដែល​បាន​ឈានដល់​តួលេខ​មួយ​ខ្ពស់បំផុត​គឺ ១០៨ ពាន់​លាន​ដុល្លារ​៕

ព័ត៌មានផ្សេងទៀត