មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ​ចាត់ទុក​ព័ត៌មាន​លួច​កាប់​ឈើ​ពី​តំបន់​ព្រៃ​ឡង់​ជាការ​ញុះញង់​

05-06-2019 9:06 pm 1210
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​៤ មិថុនា បាន​ប្រតិកម្ម​នឹង​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី កាលពី​ចុងខែ​ឧសភា ដែលមាន​ខ្លឹមសារ​ថា មន្ត្រី​ជំនាញ​ឃុបឃិត​ប្រព្រឹត្តិ​បទល្មើស​លួច​កាប់​ឈើ ពី​តំបន់​ព្រៃ​ឡង់ ។ មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ បានចាត់ទុក​ការផ្សាយ​ព័ត៌មាន​នេះ ថា​បំភ្លើស​ព័ត៌មាន​ទាំងស្រុ​ង...

​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ខេត្ត​ក្រចេះ បានបញ្ជាក់​ថា បន្ទាប់ពី​បាន​ចុះ​ពិនិត្យ​ផ្ទៀងផ្ទាត់​ជាក់ស្តែង​រួចមក មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ សូម​ធ្វើ​ការបដិសេធ​ទាំងស្រុង នូវ​ខ្លឹមសារ​ផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​៣១ ឧសភា ដែល​បាន​ផ្សាយ​ក្នុង​ន័យ​ថា « មាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ជំនាញ​ប្រព្រឹត្តិ​បទល្មើស​លួច​កាប់​ឈើ ពី​តំបន់​ព្រៃ​ឡង់​ដឹក​ចូល​ក្រុមហ៊ុន​បន្លំ​ជា​ឈើ​ស្របច្បាប់ » ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទី​រ​កសិកម្ម​ខេត្ត​ក្រចេះ ចុះ​ថ្ងៃ​ទី​៤ មិថុនា ក៏​បាន​ថ្លែងថា វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​ប្រាស់ចាក​ពី​ការ​ពិត​ទាំងស្រុង​ពី​សកម្មភាព​អនុវត្ត​ជាក់ស្តែង​របស់​សមត្ថកិច្ច​ជំនាញ និង​ក្រុមហ៊ុន ស៊ី​ង​បាយ​អូ​ថេក (​ខេ​ម​បូឌា​) ខូ​អិល​ធី​ឌី ។​

​មន្ទីរ​កសិកម្ម​ខេត្ត​ក្រចេះ​យល់ឃើញថា ខ្លឹមសារ​ព័ត៌មាន​ដែល​បាន​ផ្សាយ គឺ​មាន​ចរិត​ចេតនា​ញុះញង់​សាធារណៈមតិ ឱ្យ​មាន​ការយល់ច្រឡំ ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ដែល​ជានិច្ចកាល​គ្រប់​កាលៈទេសៈ មន្ត្រី​ជំនាញ​របស់​រដ្ឋ​តែងតែ​ខិតខំ​បំពេញ​ភារកិច្ច​ស្នូល​ប្រកប​ដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ ។​

​គូសបញ្ជាក់ថា កាលពី​ថ្ងៃ​ទី​៣១ ឧសភា វិទ្យុ​អាស៊ីសេរី បាន​ផ្សាយ​អត្ថបទ​ព័ត៌មាន​មួយ មាន​ចំណងជើង​ថា អាជ្ញាធរ​រង​ការ​ចោទថា មាន​ចេតនា​បណ្តោយ​ឱ្យ​មាន​អាជីវកម្ម​ឈើ​ខ្នាត​ធំ​នៅ​ជាប់​តំបន់​ព្រៃ​ឡ​ង់ ។ 

​ចំណែក​មួយ​នៃ​ខ្លឹមសារ​អត្ថបទ​បាន​សរសេរថា ពលរដ្ឋ​នៅ​ឃុំ​បឹង​ចារ ថ្លែង​សុំ​លាក់​ឈ្មោះ​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅ​ទីនោះ បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​បម្លែង​ឈើ ដែល​កាប់​ចេញពី​ព្រៃ​អភិរក្ស​ជា​ឈើ​ស្របច្បាប់ ។ ពលរដ្ឋ​ដដែល​បន្តថា នៅ​គ្រា​ដែល​កម្មករ​ក្រុមហ៊ុន​លើក​ឈើ​ដាក់​ឡាន​គ្រប់​ចំនួន មន្ត្រីរដ្ឋបាល​ព្រៃឈើ បាន​ទៅ​យកលុយ​ពី​ក្រុមហ៊ុន ជា​ថ្នូរ​អនុញ្ញាត​ឱ្យ​នាំ​ឈើ​ចេញ អះអាងថា មាន​លិខិតអនុញ្ញាត ឬ​ហៅ​ថា ប៉េសេ ។​

​ក៏ប៉ុន្តែ យ៉ាងណាក៏ដោយ ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​មន្ទី​រ​កសិកម្ម​ខេត្ត​ក្រចេះ​ដដែល បានចាត់ទុក​ការផ្សាយ​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​ក្នុង​អត្ថបទ​ខាងលើ ថា​ជា​ព័ត៌មាន​មិន​ពិត និង​បំភ្លើស​ព័ត៌មាន​ទាំងស្រុ​ង ៕

ព័ត៌មានផ្សេងទៀត