មន្ត្រី​កម្ពុជា​ និង​វៀតណាម​ ប្រតិកម្ម​នឹង​​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ រឿង​​«​វៀតណាម​​ឈ្លានពាន​កម្ពុជា​»​

05-06-2019 3:58 pm 3687
  ស្តាប់
ពីឆ្វេងទៅស្តាំ គឺលោក Lee Hsien Loong លោកហ៊ុន ម៉ានី និង​អ្នកស្រី Le Thi Thu hang អ្នកនាំពាក្យ ក្រសួងការបរទេស វៀតណាម
ស្តាប់ជាសំឡេង

​សារ​តាម​ហ្វេ​សប៊ុក​របស់​នាយករដ្ឋមន្ត្រី​សិង្ហបុរី ដែល​​ផ្ញើ​សំបុត្រ​ទៅកាន់​រដ្ឋាភិបាល​ថៃ ដើម្បី​ចែករំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​គឺ​ឧត្តមសេនីយ៍ Prem Tinsulanonda​ លោក​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ បាន​សង្កត់ធ្ងន់​អំពី​តួនាទី​របស់​អតីត​នាយក​រដ្ឋ​ថៃ​រូបនោះ​ក្នុង​ការការពារ​សន្តិសុខ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ទសវត្សរ៍​៨០​និង​សន្តិសុខ​របស់​សមាជិក​អាស៊ាន​ទាំង​៥​នៅពេលនោះ ដោយ​ទប់ទល់​ការ​វាតទី​របស់​ប្រទេស​កុ​ម្មុយ​និស្ត​វៀតណាម ដែល​បាន​«​ឈ្លានពាន​»​ប្រទេស​កម្ពុជា ក្នុង​របប​ខ្មែរក្រហម ហើយ​ដែល​ការណ៍​នេះ​បាន​ក្លាយជា​ឧបសគ្គ​ក្នុង​ការទទួលស្គាល់​រដ្ឋាភិបាលថ្មី​របស់ក​ម្ពុ​ជា​ពេលនោះ នៅ​អង្គការសហប្រជាជាតិ​។​

​កូនប្រុស​ពៅ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន គឺ​លោក​ហ៊ុន ម៉ា​នី បាន​ប្រតិកម្ម​ដោយ​សរសេរ​នៅលើ​ហ្វេ​សប៊ុក​ជា​ភាសា​អង់គ្លេស ដោយ​ភ្ជាប់​រូបភាព​របស់លោក Lee Hsien Loong ថា លោក​មាន​«​ការភ្ញាក់ផ្អើល​»​ចំពោះ​សារ​របស់​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​សិង្ហ​បុរី នេះ​។ លោក​ហ៊ុន ម៉ា​នី និយាយថា ទោះបី​លោក​យល់ថា មតិ​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ធ្វើឡើង​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​ក្នុង​ទសវត្សរ៍​១៩៧០​និង​១៩៨០​ក្តី  ក៏​លោក​យល់ថា គេ​មិនគួរ​មើលរំលង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ការ​ប្រល័យពូជសាសន៍ ប្រព្រឹត្ត​ដោយ​របប​ខ្មែរក្រហម​លើ​ជនរងគ្រោះ​«​ជិត​៣​លាន​»​នាក់​នោះទេ​។​

​នៅក្នុង​សុន្ទរកថា​បើក​វេទិកា Shangri-La Dialogue ដែលជា​កិច្ចប្រជុំ​កំពូល​សន្តិសុខ​ទ្វីបអាស៊ី នៅ​យប់​ថ្ងៃ​សុក្រ​នោះដែរ លោក Lee Hsien Loong បាន​ថ្លែង​ទៅកាន់​គណៈប្រតិភូ​មកពី​ជុំវិញ​ពិភពលោក​ដោយ​លើកយក​ព្រឹត្តិការណ៍​នៃ​«​ការឈ្លានពាន​របស់​វៀតណាម​»​ក្នុង​បរិបទ​ប្រវត្តិសាស្ត្រ​នយោបាយ​តំបន់​នៅពេលនោះ​មក​បញ្ជាក់​ជាថ្មី​ថា​៖«​បន្ទាប់ពី​សង្គ្រាមត្រជាក់​បានបញ្ចប់ សហរដ្ឋអាមេរិក​បាន​ក្លាយជា​ប្រទេស​មហាអំណាច​តែមួយគត់​។ អាស៊ីអាគ្នេយ៍​បាន​ចូលទៅក្នុង​ដំណាក់កាល​ថ្មី​មួយ​។ សង្គ្រាម​ឥណ្ឌូចិន​បាន​បញ្ចប់ទៅ ហើយ​ប្រទេស​កុម្មុយនីស្ត​នានា​[​នៅ​ឥណ្ឌូចិន​]​បាន​បើកចំហ​នយោបាយ​ជាង​មុន​។ ប៉ុន្មាន​ឆ្នាំមុន​នោះ ប្រទេស​វៀតណាម​បាន​ឈ្លានពាន​កម្ពុជា ហើយ​ក្លាយជា​ការគំរាមកំហែង​យ៉ាងខ្លាំង​ដល់​ប្រទេសជិតខាង​ខ្លួន​ដែល​មិនមែន​កុម្មុយនីស្ត​។ ប៉ុន្តែ​ឥឡូវនេះ វៀតណាម​បាន​ចូល​ជា​សមាជិក​អាស៊ាន ដោយ​រួមទាំង កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា​ផងដែរ​។ នេះ​ជា​ករណី​នៃ​ការ​ប្រែក្លាយ​សង្គ្រាម​ឲ្យទៅជា​សន្តិភាព​»​។​

​តាមរយៈ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ប្រមុខ​ការពារជាតិ​កម្ពុជា លោក​ទៀ បាញ់ ក៏បាន​ប្រតិកម្ម​តប​វិញ​ថា ការលើកឡើង​ដោយ​ប្រើពាក្យ​«​ការឈ្លានពាន​»​របស់​វៀតណាម មិន​យុត្តិធម៌ ចំពោះ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​ក៏ដូចជា​ពលរដ្ឋ​កម្ពុជា​ដែល​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម​នោះទេ​។ លោក​ថា វត្តមាន​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម វា​ជា​ការស្នើសុំ​របស់​កម្ពុជា ដើម្បីឲ្យ​ភាគី​វៀតណាម​មកជួយ​«​រំដោះ​»​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍​។ លោក​ទៀ បាញ់ ថា ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​នេះ​ថា ជា​ការយល់ច្រឡំ​អំពី​ប្រវត្តិសាស្ត្រ​។​

​ចំណែក​ភាគី​វៀតណាម​វិញ គឺ​អ្នកស្រី Le Thi Thu hang អ្នកនាំពាក្យ ក្រសួងការបរទេស វៀតណាម បាន​សរសេ​រលើ បណ្ដាញ​សង្គម​Twitter ចាត់ទុក​ការលើកឡើង របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី មិនបាន ឆ្លុះបញ្ចាំង​ពី​ការ​សច្ចភាព ប្រវត្តិសាស្ត្រ ហើយ បង្កឲ្យមាន​ផលប៉ះពាល់ អវិជ្ជមាន ក្នុងចំណោម​សាធារណមតិ​៕

ព័ត៌មានផ្សេងទៀត