កូរ៉េខាងជើង​​ផ្ដាំ​ទៅ​អាមេរិក​​កុំ​ចង់​​សាកល្បង​​ការអត់ធ្មត់​​របស់ខ្លួន​

05-06-2019 3:39 pm 498
  ស្តាប់
ពីឆ្វេង លោកគីម ជុងអ៊ុននិងលោកដូណាល់ ត្រាំ
ស្តាប់ជាសំឡេង

​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង​KCNA បាន​ចេញផ្សាយ​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ ដោយនិយាយ​ពាក់ព័ន្ធ​នឹង​អាមេរិក​ជាមួយ​កូរ៉េខាងជើង​។ ក្នុង​អត្ថបទ​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ កូរ៉េខាងជើង​បាន​ព្រមាន​ទៅ​សហរដ្ឋអាមេរិក​ថា កិច្ចព្រមព្រៀង​ដែល​លោក​ដូណាល់ ត្រាំ​បាន​ចុះ​ជាមួយ​លោក​គីម ជុង​អ៊ុន​នៅ​សិង្ហ​បុរី​ឆ្នាំមុន អាច​ស្ថិតក្នុង​ហានិភ័យ​គ្រប់ពេល​។ កូរ៉េខាងជើង​បាន​បន្ទោ​ស​អាមេរិក​ថា​ដាក់​សម្ពាធ​ហួសហេតុ​ពេក ដើម្បីឲ្យ​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​។​

​សេចក្ដីថ្លែងការណ៍​ព្រមាន​របស់​កូរ៉េខាងជើង ចេញ​ស្របពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អះអាងថា កូរ៉េខាងជើង​បានដាក់​ទោស​មន្ដ្រី​ជាច្រើនរូប ជា​សមាជិក​ដឹកនាំ​ក្រុម​ចរចា​រៀបចំ​កិច្ចប្រជុំ​លើក​ទី​ពីរ​របស់លោក​គីម​ជាមួយ​លោក​ត្រាំ​នៅ​វៀតណាម ក្រោយ​កិច្ចប្រជុំ​បរាជ័យ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ជិត​មួយឆ្នាំ​មកហើយ​បន្ទាប់ពី​លោក​ត្រាំ​និង​លោក​គីម​បាន​ជួបគ្នា​ជា​លើកដំបូង​នៅ​សិង្ហ​បុរី​។ កាលនោះ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បួន​ចំណុច​ធំៗ ប្ដេជ្ញា​ស្ដារ​ទំនាក់ទំនង​ជាថ្មី​។ ប៉ុន្ដែ​កិច្ចព្រមព្រៀង​អាច​ប្រឈម​នឹង​ហានិភ័យ​គ្រប់ពេល បើ​អាមេរិក​មិន​ព្រម​ទម្លាក់ចោល​គោលនយោបាយ ទទូច​ឲ្យ​កូរ៉េខាងជើង​រំលាយ​នុយក្លេអ៊ែរ​ជា​ឯកតោ​ភាគី​។​

​កូរ៉េខាងជើង​ព្រមាន​ថា មុនពេល​អ្វី​គ្រប់យ៉ាង​យឺត​ពេល ប្រសិនបើ​អាមេរិក​មិន​ដើរ​ជាមួយ​យុទ្ធសាស្ដ្រ​ថ្មី​ទេ កិច្ចព្រមព្រៀង​រួម​ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​អាច​ក្លាយជា​ក្រដាស​ទទេ​។ ល្អ​បំផុត​អាមេរិក​គួរតែ​ពិភាក្សា​ផ្លាស់ប្ដូរ​យុទ្ធសាស្ដ្រ​បច្ចុប្បន្ន ហើយ​ឆ្លើយតប​នឹង​សំណើ​កូរ៉េខាងជើង​ឲ្យបាន​ឆាប់ ព្រោះ​ការអត់ធ្មត់​របស់​កូរ៉េខាងជើង​មាន​ដែន​កំណត់​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​លើក​ទី​ពីរ​ក្នុង​ទីក្រុង​ហាណូយ​កាលពី​ចុង​ខែកុម្ភៈ ត្រូវ​រង​បរាជ័យ​នៅពេល​លោក​ត្រាំ​ថា លោក​គីម​មិនបាន​ធ្វើ​សប្បទាន​គ្រប់គ្រាន់​លើ​អាវុធ​នុយក្លេអ៊ែរ​ឬ​មី​ស៊ី​ល​ផ្លោង ដោះដូរ​នឹង​ការដក​ទណ្ឌកម្ម​ពី​អន្ដរជាតិ​។ យ៉ាងណាក៏ដោយ​កូរ៉េខាងជើង​និយាយថា ខ្លួន​មានបំណង​បន្ដ​អនុវត្ដ​តាម​សេចក្ដីថ្លែងការណ៍​រួម​បាន ដរាបណា​អាមេរិក​រកឃើញ​វិធីសាស្ដ្រ​ស្ថាបនា​មួយ​៕

ព័ត៌មានផ្សេងទៀត