លោក ហ៊ុន ម៉ា​នី​៖«​ខ្មែរ​មិន​មែន​​ប្រឹង ដើម្បី​​ប្រជែង​ខ្មែរ​​គ្នាឯង​​ទេ​»​

05-06-2019 11:49 am 1980
លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​។ រូបថតពីហ្វេសប៊ុនឈ្មោះ Hun many

​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​លោក ហ៊ុន ម៉ា​នី ជា​កូនប្រុស​ពៅ​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​៥ មិថុនា​នេះ បានបង្ហាញ​ជា​សារ​នយោបាយ​ខ្លី​មួយ​ថា​«​ខ្មែរ​មិនមែន​ប្រឹងប្រែង ដើម្បី​ប្រកួត ប្រជែង​ជាមួយ​ខ្មែរ​គ្នាឯង​នោះទេ​»​។​ជា​សារ​ធ្វើឡើង​ខណៈពេលដែល​បច្ចុប្បន្ន​ទំនាស់​នយោបាយ​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង បាន​កើតឡើង​ជា​បន្តបន្ទាប់​។​

​លោក ហ៊ុន ម៉ា​នី បាន​សរសេរ​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកយ៉ា​ង​ដូច្នេះ​ថា «“​ខ្មែរ​មិនមែន​ប្រឹងប្រែង ដើម្បី​ប្រកួតប្រជែង ជាមួយ​ខ្មែរ​គ្នាឯង​នោះទេ យើង​ត្រូវដាក់​គោលដៅ ក្នុង​ការប្រកួតប្រជែង ជាមួយ​ប្រទេស​ដទៃ​”​។​

​សារ​នយោបាយ​ខ្លី​របស់​កូនប្រុស​ពៅ​នាយករដ្ឋមន្ត្រី​នេះ មាន​ការគាំទ្រ និង នាំគ្នា​ចែករំលែក​យ៉ាងច្រើន​ពី​អ្នក​លែង​បណ្តាញ​សង្គម ដោយ​អ្នកលេង​ខ្លះ​បាន​ខំ​មិនជា​រូប​បេះដូង និង សរសេរ​ជា​សំណេ​រថា ដើម្បី​ប្រកួត​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ កម្ពុជា​ត្រូវ​មានចំណេះដឹង​ខ្ពស់ គុណធម៌​ល្អ ចេះ​ចូលរួម​អភិវឌ្ឍ​សង្គម ស្រឡាញ់ និង​ថែរក្សា បរិស្ថាន ហើយ​ប្រសិនបើ​កម្ពុជា​មាន​ធនធាន​ទាំងនេះ គឺ​ពិតជា​ប្រសើរ ។​

​តែ​យ៉ាងណា អ្នក​បណ្តាញ​សង្គម ក៏បាន​អំពាវនាវ​ដល់ អ្នកដឹកនាំ​គ្រប់​លំដាប់ថ្នាក់​របស់​កម្ពុជា គួរតែ​ប្រកបដោយ​សីលធម៌ និង គុណធម៌​ផងដែរ​។​ក្រៅពី​ការទាមទារ​ឱ្យមាន​សីលធម៌ និង គុណធម៌ អ្នកលេង​បណ្តាញ​សង្គម ក៏បាន​ស្នើសុំ​ឱ្យ​អ្នកនយោបាយ​ខ្មែរ ត្រូវតែមាន​ការឯកភាព​ជាតិ​រួមគ្នា​ពិតប្រាកដ​មួយ​ក្នុង​ការអនុវត្ត ដោយ​មិនមែន​មានតែ​ពាក្យសម្ដី​ពោល​ឱ្យតែ​ពិរោះ​នោះទេ​។​

​ជា​ការកត់សម្គាល់ សារ​នយោបាយ​ខ្លី​របស់លោក ហ៊ុន ម៉ា​នី អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តកំពង់ស្ពឺ​ពេលនេះ គឺធ្វើឡើង​ស្របពេល​ដែល​បច្ចុប្បន្ន​ទំ​នាស់​នយោបាយ​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក សម រង្ស៊ី អតីត​មេដឹកនាំ​អតីត​គណបក្សប្រឆាំង បាន​កើតឡើង​ជា​បន្តបន្ទាប់​។​ហើយ​ពេល​ថ្មីៗ​នេះ ក្រុម​អតីគណ​បក្សប្រឆាំង និង គណបក្សកាន់អំណាច បាន​បង្កើត​ព្រឹត្តិការណ៍​ហូប​នំ​បញ្ចុក​ដូចគ្នា តែ​អត្ថន័យ​ផ្សេងគ្នា​។​

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​០៣ ខែមិថុនា​។ លោក​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ហូប​នំ​បញ្ចុក​នៅ​ថ្ងៃទី​០៩ ខែមិថុនា ដើម្បី​ឆ្លើយតប​នឹង​ព្រឹត្តិការណ៍​របស់​អតីត​អ្នកគាំទ្រ​គណបក្សប្រឆាំង​។ លោក ហ៊ុន សែន ចាត់ទុក​សកម្មភាព​ហូប​នំ​បញ្ចុក​របស់​អ្នកគាំទ្រ​បក្ស​កាន់អំណាច​ធ្វើឡើង ដើម្បី​សាមគ្គីភាព​៕

 ពាក្យគន្លឹះ  លោកហ៊ុនម៉ានី

ព័ត៌មានផ្សេងទៀត