លោក​អ៊ូ ច័ន្ទ​រ័ត្ន ​ទទូច​ដល់​​អ្នកនយោបាយ​​រក​ដំណោះស្រាយ​​ក្រោម​ម្លប់​​ព្រះមហាក្សត្រ​​

05-06-2019 11:12 am 1876
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​អ៊ូ ច័ន្ទ​រ័ត្ន អតីត​អ្នកតំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ទទូច​ដល់​អ្នកដឹកនាំ​នយោបាយ​គ្រប់​និន្នាការ គួរតែ​ងាក​មក​ស្វែងរក​ដំណោះស្រាយ បញ្ហា ចំពោះមុខ រវាង​ខ្មែរ និង​ខ្មែរ ក្រោម​ម្លប់​នៃ​អង្គ​ព្រះមហាក្សត្រ ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង GSP និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ ឡើងវិញ​។​

​លោក​ក៏​អំពាវនាវ ដល់​គណៈកម្មការ​ពាណិជ្ជ​កម្ម​សហគមន៍​អឺរ៉ុប ជួយ​សម្របសម្រួល​យ៉ាងណា ក្នុងការ​រក្សាទុក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ស្តារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ឲ្យបាន​ដល់​កម្ពុជា​។​

​លោក​អ៊ូ ច័ន្ទ​រ័ត្ន នៅតែមាន​សុ​ទិដ្ឋិ​យម​ថា ទាំង EBA ទាំង​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស សុទ្ធតែ​មាន​សារសំខាន់​ខ្លាំងណាស់​សំរាប់​ប្រជាពលរដ្ឋ និង​អនាគត​កម្ពុជា​។ លោក​ថា ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​នាំមក​នូវ​សម្ពាធ​អន្តរជាតិ ជា​បន្តបន្ទាប់ ដូចជា​ប្រព័ន្ធ GSP របស់​សហរដ្ឋអាមេរិក​ជាដើម ដែល​នឹង​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ និង​ការលូតលាស់​របស់​កម្ពុ​ជា និង​ជា​ការដាក់​ប្រទេស​ទាំងមូល​ក្នុង​ភាព​ប្រថុយប្រថាន ទាំង​សេដ្ធកិច្ច និង​ទាំង​នយោបាយ​។​

​ការណ៍​នេះ លោក​អ៊ូ ច័ន្ទ​រ័ត្ន​នៅតែ​យល់ថា ការ​បន្ទន់ឥរិយាបថ រកគ្នា​រវាង​ថ្នាក់ដឹកនាំ​នយោបាយ ជា​គន្លឹះ​ដែល​ឈានទៅរក​ដំណោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​បាន ហើយ​អាច​ការពារ​សមិទ្ធផល ទាំង​ផ្នែក​ប្រជាធិបតេយ្យ ទាំង​ផ្នែក​សេដ្ឋកិច្ច ដែល​កម្ពុជា​បាន​កសាង​កន្លងមក និង​ទៅ​អនាគត​។​

​យ៉ាងណា នេះ​គ្រាន់តែ​ជា​ការទទូច​របស់លោក​អ៊ូ ច័ន្ទ​រ័ត្ន ជា​ឯកតោភាគី​តែប៉ុណ្ណោះ​។ ប៉ុន្តែ​បំណង​របស់លោក​ពេលនេះ ទំនងជា​មិនមាន​ឥទ្ធិពល​អ្វី ដល់​មេដឹកនាំ​នយោបាយ​ទាំងពីរ​ភាគី គឺ​បក្ស​កាន់អំណាច និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះទេ ពីព្រោះ​ការទទូច​បែបនេះ មិនមែន​ទើបតែ​លោក​អ៊ូ ច័ន្ទ​រ័ត្ន​ទេ​។ អ្នកតាមដាន​នយោបាយ អ្នកវិភាគ និង​មជ្ឈដ្ឋាន​ទូទៅ​នានា ក៏​ធ្លាប់​ស្នើឡើង​ដែរ ឲ្យ​មេដឹកនាំ​នយោបាយ​ងាក​មករក​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ ក្រោម​ការសម្របសម្រួល​ពី​អង្គ​ព្រះមហាក្សត្រ​ដូច្នេះ​ដែរ​។​

​កន្លងមក ពេល​មេដឹកនាំ​នយោបាយ នៅតែ​មិន​ទោ​ទន់​រកគ្នា ក្រុមអ្នកវិភាគ​ក៏​បានទូល​សុំ​ព្រះមហាក្សត្រ​យាង​ធ្វើជា​អាជ្ញាកណ្តាល​សម្របសម្រួល​ក្នុង​ជម្លោះ​នយោបាយ​នេះ ដូចដែល​អតីតព្រះមហាក្សត្រ​បរម​រតន​កោដ្ឋ​នរោត្តម សីហនុ ធ្លាប់បាន​ធ្វើ​រួចមកហើយ​។​

​ប៉ុន្តែ ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​បក្ស​កាន់អំណាច​ធ្លាប់បាន​បញ្ជាក់ថា ស្ថានភាព​នយោបាយ​ជាមួយ​បក្សប្រឆាំង ទោះបី​ពឹងផ្អែក​លើ​ព្រះមហាក្សត្រ ក៏​មិន​អាចទៅរួច​ដែរ ដោយ​លើក​ហេតុផល​ថា អតីត​គណបក្សប្រឆាំង​មាន​បញ្ហា​ត្រូវ​ប្រឈមមុខ​ច្បាប់ ដែល​ដោះស្រាយ​តាម​គោលការណ៍​ច្បាប់​ឲ្យ​រួច​សិន​។ ដូច្នេះ មិនអាច​ព្រះរាជតួនាទី​របស់​ព្រះមហាក្សត្រ មក​រំលោភ​លើ​ច្បាប់​បានទេ​។​

លោក​ច័ន្ទ​រ័ត្ន ក៏​ធ្លាប់បាន​និយាយ​ដែរថា បើសិនជា​ថ្នាក់ដឹកនាំ​នយោបាយ​នៅតែ​ផ្លោង​សម្តី​ទៅវិញទៅមក​របៀបនេះ មិនអាច​នឹង​រក​ដំណោះស្រាយ​បានទេ​។ លោក​ថា បើសិនជា​មិន​ព្រម​ដោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ​ទេ គ្មាន​អ្នកណា​គេ​អាចជួយ​ដោះស្រាយ​យើង​បានទេ​៕

 ពាក្យគន្លឹះ  លោកអ៊ូ ច័ន្ទរ័ត្ន

ព័ត៌មានផ្សេងទៀត