កុង​ហ្គោ​​ផ្ទុះ​ជំងឺអេបូ​ឡា​​ជាង​២​ពាន់​​ករណី​​ក្នុង​រយៈពេល​​១០​ខែ​ចុងក្រោយ​

05-06-2019 10:51 am 184
រូបភាពបុគ្គលិកសុខាភិបាលកំពុងបំពេញការងារ

បើតាម​ការបញ្ជាក់​ពី​មន្ដ្រី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​បានឲ្យដឹងថា ក្នុង​រយៈពេល​១០​ខែ​ចុងក្រោយ​នេះ កុង​ហ្គោ​មានផ្ទុះ​ជំងឺអេបូ​ឡា​ជាង​២​ពាន់​ករណី​។ ករណី​ដែល​ផ្ទុះឡើង​មាន​ពីរភាគបី​បាន​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ នេះ​បើតាម​សេចក្ដីរាយការណ៍​ពី​ក្រសួង​សុខាភិបាល​។ ការផ្ទុះ​ឡើង​នៃ​ជំងឺអេបូ​ឡា​ស្ថិតនៅភាគ​ខាងកើត​សាធា​រណ​រដ្ឋ​កុង​ហ្គោ គឺជា​ករណី​ធំ​បំផុត​ទី​ពីរ​ក្នុង​ប្រវត្ដិសាស្ដ្រ បាន​កើនឡើង​ខ្លាំង​ក្នុងពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​។ ស្របពេល​ជាមួយគ្នា​បុគ្គលិក​សុខាភិបាល​ដែល​ព្យាយាម​ចុះទៅ​ទប់ស្កាត់​ការឆ្លង​រាលដាល ត្រូវបាន​រារាំង​ដោយសារតែ​ការមិន​ទុកចិត្ដ​និង​អំពើហិង្សា​ពី​សំណាក់​ប្រជាជន​។​

​មន្ដ្រី​សារព័ត៌មាន​BBC​ប្រចាំ​នៅ​តំបន់​អាហ្វ្រិក​បាន​រាយការណ៍​ថា ទោះបីជា​ករណី​ជំងឺអេបូ​ឡា​បានសម្លាប់​មនុស្សជា​ង​១,៣០០​នាក់​ចាប់តាំងពី​ខែសីហា​ឆ្នាំមុន​ក្ដី បុគ្គលិក​អង្គការ​សប្បុរសធម៌​អុក​ហ្វាម​(Oxfam)​បាន​និយាយថា ក្រុមការងារ​របស់​ពួកគេ​បាន​ជួប​ជាមួយ​ប្រជាជន​ជា​រៀងរាល់ថ្ងៃ ហើយ​ប្រជាជន​មិនបាន​ជឿថា​មាន​ផ្ទុះ​វីរុស​នេះ​ទេ​។ អ្នកខ្លះ​ទៀត​មិន​ទុកចិត្ដ​បុគ្គលិកសុខា​ភិ​បាលឡើយ ដែល​ធ្វើឲ្យ​អ្នក​ផ្ទុក​ជំងឺ​មិន​បានទទួល​ការព្យាបាល ធ្វើឲ្យ​រឹតតែ​ពិបាក​ក្នុង​ការទប់ស្កាត់​ការឆ្លង​។​

​សម្រាប់​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយថា ហា​នី​ភ័យ​នៃ​ការរីក​រាលដាល​នៅ​ទូទាំង​ពិភពលោក​មាន​កម្រិត​ទាប តែ​វា​អាចមាន​ការឆ្លង​ទៅកាន់​ប្រទេស​ក្បែរ​ខាង​។ ការផ្ទុះ​ឡើង​នៃ​ជំងឺអេបូ​ឡា​ប៉ះពាល់​ដល់​មនុស្ស​មួយចំនួ​ន​តូច​ប៉ុណ្ណោះ ហើយ​ផ្ទុះ​ខ្លាំង​តែ​ម្ដងគត់​គិត​តាំងពី​ជំងឺអេបូ​ឡា​រីក​រាលដាល​នៅ​អាហ្វ្រិក​ខាងលិច​ចន្លោះ​ពី​ឆ្នាំ​២០១៣​ដល់​២០១៦ ដែល​កាលនោះ​សម្លាប់​មនុស្ស​១១,៣១០​នាក់​។​

​សូម​ជម្រាបជូន​ថា អេ​បូឡា​គឺជា​ប្រភេទ​វីរុស​ម្យ៉ាង​ដែល​បណ្ដាលឲ្យ​អ្នក​ផ្ទុក​ជំងឺ​នេះ​ក្អួត រាក​រូស គ្រុនក្ដៅ​ភ្លាមៗ ទន់ខ្សោយ​ខ្លាំង ឈឺ​សាច់ដុំ និង​ឈឺបំពង់ក​។ វា​រាលដាល​ទៅជា​រាក​និង​ក្អួត​ហើយ​បណ្ដាលឲ្យ​ហូរឈា​មទាំង​ផ្នែក​ខាង​ក្នុងនិង​ខាងក្រៅ​។ ជំងឺ​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​ការប៉ះពាល់​ដោយផ្ទាល់​នឹង​មុខរបួស ប៉ះពាល់​មុខ មាត់ ច្រមុះ ឈាម ក្អួត ឬ​សារធាតុ​រាវ​នៃ​អ្នក​ផ្ទុក​វីរុស​អេ​បូឡា​។ អ្នកជំងឺ​អាច​ស្លាប់​ដោយសារតែ​ខ្វះ​សារ​ធាតុទឹក​និង​ការបាត់បង់​សរីរាង្គ​ជាច្រើន​ទៀត​៕

ព័ត៌មានផ្សេងទៀត