កំពង់ផែ​ស្វយ័ត​ព្រះសីហនុ​និង​JICA​ចុះ​MOU​ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​

04-06-2019 7:37 pm 797

​តំណាង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​តំណាង​អង្គការ JICA កាលពី​ថ្ងៃ​ទី​៤ មិថុនា បាន​ចុះ​អនុស្សរណៈ​រួមគ្នា ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ លើកកម្ពស់​ការអភិវឌ្ឍ​កំពង់ផែ និង​ភស្តុភា​កម្ម ក្នុងប្រទេស​កម្ពុជា ...

​លោក លូ គឹម ឈ​ន់ ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​លោក Shigenori OGAWA អគ្គនាយក​នៃ​នាយកដ្ឋាន​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ នៅ​ថ្ងៃ​ទី​៣ មិថុនា នា​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ JICA ចុះ​ថ្ងៃ​ទី​៤ មិថុនា បញ្ជាក់ថា អនុស្សរណៈ​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​ភាព​ជា​ដៃគូ រវាង​អង្គការ JICA និង​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​កំពង់ផែ និង​ភស្តុភា​កម្ម ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​នៃ​ប្រទេស​កម្ពុជា ។​

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​តែមួយ​គត់​នៅ​កម្ពុជា ហើយ​កំពង់ផែ​នេះ បាន​ដើរតួ​ជា​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម​សំខាន់ ក្នុង​ការចូលរួម​ដល់​ការអភិវឌ្ឍ​ប្រទេស ។ ចាប់ពី​ឆ្នាំ​១៩៩៩​មក អង្គការ JICA បាន​ផ្តល់​កម្ចី​ហិរញ្ញប្បទាន ហិរញ្ញប្បទាន​ឥត​សំណង កិច្ចសហប្រតិបត្តិការ​បច្ចេកទេស និង​បន្ត​ផ្តល់​ការគាំទ្រ​នានា ដើម្បី​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ និង​ពង្រឹង​សមត្ថភាព​កំពង់ផែ ។​

​ផ្នែក​លើ​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​កម្ពុជា កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​ក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារ​កម្ម​ក្នុងស្រុក និង​តំបន់​យ៉ាងសំខាន់ ដែល​ក្នុងនោះ ចំនួន​កុងតឺន័រ​ឆ្លងកាត់​សរុប បាន​កើនឡើង​ពី​ចំនួន ២៩០.០០០ TEUs ក្នុង​ឆ្នាំ​២០១៣ ដល់ ៥៤០.០០០ TEUs ក្នុង​ឆ្នាំ​២០១៨ ។​

​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ នៃ​ប្រទេស​ជប៉ុន (JICA) នឹង​បន្ត​កិច្ចសហប្រតិបត្តិការ តាមរយៈ​ការផ្តល់​កម្ចី​ហិរញ្ញប្បទាន​សម្រាប់​គម្រោង «​អភិវឌ្ឍ​ចំណត​កុងតឺន័រ​ថ្មី របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​» និង​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង «​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ អគ្គិសនី​នៅ​កំពង់ផែ ដើម្បី​ធ្វើ​ទំនើបកម្ម​កំពង់ផែ » ។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា អង្គការ JICA ក៏​នឹង​ចូលរួម​លើកកម្ពស់​ពាណិជ្ជកម្ម ក្នុង​តំបន់​អាស៊ាន និង​តំបន់​ឥណ្ឌា​-​ប៉ាស៊ីហ្វិក តាមរយៈ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ជាមួយ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ៕

ព័ត៌មានផ្សេងទៀត