​លោក​ហ៊ុន សែន​​អរគុណ​ឡាវ​​ដែល​លក់​ថាមពល​អគ្គិសនី​​ឱ្យ​កម្ពុជា​​

04-06-2019 4:15 pm 1204
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុងជំនួប​ជាមួយ​លោក សន សៃ​ស៊ីផាន់ដន ឧបនាយករដ្ឋមន្ត្រី​ឡាវ នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​អរគុណ​ដល់​ភាគី​ឡាវ ដែល​ឆ្នាំនេះ បាន​លក់​ថាមពល​អគ្គិ​ស​នី​ឲ្យ​ប្រទេស​កម្ពុជា​បាន​ចំនួន ១៨​មេហ្គា​វ៉ាត់ ដែល​ថាមពល​អគ្គិសនី​នេះ កំពុងតែ​ប្រើប្រាស់​នៅ​ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ​។ 

​ជាមួយគ្នា​នោះ​លោក ហ៊ុន សែន ក៏បាន​បញ្ជាក់ប្រាប់ មន្ត្រីជាន់ខ្ពស់​ឡាវ​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ឡាវ​គប្បី​ជំរុញឲ្យមាន​ការរីក​ចម្រើន​កាន់តែ​ធំ​ថែមទៀត ពិសេស​វិស័យ​ទេសចរណ៍ វិស័យ​វប្បធម៌ និង​វិស័យ​វិនិយោគ ក៏ដូចជា​វិស័យសេដ្ឋកិច្ច​។ លើសពីនេះ​លោក ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​-​ឡាវ គប្បី​ណា​លើកយក​វិស័យ​ថាមពល ជា​វិស័យ​អាទិភាព សម្រាប់​កិច្ចសហប្រតិបត្តិកា​ររ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ឡាវ​។ ទាក់ទង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​វិញ លោក ហ៊ុន សែន ថា គប្បី​ដាក់​បញ្ជូលទៅ​លើ​ផ្នែក ការទិញ​-​លក់ នៃ​វិស័យ​ថា​ម​អគ្គិសនី​ផងដែរ​។​

​កន្លងមក អាជ្ញាធរ​អគ្គិសនី​កម្ពុជា បានបញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន ថា ដោយសារ​កំណើន​ខ្ពស់​នៃ​ការវិនិយោគទុន​ពី​ក្នុង និង​ក្រៅប្រទេស ដោយសារ​ស្ថេរភាព​នយោបាយ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៨ ការ​បញ្ជុះ​ថ្លៃ​អគ្គិសនី​ចាប់ពី​ខែ​មករា អាកាសធាតុ​ក្ដៅ​ខ្លាំង និង​ការខ្វះខាត​ទឹក​ខុស​ប្រក្រតី ធ្វើឱ្យ​តម្រូវការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ​២០១៩ បាន​កើនឡើង​យ៉ាងគំហុក​លើសពី​ការរំពឹងទុក​។ អគ្គិសនី​កម្ពុជា​បន្តថា ការខ្វះខាត​ទឹក​នេះ​ធ្វើឱ្យ​សមត្ថភាព​ផ្គត់ផ្គង់​ចេញពី​ប្រភព​វា​រី​អគ្គិសនី​ថយចុះ មិនអាច​ធានា​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ពេញលេញ​ទូទាំងប្រទេស​ដល់​ចុង​រដូវប្រាំង​ដូច​សព្វដង​។​

​អគ្គិសនី​កម្ពុជា បាន​គូសបញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អគ្គិសនី​កម្ពុជា​បាន​ទំនាក់ទំនង​ប្រទេសជិតខាង​ឱ្យជួយ​បង្កើន​ការផ្គត់ផ្គង់​អគ្គិសនី​បន្ថែម​ដល់​កម្ពុជា​។ ប៉ុន្តែ​បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ការផ្គត់ផ្គង់​អគ្គិសនី​នៅមាន​កង្វះ​ថាមពល​ប្រមាណ​១៣% ដែល​តម្រូវឱ្យ​អគ្គិសនី​កម្ពុជា ធ្ចើការ​កាត់បន្ថយ​ការផ្គត់ផ្គង់​ខ្លះ​រហូត​រដូវវស្សា​មក​ដល់ ហើយ​ការផ្គត់ផ្គង់​នេះ​ធ្វើ​នៅពេល​ថ្ងៃ​តាម​កន្លែង​ឆ្លាស់គ្នា ដើម្បី​រក្សា​ការផ្គត់ផ្គង់​នៅ​ពេលយប់​៕

ព័ត៌មានផ្សេងទៀត