អាមេរិក​លក់​យន្តហោះ​ស៊ើប​ការណ៍​៣៤​គ្រឿង​ឲ្យ​សម្ព័ន្ធមិត្ត ដែលមាន​ជម្លោះ​ជាមួយ​ចិន​

04-06-2019 10:40 am 2028

​មន្ទី​រប​ច្ចុកោណ​អាមេរិក បានបញ្ជាក់​កាលពីពេល​ថ្មីៗ​នេះ​ថា នឹង​លក់​យន្តហោះ​ស៊ើបការណ៍​សំងាត់​គ្មាន​មនុស្ស​បើក ចំនួន​៣៤​គ្រឿង ឲ្យទៅ​ប្រទេ​សសម្ព័ន្ធមិត្ត​ចំនួន​៤ ដែល​កំពុង​ជាប់ជំពាក់​នៅក្នុង​ជម្លោះ​ដែនទឹក​រ៉ាំរ៉ៃ​ជាមួយ​ចិន​។ ប្រទេស​ទាំងនោះ រួមមាន វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​។ យន្តហោះ​ទាំង​៣៤​គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​Boeing នោះ មានតម្លៃ​ជា​ទឹកប្រាក់​ចំនួន​៤៧​លាន​ដុល្លារ​អាមេរិក​។​

​នៅ​ក្នុងនោះ អាមេរិក​នឹង​លក់​យន្តហោះ​គ្មាន​មនុស្ស​បើក​១២​គ្រឿង និង​គ្រឿង​បរិក្ខា​ផ្សេងៗ​ទៀត ដែល​មានតម្លៃ​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ​១៩​លាន​ដុល្លារ​ឲ្យទៅ​ប្រទេស​ម៉ាឡេស៊ី​។ ចំណែកឯ​វៀតណាម​ចំនួន​៦​គ្រឿង ហ្វីលីពីន​៨​គ្រឿង និង​ឥណ្ឌូនេស៊ី​៨​គ្រឿង​ដូចគ្នា​។ មន្ទី​រប​ច្ចុកោណ​បាន​និយាយថា រាប់ទាំង​ការលក់​ផ្នែក​គ្រឿងបន្លាស់ ផ្នែក​ជួសជុល​,​ឧបករណ៍​គាំទ្រ​, ការបណ្តុះបណ្តាល និង​សេវាកម្ម​បច្ចេកទេស និង​ផ្សេងៗ​ទៀត ត្រូវ​រំពឹងថា នឹង​បញ្ចប់​នៅត្រឹម​ខែ​មីនាឆ្នាំ ២០២២​។​

​សម្រាប់​អាមេរិក មួយផ្នែក​នៃ​ការលក់ដូរ​យន្តហោះ​នេះ គឺអាច និយាយបានថា វា​ស្របទៅតាម​កំណែទម្រង់​ថ្មី នៃ​គោលនយោបាយ​នាំ​អាវុធ​ចេញ ដែល​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​ដាក់ចេញ​កាលពី​ឆ្នាំ​២០១៨​។ គោលបំណង ដើម្បី​ពង្រីក​ការលក់​ទៅឲ្យ​សម្ព័ន្ធមិត្ត ជំរុញ​ឧស្សាហកម្ម​ការពារជាតិ​អាមេរិក និង​បង្កើត​ការងារ​ឲ្យ​ប្រជាជន​នៅ​ក្នុងស្រុក​។ គំនិត​ផ្តួចផ្តើម​នេះ ជួយ​សម្រួល​ដល់​ការនាំចេញ យន្តហោះ​គ្មាន​មនុស្ស​បើក ទៅកាន់​ប្រទេស​សម្ព័ន្ធមិត្ត​និង​ដៃគូ​ជាច្រើន​ផ្សេងទៀត​។​

​មួយផ្នែក​ទៀត ដើម្បី​គាំទ្រ​ដល់​សម្ព័ន្ធមិត្ត ទប់ស្កាត់​ការគំរាមកំហែង​នៅក្នុង​តំបន់​។ តួយ៉ាង​យន្តហោះ​ស៊ើបការណ៍​គ្មាន​មនុស្ស​បើក​ទាំងនេះ មាន​សមត្ថភាព​អាច​ប្រមូល​ព័ត៌មាន​សំងាត់​កាន់តែច្រើន ដែល​អាច​ទប់ស្កាត់​សកម្មភាព​របស់​ចិន​នៅក្នុង​តំបន់​។ ចិន​នៅតែ​រក្សា​ជំហរ​ទាមទារ​យក​ស្ទើរតែ​ទាំងអស់​នូវ​ដែនទឹក នៅ​សមុទ្រ​ចិន​ខាងត្បូង​ថា​ជា​របស់ខ្លួន​។ តែ​ប្រទេស​នៅក្នុង​តំបន់​នេះ រួមមាន ព្រុយ​ណេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និង​វៀតណាម មិន​ព្រម​ឡើយ ហើយក៏​ទាមទារ​យកមក​ធ្វើជា​កម្មសិទ្ធិ​ទៅតាម​តំបន់​ផ្សេងៗ​រៀងៗ​ខ្លួន​ដែរ​។ ចំណែក​អាមេរិក តែងតែ​រិះគន់​ចិន និង​យូរៗ​ម្តង បាន​បញ្ជា​នាវា​ធ្វើដំណើរ​ទៅកាន់​តំបន់​ជម្លោះ​នេះ ក្នុងនាម​សេរីភាព​នៃ​ការធ្វើ​នាវាចរ​៕ 


ព័ត៌មានផ្សេងទៀត